37 C
Phnom Penh

មន្ត្រី​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​មួយ​រូប​រង​ការ​គំរាម​ពី​អាជ្ញាធរ​មូលដ្ឋាន​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ខេត្ត​បន្ទាយមានជ័យ រង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​ភូមិ ដោយ​ការ​គំរាម​ឱ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​បន្ត​ទៀត។

ប្រធាន​គណៈកម្មាធិការ​គណបក្ស​ស្រុក​ស្វាយចេក លោក សឿម សារឿម បាន​ទម្លាយ​នូវ​កិច្ចសន្យា​របស់​ខ្លួន​ដែល​ធ្វើឡើង​ក្រោម​ការ​គំរាមកំហែង​របស់​ប្រធាន​ភូមិ​នៃ​បក្ស​កាន់​អំណាច លោក ចេង ណេង នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ ដែល​ស្ថិត​នៅ​ភូមិ​ស្ទឹង ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។

ប្រភព​ដដែល​បាន​បង្ហាញ​កិច្ចសន្យា​របស់​ខ្លួន​ដែល​បាន​សរសេរ​ថា ខ្លួន​មាន​កំហុស​ឆ្គង​ទៅ​នឹង​ផ្លូវច្បាប់​ដែល​បាន​ចូលរួម​ប្រជុំ​ជាមួយ​សមាជិក​មូលដ្ឋាន​របស់​គណបក្ស​នេះ ដូច្នេះ​ចាប់ពី​ពេល​ចុះ​កិច្ចសន្យា​នេះ​ទៅ លោក​នឹង​មិន​ចូលរួម​ប្រជុំ​ទៀត​ទេ បើ​មាន​ការ​ចូលរួម​ប្រជុំ​ជាមួយ​គណបក្ស​នេះ​ទៀត លោក​នឹង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

កិច្ចសន្យា​នេះ ធ្វើ​ឡើង​ក្រោម​ការ​គំរាមកំហែង​របស់​មេភូមិ​បក្ស​កាន់​អំណាច បន្ទាប់ពី​សមាជិក​មូលដ្ឋាន​របស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បើក​កិច្ចប្រជុំ​របស់​ខ្លួន​នៅ​ក្នុង​ភូមិ​ស្ទឹង ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។

នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​បើក​កិច្ចប្រជុំ​ជួបជុំ​សមាជិក​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​រៀបចំ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ត្រៀម​ចូលរួម​បោះឆ្នោត​ឃុំ-សង្កាត់​ខាងមុខ​នេះ ប៉ុន្តែ​លោក សឿម សារឿម ដែល​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រចាំ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ត្រូវ​រង​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​ប្រធាន​ភូមិ​របស់​បក្ស​កាន់​អំណាច។

អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៦ តុលា នេះ​ថា ទង្វើ​របស់​ប្រធាន​ភូមិ​បក្ស​កាន់​អំណាច​រូប​នេះ គឺជា​ការ​រំលោភ និង​ជា​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សិទ្ធិ​នយោបាយ​របស់​ប្រជាពលរដ្ឋ។

លោក​អះអាង​ថា ការ​ធ្វើ​បែប​នេះ គឺជា​ការ​បំបាក់​ស្មារតី បំភិតបំភ័យ ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យខ្លាច ហើយ​មិន​ហ៊ាន​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ស្ដីពី​កាតព្វកិច្ច​របស់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច​សង្គម និង​នយោបាយ​របស់​ប្រទេស​ជាតិ។

លោក សៀវ វិសុទ្ធ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​មហាផ្ទៃ ពិនិត្យ​លើ​ទង្វើ​របស់​ប្រធាន​ភូមិ​ខាងលើ​ឱ្យ​បញ្ឈប់​ការ​គំរាមកំហែង​បន្ត​ទៀត និង​ជំរុញ​ឱ្យ​អាជ្ញាធរ​ភូមិ​រូប​នេះ​អនុវត្ត​ស្រប​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ឱ្យ​បាន​ត្រឹមត្រូវ ព្រោះ​ថា​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គឺជា​គណបក្ស​នយោបាយ​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ​ដោយ​ស្រប​ច្បាប់។

ជាង​នេះ​ទៀត លោក​អំពាវនាវ​ឱ្យ​ប្រធាន​ភូមិ លោក ចេង ណេង លុប​កិច្ចសន្យា​នេះ​ចោល ហើយ​សរសេរ​លិខិត​សុំទោស​ជា​សាធារណៈ​ចំពោះ​ទង្វើ​របស់​ខ្លួន ដែល​បាន​ធ្វើ​មក​លើ​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ស្រុក​ស្វាយចេក ហើយ​បញ្ឈប់​នូវ​ទង្វើ​រើសអើង និង​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​នេះ​តទៅទៀត។

គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ត្រូវ​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​កាលពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២០ កន្លងទៅ និង​ត្រូវ​បាន​អនុញ្ញាត​ដោយ​ក្រសួង​មហាផ្ទៃ ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​ចាប់ពី​ក្រសួង​បាន​ចុះហត្ថលេខា​ទទួលស្គាល់​ជា​ផ្លូវការ​នេះ​តទៅ។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្តី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស