អង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្សនៅកម្ពុជា បាននាំគ្នាធ្វើយុទ្ធនាការនៅសប្តាហ៍ទី១១ នេះ ស្នើសុំឱ្យអាជ្ញាធរកម្ពុជាដោះលែងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ខណៈក្រុមអ្នកឃ្លាំមើលលើកឡើងថា ការចាប់ខ្លួនសកម្មជនសង្គមនេះ នាំឲ្យមានក្តីបារម្ភជាខ្លាំងពីសហគមន៍អន្តរជាតិ។
អង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា បានធ្វើយុទ្ធនាការរបស់ខ្លួនលើបណ្ដាញសង្គមបន្តទៀតហើយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នេះ ដើម្បីសុំឱ្យមានការដោះលែងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលតែងតែធ្វើការបញ្ចេញមតិដើម្បីសិទ្ធិសេរីភាព លើសិទ្ធិគ្រូបង្រៀន សិទ្ធិកម្មករនិយោជិត និងលើកកម្ពស់សិទ្ធិមនុស្សនាពេលកន្លងមក។
អង្គការសមាគមទាំងនេះរួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បណ្ដាញយុវជនកម្ពុជា (CYN) មជ្ឈមណ្ឌលសិទ្ធិមនុស្ស និងការងារ ដែលហៅកាត់ថា សង់ត្រាល់ និងអង្គការសមាគមជាច្រើនផ្សេងទៀត។
ក្រុមអង្គការសមាគមអះអាងថា ការដឹកនាំសម្ដែងមតិរបស់លោក រ៉ុង ឈុន កន្លងមកមិនមែនដើម្បីប្រឆាំងទៅនឹងការអនុវត្តច្បាប់ណាមួយរបស់កម្ពុជានោះទេ គឺលោកដឹកនាំពលរដ្ឋធ្វើសកម្មភាពដើម្បីប្រយោជន៍សង្គមជាតិទាំងមូលប៉ុណ្ណោះ ប៉ុន្តែសកម្មជនសង្គមទាំងនោះត្រូវរងការចាប់ខ្លួនដាក់ពន្ធនាគារទាំងអយុត្តិធម៌ពីសំណាក់អាជ្ញាធរកម្ពុជាទៅវិញ។
ពួកគេទាមទារឱ្យអាជ្ញាធរកម្ពុជា ចូលរួមលើកទឹកចិត្តដល់សកម្មជន និងសកម្មភាពដែលជាប្រយោជន៍ដល់សង្គមជាតិគ្រប់រូបភាព ដើម្បីបណ្ដុះស្មារតីស្នេហាជាតិទៅដល់យុវជនជំនាន់ក្រោយ ជាជាងការបំភិតបំភ័យ និងការគំរាមចាប់ខ្លួនដូចពេលកន្លងមក ដែលធ្វើឱ្យសកម្មជននានារងការភ័យខ្លាច និងគំរាមកំហែងនូវសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋផងដែរ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនកាលពីខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ជុំវិញការធ្វើអត្ថាធិប្បាយទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ។ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសប្រធានសហជីពរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ និងត្រូវពិន័យជាទឹកប្រាក់ចំនួន ៤០០លានរៀលថែមទៀត។

អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ តុលា នេះថា ការចាប់ខ្លួនសកម្មជនសង្គមជាបន្តបន្ទាប់កន្លងមកនេះ គឺជាភស្តុតាងដែលមិនអាចប្រកែកបាន ដែលបង្ហាញឲ្យឃើញពីការរឹតត្បិតសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ ជាពិសេសសេរីភាពក្នុងការបញ្ចេញមតិដោយអហិង្សា។
លោក ស៊ឹង សែនករុណា អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាងាកទៅរកការអនុវត្តច្បាប់របស់ខ្លួនឲ្យស្របតាមគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឲ្យបានល្អប្រសើរឡើងវិញ ព្រោះថានៅពេលដែលកម្ពុជាអាចធានាបាននូវការការពារសិទ្ធិមនុស្សបានត្រឹមត្រូវហើយនោះ សហគមន៍អន្តរជាតិនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋតាមវិធីផ្សេងៗឡើងវិញជាមិនខាន ត្បិតការរឹតត្បិតសេដ្ឋកិច្ចរបស់ពួកគេកន្លងមក គឺក្នុងបំណងជំរុញឲ្យរដ្ឋាភិបាលបើកលំហសិទ្ធិសេរីដល់ពលរដ្ឋខ្មែរឲ្យបានទូលំទូលាយឡើងវិញតែប៉ុណ្ណោះ។
កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលមកពីគ្រប់ស្ថាប័ន បានអះអាងថា ពួកគេនឹងធ្វើយុទ្ធនាការស្នើសុំឲ្យដោះលែងសកម្មជនសង្គម មុននឹងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ២០២១ ចូលមកដល់ ខណៈសកម្មជនសង្គមជាច្រើនកំពុងរងការឃុំខ្លួនក្នុងពន្ធនាគារទាំងអយុត្តិធម៌ពីសំណាក់អាជ្ញាធរកម្ពុជាសព្វថ្ងៃនេះ។
រដ្ឋធម្មនុញ្ញមាត្រា៣១ ចែងថា កម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៨ មក៕