គណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP USA) អះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាកិច្ចសន្យាធានារបស់អន្តរជាតិលើអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី និងជាកិច្ចសន្យាសម្រាប់អ្នកនយោបាយខ្មែរប្រើដើម្បីបញ្ចប់ជម្លោះ ឬវិបត្តិនយោបាយផ្ទៃក្នុងរបស់កម្ពុជា។
ក្រុមនេះ កាលពីថ្ងៃទី២៣ ខែតុលា បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនដើម្បីចូលរួមអបអរខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដោយជំរុញឱ្យអ្នកនយោបាយខ្មែរបន្តប្រើកិច្ចព្រមព្រៀងអន្តរជាតិនេះ ក្នុងការរក្សាអធិបតេយ្យជាតិ បូរណភាពទឹកដី និងដើម្បីបញ្ចប់ជម្លោះនយោបាយផ្ទៃក្នុងជាតិរបស់ខ្លួនផងដែរ។
ប្រភពដដែលអះអាងថា កិច្ចព្រមព្រៀងនេះមិនបានចែងអំពីការអស់សុពលភាពនៃការចុះហត្ថលេខាទទួលស្គាល់ស្ដីពីកាតព្វកិច្ចរបស់ហត្ថលេខីទាំងអស់ ក្នុងការធានានូវអធិបតេយ្យជាតិ ឯករាជភាព បូរណភាពទឹកដី និងការអនុវត្តរបស់កម្ពុជាឱ្យស្របតាមរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្សនោះឡើយ។
គណបក្សប្រឆាំងប្រចាំសហរដ្ឋអាមេរិក (CNRP USA) អះអាងថា មិនមានលក្ខខណ្ឌណាមួយបញ្ជាក់ថា ភាគីទាំងអស់មានបំណងទទួលយកការបដិសេធលើសន្ធិសញ្ញា ឬអនុញ្ញាតឱ្យសមាជិកហត្ថលេខីណាម្នាក់បដិសេធការដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះទេ។ ជាងនេះទៀត ភាគីណាមួយក៏មិនអាចបដិសេធនូវអំណាច និងឥទ្ធិពលរបស់សន្ធិសញ្ញាអន្តរជាតិនេះបានឡើយ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (Paris Peace Accords) គឺជាកិច្ចព្រមព្រៀងមួយស្ដីពីដំណោះស្រាយនយោបាយដើម្បីបញ្ចប់ជម្លោះនៅកម្ពុជា ធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្នុងគោលបំណងឈានទៅរកការបង្រួបបង្រួមជាតិ គោរពសិទ្ធិមនុស្ស ឯករាជភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិកម្ពុជា ដែលនៅតែមានសុពលភាព ហើយប្រទេសហត្ថលេខីទាំងអស់មិនអាចបដិសេធទៅនឹងកាតព្វកិច្ចដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងនេះបានឡើយ។
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ការប្រារព្ធខួប ៣០ឆ្នាំនៃការបង្កើតឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីឆ្នាំ១៩៩១ ត្រូវបានចូលរួមអបអរសាទរពីរដ្ឋាភិបាលកម្ពុជា គណបក្សក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ទាំងក្នុងស្រុក និងនៅឯបរទេស ក្នុងនោះក៏មានការបញ្ចេញទស្សនៈខុសៗគ្នាផងដែរក្នុងខួបលើកទី ៣០ឆ្នាំនៃច្បាប់អន្តរជាតិនេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនក្នុងខួប ៣០ឆ្នាំនៃសន្ធិសញ្ញាអន្តរជាតិនេះថា នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនបានចែងទាល់តែសោះថា កម្ពុជានឹងនៅតែស្ថិតក្រោមអាណាព្យាបាលរបស់អន្តរជាតិបន្តទៀត បន្ទាប់ពីដំណាក់កាលបណ្ដោះអាសន្ន។ ពោល គឺបន្ទាប់ពីបេសកកម្មអ៊ុនតាក់ (UNTAC) ត្រូវបានបញ្ចប់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ កន្លងទៅ។
ប្រភពដដែលអះអាងថា ការចាកចេញរបស់អង្គការសហប្រជាជាតិពីកម្ពុជា ពួកគេមិនបានបញ្ចប់បេសកកម្មរបស់ខ្លួនឱ្យបានចប់សព្វគ្រប់នោះឡើយ ដែលបានបន្សល់នូវតំបន់ត្រួតត្រាមួយចំនួន និងរដ្ឋាភិបាលពីរ ប៉ុន្តែក្រោមការដឹកនាំរបស់បុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន បានដឹកនាំរកការរួបរួម និងបានកសាងនូវសន្តិភាពដែលធ្វើឱ្យកម្ពុជាស្មើមុខស្មើមាត់លើឆាកអន្តរជាតិដល់សព្វថ្ងៃនេះ។
ជុំវិញបញ្ហានេះ លោក ហ៊ុន សែន ធ្លាប់បានអះអាងកាលពីខែតុលា ឆ្នាំ២០១៩ ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា លែងមានសុពលភាពទៀតហើយ ព្រោះខ្លឹមសារនៃកិច្ចព្រមព្រៀងនេះបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ អស់ទៅហើយ ដូច្នេះកិច្ចព្រមព្រៀងនេះក៏លែងមានសុពលភាពលើកម្ពុជាតទៀតហើយ។
ទោះជាបែបនេះក្តី នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានលើកឡើងក្នុងថ្ងៃខួប ៣០ឆ្នាំនេះដែរថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ បានក្លាយជាច្បាប់អន្តរជាតិទៅហើយ ដូច្នេះច្បាប់នេះមិនស្លាប់ជារៀងរហូត ព្រោះជាកិច្ចព្រមព្រៀងដែលកម្ពុជា និងអន្តរជាតិត្រូវគោរពជាដាច់ខាត។ ហេតុនេះ សូមកម្ពុជាកុំព្យាយាមបំភ្លេចច្បាប់ដែលអាចធានាបាននូវអធិបតេយ្យភាពជាតិខ្លួនឲ្យសោះ។
ចំណែកអ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកក្នុងខួប ៣០ឆ្នាំនេះផងដែរថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាកិច្ចសន្យាដែលអាចបញ្ចប់សោកនាដកម្មបង្ហូរឈាមខ្មែរកាលពីមុននោះ និងទៅអនាគត ដែលនឹងនាំឲ្យមានសន្តិភាពឡើងវិញនៅកម្ពុជា និងធានាជាអន្តរជាតិក្នុងការទប់ស្កាត់កុំឲ្យមានការរំលោភសិទ្ធិមនុស្ស និងការរំលោភលើអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីសុវណ្ណភូមិរបស់ខ្មែរ។
ចំណែកប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបញ្ចេញទស្សនៈរបស់ខ្លួនថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកម្ពុជាដែលមានកម្រិតជាអន្តរជាតិ ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ បណ្តាប្រទេសមហាអំណាច ប្រទេសក្នុងតំបន់ និងជាពិសេសដោយមានការចូលរួមយល់ព្រមគាំទ្រពីភាគីខ្មែរគ្រប់និន្នាការផងដែរ។
លោក កឹម សុខា បញ្ជាក់ថា មនុស្សជំនាន់ផ្សេងគ្នាមាននិន្នាការផ្សេងគ្នា អាចឲ្យតម្លៃ ឬមិនឲ្យតម្លៃទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះផ្សេងៗពីគ្នាដែរ ប៉ុន្តែក្នុងនាមជាពលរដ្ឋខ្មែរ ត្រូវតែខិតខំដោយខ្លួនឯងរកការរួបរួមគ្នា ដើម្បីទាញយកផលប្រយោជន៍ពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នេះ ដើម្បីជាតិខ្មែរទាំងមូលបន្តទៀត។
លោកបន្តថា កិច្ចព្រមព្រៀងនេះអាចឱ្យពលរដ្ឋខ្មែរទាញយកផលប្រយោជន៍ជាច្រើន ទាំងផ្នែកហិរញ្ញវត្ថុ ការធានាការពារនូវអធិបតេយ្យភាព ឯករាជ្យជាតិ បូរណភាពទឹកដី និងដំណើរការប្រជាធិបតេយ្យសេរីពហុបក្សស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាថែមទៀត៕