លោក ហ៊ុន សែន បង្ហាញពីការគោរព និងថ្វាយព្រះពរដល់ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តម សីហមុនី មុនថ្ងៃខួបលើកទី១៧ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះអង្គ ដើម្បីអាចបំពេញព្រះរាជតួនាទីសម្រាប់ជាតិកម្ពុជា ប៉ុន្តែពលរដ្ឋខ្មែរជំរុញឱ្យមេបក្សកាន់អំណាចរូបនេះផ្តល់ព្រះតួនាទីដល់ព្រះអង្គឱ្យបានពេញលេញដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញលិខិតថ្វាយព្រះពរដល់ព្រះមហាក្សត្រខ្មែរដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែតុលា នេះថា រដ្ឋាភិបាលកម្ពុជា និងមន្ត្រីរាជការទាំងអស់ សូមថ្វាយព្រះពរឱ្យព្រះអង្គមានព្រះរាជសុខភាពបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់បំពេញព្រះរាជតួនាទីសម្រាប់ទឹកដី និងដើម្បីប្រជារាស្ត្ររបស់ព្រះអង្គបន្តទៀត។
មេដឹកនាំដែលឧស្សាហ៍រំលោភព្រះមហាក្សត្រខ្មែររូបនេះបានបួងសួងដល់បុណ្យបារមីនៃវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធសម្តេចព្រះនរោត្តម សីហនុ ដែលជាព្រះបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សូមជួយថែរក្សាសម្តេចព្រះបាទ នរោត្តម សីហមុនី ឱ្យព្រះអង្គមានព្រះកាយពលមាំមួន និងព្រះរាជសុខភាពល្អជានិរន្ត។
លោក ហ៊ុន សែន អះអាងថា ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តម សីហមុនី គឺជាព្រះមហាក្សត្រដែលប្រកបដោយទសពិធរាជធម៌ចំពោះជាតិមាតុភូមិ និងប្រជានុរាស្ត្រយ៉ាងខ្លាំង ក្នុងនោះព្រះអង្គបានប្រោសប្រទាននូវសកម្មភាពមនុស្សធម៌ជាច្រើនក្នុងការជួយសង្គ្រោះអាយុជីវិតប្រជានុរាស្ត្រខ្មែរពីគ្រោះមហន្តរាយនានា ជាពិសេសក្នុងវិបត្តិនៃជំងឺ Covid-19 នេះជាដើម។
ពិធីខួបលើកទី១៧ ព្រះវស្សានៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរសម្តេចព្រះនរោត្តម សីហមុនី ប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ដែលត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាឯកច្ឆន្ទក្នុងសំឡេង ៩លើ៩ ដើម្បីឱ្យព្រះអង្គឡើងសោយរាជ្យជាព្រះមហាក្សត្រខ្មែរបន្តពីព្រះបិតា ព្រះបាទនរោត្តម សីហនុ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ កន្លងទៅ។
បើទោះបីជាមេដឹកនាំបក្សកាន់អំណាចសម្ដែងការគោរពដល់ព្រះមហាក្សត្រក្នុងថ្ងៃខួបនេះក៏ដោយ ក៏នៅតែមានការរិះគន់ពីទង្វើរបស់លោក ហ៊ុន សែន កន្លងមក ដែលតែងរំលោភលើព្រះរាជតួនាទីរបស់ព្រះមហាក្សត្រជាញឹកញាប់ ដោយការកែប្រែរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលបានកម្រិតព្រះរាជតួនាទីរបស់ព្រះអង្គឱ្យស្ថិតនៅក្រោមឥទ្ធិពលអំណាចរបស់ខ្លួនរហូតមក។
ក្រុមអ្នកសង្កេតការណ៍រិះគន់ថា ស្ថាប័នព្រះមហាក្សត្រខ្មែរពិតមែនតែត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ប៉ុន្តែច្បាប់កំពូលនេះត្រូវបានរំលោភជាញឹកញាប់ដោយមេបក្សកាន់អំណាចដែលលើកបន្តុបដោយវៀតណាម រហូតឈ្លានពានដល់ស្ថាប័នព្រះមហាក្សត្រថែមទៀត ក្នុងនោះលោក ហ៊ុន សែន តែងបង្ខំឱ្យព្រះអង្គចេញព្រះរាជក្រឹត្យតែងតាំងដំឡើងឋានៈដល់បក្ខពួកខ្លួនឯង និងបង្ខំឱ្យទ្រង់ឡាយព្រះហស្តលេខាលើច្បាប់ដែលបង្កើតឡើងដើម្បីការពារអំណាចខ្លួនឯងជាបន្តបន្ទាប់។
កាលពីឆ្នាំ២០០៥ លោក ហ៊ុន សែន ក៏ធ្លាប់បានគំរាមរំលាយរបបរាជានិយម ហើយដាក់ជំនួសមកវិញនូវរបបសាធារណរដ្ឋផងដែរ ប្រសិនបើសម្ដេចព្រះនរោត្តម សីហនុ មិនព្រមឡាយព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ស្ដីពីព្រំដែនកម្ពុជា-វៀតណាម ដើម្បីឱ្យបក្សកាន់អំណាចអាចចុះកិច្ចព្រមព្រៀងខុសច្បាប់នានាជាមួយរដ្ឋាភិបាលវៀតណាម បានបន្តទៀតទេនោះ។
ជុំវិញការប្រើអំណាចរំលោភលើព្រះមហាក្សត្រខ្មែរនេះ អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ក៏ធ្លាប់ប្រមាថព្រះមហាក្សត្រសព្វថ្ងៃនេះយ៉ាងធ្ងន់ៗដែរថា ព្រះអង្គគ្រាន់តែជាស្តេចទីងមោងតែប៉ុណ្ណោះ ពីព្រោះព្រះអង្គធ្វើអ្វីៗតាមតែបញ្ជាលោក ហ៊ុន សែន ទាំងអស់ ដើម្បីសម្ងំយកសុខសម្រាប់តែអង្គឯងដូចជាសត្វសេកក្នុងទ្រុងមាសរបស់លោក ហ៊ុន សែន។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ កាលពីចុងខែធ្នូ ឆ្នាំ២០២០ ធ្លាប់បានលើកឡើងថា ប្រជារាស្ត្រខ្មែរទាំងអស់គ្នាមិនត្រូវទិតៀនប្រមាថព្រះមហាក្សត្រទេ ប៉ុន្តែត្រូវជួយទាមទារមធ្យោបាយផ្សេងៗដើម្បីឲ្យព្រះអង្គអាចបំពេញព្រះរាជកិច្ចជូនជាតិឲ្យបានពេញលេញ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញវិញ នោះទើបជាការប្រសើរ។
អ្នកវិភាគរូបនេះព្រមានថា ការប្រមាថព្រះមហាក្សត្រ ឬបង្ខំឱ្យព្រះអង្គធ្វើអ្វីៗតាមអំណាចរបស់ខ្លួននោះ មិនត្រឹមតែប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់ព្រះមហាក្សត្រដែលការពារដោយរដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ តែផ្ទុយទៅវិញ បែរជាបង្ហាញពីទង្វើរបស់អ្នកទាំងនោះឱ្យកាន់តែច្បាស់ថា ពួកគេកំពុងរំលោភរដ្ឋធម្មនុញ្ញកម្ពុជាយ៉ាងធ្ងន់ធ្ងរ៕