41.3 C
Phnom Penh

ក្រុមហ៊ុន​ទូរទស្សន៍​របស់​លោក គិត ម៉េង រង​ការ​ចោទ​ថា​បណ្តេញ​បុគ្គលិក​២២​នាក់​ដោយ​មិន​ផ្តល់​ប្រាក់​អត្ថប្រយោជន៍​ការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​បុគ្គលិក ២២​នាក់​បម្រើ​ការងារ​នៅ​ស្ថានីយ​ទូរទស្សន៍ CNC នៃ​ក្រុមហ៊ុន CBS ដែល​ត្រូវ​ក្រុមហ៊ុន​នេះ​បណ្តេញ​ចេញពី​ការងារ បាន​ចោទ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​នេះ​ថា​មិន​បាន​ផ្តល់​ប្រាក់​អត្ថប្រយោជន៍​ការងារ​ឲ្យ​ស្រប​តាម​ច្បាប់​នោះ​ទេ។

ក្រុម​បុគ្គលិក​ទាំងនោះ​កំពុង​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អ្នក​ច្បាប់ ជាពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ជួយ​អន្តរាគមន៍​ចំពោះ​ករណី​រំលោភ​ច្បាប់​ការងារ​នេះ។

បុគ្គលិក​ស្នើ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily តាម Messenger Facebook នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា បុគ្គលិក​ក្រុមហ៊ុន CBS ចំនួន ២២​នាក់​ត្រូវ​បាន​បណ្ដេញ​ពី​ការងារ គឺ​ត្រូវ​ភាគី​ក្រុមហ៊ុន​លើក​ហេតុផល​កាត់បន្ថយ​ការ​ចំណាយ ដោយសារតែ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ដែល​ទាមទារ​ត្រូវ​កាត់បន្ថយ​បុគ្គលិក​តាម​ផ្នែក​ខ្លះ​នៃ​ក្រុមហ៊ុន CBS។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ការ​បណ្ដេញ​បុគ្គលិក​ដោយ​មិន​មាន​កំហុស​ទាំងនេះ ស្នើ​ឲ្យ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន CBS ត្រូវ​ផ្តល់​ប្រាក់សំណង​ជូន​បុគ្គលិក​ដែល​ត្រូវ​បណ្តេញ​ចេញ​ទាំងនោះ​ឲ្យ​ស្រប​តាម​ច្បាប់​ការងារ ឬ​កិច្ចសន្យា​ការងារ​មិន​កំណត់​ថេរវេលា​រវាង​បុគ្គលិក​ជាមួយ​ក្រុមហ៊ុន​ឲ្យ​បាន​ត្រឹមត្រូវ។

ចំណែក​ឯ​ភាគី​ក្រុមហ៊ុន CBS ផ្ដល់​ត្រឹមតែ​ប្រាក់​អតីតភាព ៣​ឆ្នាំ​ចុងក្រោយ ប្រាក់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ (គិត​តែ​មួយ​ឆ្នាំ​ចុងក្រោយ) ប្រាក់បំណាច់​ជួស​ការ​ជូនដំណឹង និង​ប្រាក់ខែ​ចុងក្រោយ​តែប៉ុណ្ណោះ។

ក្រុម​បុគ្គលិក​នៃ​ក្រុមហ៊ុន CBS ទទូច​ដល់​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​នេះ​ផ្តល់​ប្រាក់​អត្ថប្រយោជន៍​ការងារ​ជូន​ពួកគាត់​ឲ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​ការងារ​ចំនួន ៤​ចំណុច រួម​មាន ប្រាក់​ជំនួស​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​តាម​អតីតភាព​ការងារ ចាប់តាំង​ពី​ធ្វើការ​បាន ១​ឆ្នាំ​ដំបូង។

ពួកគេ​ក៏​បាន​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​អតីតភាព ១៥​ថ្ងៃ​ក្នុង​១​ឆ្នាំ ទៅ​តាម​អតីតភាព​ការងារ និង​ទាមទារ​ឱ្យ​ផ្តល់​ប្រាក់សំណង​ជំងឺចិត្ត​តាម​មាត្រា​៩១ នៃ​ច្បាប់​ការងារ ហើយ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​បន្ទាប់បន្សំ​សម្រាប់​បុគ្គលិក​ផង​ដែរ។

ក្រុម​អតីត​បុគ្គលិក​បម្រើ​ការងារ​នៅ​ទូរទស្សន៍ CNC នៃ​ក្រុមហ៊ុន CBS បាន​សំណូមពរ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន CBS ចំពោះ​ករណី​បញ្ឈប់​បុគ្គលិក​ដោយ​មិន​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​នានា​តាម​ច្បាប់​កំណត់​នេះ។

បុគ្គលិក​ចំនួន ២២​នាក់​ដែល​ត្រូវ​ក្រុមហ៊ុន CBS បណ្តេញ​ចេញពី​ការងារ មាន​បុគ្គលិក​ខ្លះ​មាន​អតីតភាព​ការងារ​ចន្លោះ​ពី ១០​ខែ​រហូត​ដល់​ជាង ១៩​ឆ្នាំ។

ទោះ​ជា​បែប​នេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​មាន​ប្រភព​ទាក់ទង​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន CBS ដើម្បី​បំភ្លឺ​ជុំវិញ​ការ​បណ្តេញ​បុគ្គលិក​ចេញពី​ការងារ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស