នៅថ្ងៃទី២៨ តុលា គឺជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ានដែលមានរយៈពេល ៣ថ្ងៃជាមួយប្រទេសជាដៃគូ មានដូចជាអាមេរិក ចិន អូស្ត្រាលី ជប៉ុន រុស្ស៊ី និងឥណ្ឌា ហើយកិច្ចប្រជុំនេះធ្វើឡើងតាម Video-online។
កិច្ចប្រជុំដាច់ដោយឡែករវាងមេដឹកនាំអាស៊ានដែលមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ផ្ដោតសំខាន់អំពីបញ្ហាជម្លោះដែនសមុទ្រ បញ្ហាប្រជាធិបតេយ្យក្នុងតំបន់ បញ្ហាកោះតៃវ៉ាន់ និងបញ្ហាជំងឺកូវីដ-១៩ ក៏មេដឹកនាំអាមេរិកលើកឡើងផងដែរ។ នេះបើតាមការចេញផ្សាយដោយបណ្ដាញផ្សាយព័ត៌មានសិង្ហបុរី CNA នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា។
ពីទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាក់ប្រាប់ទៅមេដឹកនាំប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ថា សហរដ្ឋអាមេរិកប្រកាន់ជំហរឈរនៅជាមួយតំបន់នេះ ដើម្បីការពារសេរីភាពដែនសមុទ្រ និងលទ្ធិប្រជាធិបតេយ្យ ខណៈលោកបានហៅសកម្មភាពចិន ចំពោះកោះតៃវ៉ាន់ថាជាការបង្ខិតបង្ខំ និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព។
លោក ចូ បៃដិន បានបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្តដ៏រឹងមាំចំពោះកោះតៃវ៉ាន់ ដែលលោកថាអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំង។
ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលនាយករដ្ឋមន្ត្រីចិន លោក Li Keqiang ត្រូវចូលរួមដែរនោះ លោក ចូ បៃដិន បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន នឹងចាប់ផ្តើមពិភាក្សាជាមួយដៃគូនានានៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អំពីការអភិវឌ្ឍឡើងនូវក្របខ័ណ្ឌសេដ្ឋកិច្ចថ្នាក់តំបន់មួយ ដែលកន្លងមកមានការរិះគន់ថា អាមេរិកមានការខ្វះចន្លោះនៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួន។
តំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេមើលឃើញថា បានក្លាយជាសមរភូមិយុទ្ធសាស្ត្រមួយរវាងសហរដ្ឋអាមេរិក និងចិន ដោយសារតែបញ្ហាជម្លោះនៃតំបន់សមុទ្រចិនខាងត្បូង ដែលចិនព្យាយាមកាន់កាប់ទាំងស្រុង ហើយជាមួយគ្នានេះ ទីក្រុងប៉េកាំងកំពុងបង្កើនទាំងសកម្មភាពយោធា និងនយោបាយគាបសង្កត់កោះតៃវ៉ាន់កាន់តែខ្លាំង។ លោកប្រធានាធិបតីអាមេរិក បានរំឭកថា ការប្ដេជ្ញាចិត្តរបស់អាមេរិកទៅលើកោះតៃវ៉ាន់ គឺរឹងដូចថ្ម ទោះជាតៃវ៉ាន់រងការគំរាមយ៉ាងណាក៏ដោយ។
កាលពីសប្តាហ៍មុននេះ លោក ចូ បៃដិន បានបង្ហាញជំហរការពារកោះតៃវ៉ាន់ដោយបើកចំហនៅក្នុងករណីដែលមានការវាយប្រហារណាមួយពីប្រទេសចិន។
លោក Biden បានសង្កត់ធ្ងន់ថា ភាពជាដៃគូគឺមានសារសំខាន់ក្នុងការរក្សាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខជាច្រើនទសវត្សរ៍មកហើយ។ ចំណែកសហរដ្ឋអាមេរិកគាំទ្រយ៉ាងមុតមាំចំពោះទស្សនវិស័យអាស៊ាន និងឥណ្ឌូ-ប៉ាស៊ីហ្វិក តាមគោលការណ៍ឥណ្ឌូ-ប៉ាស៊ីហ្វិក និងតាមច្បាប់តំបន់។
