លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី

ជម្លោះដីធ្លី

ពលរដ្ឋ​គាំទ្រ​ចំណាត់ការ​របស់​អភិបាល​ថ្មី​ខេត្ត​កំពត​ដោះស្រាយ​វិវាទ​ដីធ្លី​បរិវេណ​អាង​ស្តុក​ទឹក​ដងទង់

By ឌឹ ខេមបូឌា ដេលី

October 27, 2021

ពលរដ្ឋ​រស់នៅ​ស្រុក​ដងទង់ ខេត្ត​កំពត សាទរ និង​ស្វាគមន៍​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី ដែល​បាន​រក​យុត្តិធម៌​លើ​ទំនាស់​ដីធ្លី​ពាក់ព័ន្ធ​មន្ត្រី​មួយ​ចំនួន​នៃ​រដ្ឋបាល​ខេត្ត​កំពត បាន​ឃុបឃិត​គ្នា​លក់​ដី​អាង​ទឹក​ដងទង់​ស្ងាត់ៗ​ដែល​នាំ​ឲ្យ​បាត់បង់​ប្រភព​ទឹក​ប្រើប្រាស់។

ក្រោយពី​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន ក្រៅពី​ជួប​សាធារណជន លោក​ក៏​បាន​បង្កើត​ឲ្យ​មាន​វេទិកា​សាធារណៈ​ដើម្បី​ជួប​ជាមួយ​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​ដងទង់ ដែល​ពលរដ្ឋ​មូលដ្ឋាន​នេះ​បាន​ចោទ​មន្ត្រី​មួយ​ចំនួន​ចាប់ពី​ថ្នាក់​មូលដ្ឋាន រហូត​ដល់​ក្បាល​ម៉ាស៊ីន​ដឹកនាំ​នៃ​រដ្ឋបាល​ខេត្ត​កំពត ថា​បាន​ឃុបឃិត​លួច​លក់​អាង​ស្តុក​ទឹក​ដងទង់​ស្ងាត់ៗ​ទៅ​ឲ្យ​ក្រុមហ៊ុន សេង សម្បត្តិ សម្រាប់​សង់​ផ្ទះល្វែង​លក់។

ថ្លែង​ក្នុង​វេទិកា​សាធារណៈ នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ពលរដ្ឋ​ស្រុក​ដងទង់ បាន​ចោទ​លោក វ៉ិត វឌ្ឍនា នាយក​រដ្ឋបាល​ខេត្ត​កំពត រួម​ជាមួយ​មន្ត្រី​មួយ​ចំនួន​ទៀត​រួម​មាន​លោក ចាន់ វណ្ណា ប្រធាន​មន្ទីរ​ធនធាន​ទឹក លោក ដាញ់ សារី ប្រធាន​មន្ទីរ​សុរិយោដី និង​លោក ប៉ិល កុសល អភិបាល​រង​ខេត្ត​កំពត ព្រមទាំង​មន្ត្រី​ភូមិ ឃុំ ស្រុក។

ពលរដ្ឋ​បាន​បញ្ជាក់​ទៀត​ថា លោក វ៉ិត វឌ្ឍនា ជា​មេខ្លោង​លួច​ធ្វើ​ប្លង់ និង​លក់​បរិវេណ​ដី​អាង​ទឹក​ដងទង់​មាន​ទំហំ​ផ្ទៃដី​ជាង ១២​ហិកតារ​ទៅ​ឲ្យ​ក្រុមហ៊ុន សេង សម្បត្តិ ទទួល​បាន​លុយ​រាប់​លាន​ដុល្លារ​យក​ទៅ​ចែក​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ត្រូវ​ជា​បក្ខពួក​ទាំង​បំពាន​ច្បាប់។

ពលរដ្ឋ​បាន​ស្នើ​ឲ្យ​លោក ម៉ៅ ធនិន ជួយ​បើក​ការ​ស៊ើបអង្កេត​ទៅលើ​សកម្មភាព​របស់​លោក វ៉ិត វឌ្ឍនា នាយក​រដ្ឋបាល​ខេត្ត​កំពត រួម​ជាមួយ​មន្ត្រី​មួយ​ចំនួន​ទៀត​ដែល​បាន​ប្រើ​អំណាច​ជា​អាជ្ញាធរ​គំរាម​ចាប់​ពលរដ្ឋ​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ដាក់​គុក​ទៀត​ផង។

ក្នុង​វេទិកា​សាធារណៈ​នោះ លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​ឲ្យ​តំណាង​ភាគី​ក្រុមហ៊ុន សេង សម្បត្តិ មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ និង​តំណាង​ពលរដ្ឋ​មាន​វិវាទ​ដីធ្លី ឡើង​មក​បកស្រាយ និង​បង្ហាញ​ឯកសារ​រៀងៗ​ខ្លួន។

ទោះ​យ៉ាងណា លោក ម៉ៅ ធនិន បាន​បញ្ជាក់​តាម​ផ្លូវច្បាប់​ថា ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​គ្របដណ្ដប់​លើ​បរិវេណ​ដី​អាង​ទឹក​ដងទង់​របស់​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​កំពត ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​កន្លងមក​នេះ គឺ​ធ្វើឡើង​ដោយ​ខុស​ច្បាប់។

ករណី​នេះ លោក ម៉ៅ ធនិន ព្រមាន​ថា​នឹង​បើក​ការ​ស៊ើបអង្កេត​ចំពោះ​មន្ត្រី​រូប​ណា​ដែល​ឃុបឃិត​គ្នា​លួច​ធ្វើ​ប្លង់​លក់​ដី​បរិវេណ​អាង​ស្តុក​ទឹក​ដងទង់​ខាងលើ​នេះ។

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ត្រូវ​កាសែត​ក្នុង​ស្រុក​ស្រង់​សម្ដី​មក​ចុះផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​ស្នើ​ដល់​មន្ត្រី​ក្រសួង​ស្ថាប័ន​ជំនាញ ត្រូវ​បើក​ការ​ស៊ើបអង្កេត ដើម្បី​ឈាន​ទៅ​នាំ​ខ្លួន​ជន​ពុករលួយ​ដែល​បំផ្លាញ​ធនធាន​ធម្មជាតិ​ទាំងនោះ​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព៕