កិច្ចប្រជុំកំពូលឆ្នាំនេះរៀបចំដោយប្រទេសព្រុយណេ ដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២១។ សមាជិកផ្សេងទៀតរបស់អាស៊ាន គឺកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ប៉ុន្តែសម្រាប់ប្រទេសភូមា មិនត្រូវបានអនុញ្ញាតឱ្យចូលប្រជុំនោះទេ ព្រោះតែប្រទេសនេះធ្លាក់ក្នុងការគ្រប់គ្រងរបស់ពួកយោធាដែលបានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ កន្លងមកនេះ។
អាស៊ានបានហាមឃាត់មេដឹកនាំរបបយោធាឧត្តមសេនីយ៍ មីន អ៊ុងឡាំង ចូលរួមប្រជុំកំពូលនេះ ដោយសារមិនអនុវត្តផែនការដំណោះស្រាយដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៤ មេសា ក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ាន ១០ប្រទេស ដោយមានវត្តមានលោក មីន អ៊ុងឡាំង។ លោកប្រធានាធិបតីអាមេរិក បានថ្កោលទោសរបបសឹកភូមា ដោយសរសើរអាស៊ានដែលមានវិធានការលើពួកយោធាភូមា។
តាមលោកប្រធានាធិបតីអាមេរិក ពិភពលោក និងតំបន់អាស៊ាន ត្រូវចាត់ទុកសោកនាដកម្មកើតនៅប្រទេសភូមា គឺដោយសារតែពួកយោធាធ្វើរដ្ឋប្រហារ ដែលជាដើមហេតុនៃការបំផ្លាញស្ថិរភាពតំបន់។ លោកបានអំពាវនាវឱ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់ ហើយស្ដារប្រជាធិបតេយ្យឡើងវិញ។
លោក Biden បានបញ្ជាក់អំពីសារសំខាន់របស់អាស៊ាន ដោយបានហៅទំនាក់ទំនងអាមេរិកជាមួយអាស៊ាន ថាជាមូលដ្ឋានគ្រឹះក្នុងការរក្សាភាពរុងរឿង និងសន្តិសុខរួមនៅក្នុងតំបន់។
នៅពេលជាមួយគ្នានេះ លោក Joe Biden ក្នុងនាមប្រធានាធិបតីអាមេរិក បានប្រកាសផែនការផ្តល់ប្រាក់រហូតដល់ ១០២លានដុល្លារដល់ប្រទេសនៃសមាគមអាស៊ាន ក្នុងគម្រោងពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិក។
ជាការកត់សម្គាល់ គឺក្រោយពីការលើកឡើងរបស់លោក ចូ បៃដិន ទៅកាន់បណ្តាមេដឹកនាំប្រទេសអាស៊ាន និងការវាយប្រហារត្រង់ៗទៅលើប្រទេសចិន គឺនាយករដ្ឋមន្ត្រីចិន Li Keqiang បានថ្លែងទទូចឲ្យមេដឹកនាំអាស៊ាន ត្រូវនាំគ្នាលើកតម្កើងសន្តិភាព ស្ថិរភាព សេរីភាពនាវាចរណ៍ និងការហោះហើរនៅសមុទ្រចិនខាងត្បូង ដែលលោកថាជាអត្ថប្រយោជន៍របស់ទាំងអស់គ្នា ហើយសមុទ្រចិនខាងត្បូង ប្រៀបដូចផ្ទះមួយរួមគ្នា។
ទោះជាបែបនេះក្ដី អ្នកសង្កេតការណ៍មើលមិនឃើញថា មេដឹកនាំអាស៊ានសាទរនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីចិននោះទេ ព្រោះមេដឹកនាំចិនតែងតែលើកឡើងបែបនេះ ខណៈនាវារបស់ចិនជាច្រើនគ្រឿងត្រូវបានចោទថា បានចូលដែនទឹករបស់ប្រទេសមួយចំនួនដែលជាសមាជិកអាស៊ាន។
ជាក់ស្ដែងនៅពេលនេះ ប្រទេសហ្វីលីពីន កំពុងតែដាក់ពាក្យតវ៉ាការទូតនៅឡើយទេ ដោយទាមទារឱ្យចិន ដកនាវា និងបញ្ឈប់ការបំពានដែនទឹករបស់ហ្វីលីពីន។ ចិន នៅតែអះអាងថាក្រុងប៉េកាំង ត្រូវតែមានសិទ្ធិកាន់កាប់ដែនសមុទ្រនៅសមុទ្រចិនខាងត្បូង យ៉ាងតិចជិត ៩០ភាគរយនៃផ្ទៃក្រឡាសរុប ៣លានគីឡូម៉ែត្រក្រឡា និងមានកោះ២៥០៕