លំនៅឋានរបស់ពលរដ្ឋជាច្រើនខ្នងនៅតំបន់ទំនប់កប់ស្រូវ តាមផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ឬមហាវិថីវិមានឈ្នះៗក្នុងភូមិចែងម៉ែង និងភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវអាជ្ញាធរប្រើគ្រឿងចក្រកម្ទេចដោយគ្មានសំណង និងចាប់ម្ចាស់ផ្ទះឃុំខ្លួនថែមទៀត ខណៈក្រុមអ្នកឃ្លាំមើលចាត់ទុកថាជាទង្វើដ៏ឃោរឃៅរបស់អាជ្ញាធរកម្ពុជាក្នុងសង្គមប្រជាធិបតេយ្យ។
ពលរដ្ឋរងគ្រោះបានថតវីដេអូផ្ទះរបស់ខ្លួនដែលសមត្ថកិច្ចបានវាយកម្ទេចចោលកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយរៀបរាប់ថា សមត្ថកិច្ចបានយកគ្រឿងចក្រមកបញ្ឈររង់ចាំធ្វើសកម្មភាពតាំងពីពេលល្ងាច លុះព្រឹកឡើងប្រហែលម៉ោង ៣ទៀបភ្លឺនៅថ្ងៃទី២៧ ខែតុលា សមត្ថកិច្ចក៏បានធ្វើសកម្មភាពវាយកម្ទេចផ្ទះរបស់ពួកគាត់តែម្តង។ ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋស្លូតត្រង់ដែលរងគ្រោះទាំងនោះបានត្រឹមតែស្រែកយំ និងនាំគ្នាអង្វរអាជ្ញាធរទាំងនោះតែប៉ុណ្ណោះ ហើយទីបំផុត ផ្ទះរបស់ពួកគាត់ត្រូវបានវាយកម្ទេចរាបដល់ដីដដែល។
ប្រភពដដែលបានលើកឡើងថា ក្រោយអាជ្ញាធរទាំងនោះវាយកម្ទេចផ្ទះរបស់ពួកគាត់រួចហើយ សមត្ថកិច្ចក៏បាននាំគ្នាចាប់សមាជិកប្រុសៗ និងអ្នកដែលបានថតសកម្មភាពរបស់ពួកគេទៅឃុំទុក និងបានប្លន់យកគ្រឿងអលង្ការរបស់ពលរដ្ឋទាំងនោះគ្មានសល់ថែមទៀត ខណៈលុយកាក់ដែលមាននៅក្នុងផ្ទះ ក៏ត្រូវបានអាជ្ញាធរមិនឱ្យម្ចាស់ផ្ទះចូលទៅយកថែមទៀត។ ជាងនេះទៅទៀត អ្នកសារព័ត៌មានក៏ត្រូវបានអាជ្ញាធររារាំងមិនឱ្យចូលទៅផ្សព្វផ្សាយ ហើយផ្លូវឆ្លងកាត់ទៅកាន់តំបន់នោះក៏ត្រូវបានអាជ្ញាធរបិទចរាចរណ៍ទាំងស្រុងតែម្តង។
ពលរដ្ឋរងគ្រោះលើកឡើងថា ពួកគេចំណាយពេលវេលាស្ទើរតែកន្លះជីវិតទៅហើយទម្រាំតែអាចឈរដល់ចំណុចនេះ ប៉ុន្តែទ្រព្យសម្បត្តិដីធ្លីត្រូវរលាយសាបសូន្យទៅវិញដោយសារតែអំពើពុករលួយ និងភាពសាហាវយង់ឃ្នងរបស់អ្នកមានអំណាច ទោះជាដីរបស់ពួកគាត់មានប្លង់រឹងបញ្ជាក់កម្មសិទ្ធិស្របច្បាប់កាន់កាប់អចលនទ្រព្យនោះគ្រប់គ្រាន់ និងមានច្បាប់សាងសង់លំនៅឋានត្រឹមត្រូវក៏ដោយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៩ តុលា នេះថា ការអនុវត្តរបស់អាជ្ញាធរកម្ពុជាលើករណីនេះ គឺរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញានានាដែលចែងអំពីសិទ្ធិកាន់កាប់លំនៅឋានដោយស្របច្បាប់របស់ពលរដ្ឋ។
មន្ត្រីការពារសិទ្ធិមនុស្សរូបនេះអះអាងថា រដ្ឋាភិបាលគួរតែចាត់វិធានការច្បាប់ទៅលើជនទាំងឡាយណាដែលបានប្រព្រឹត្តនូវអំពើហិង្សា និងគំរាមយកទ្រព្យសម្បត្តិរបស់ពលរដ្ឋឲ្យខាងតែបាន ព្រោះថាការដឹកនាំ និងការគ្រប់គ្រងប្រទេសត្រូវតែធានាទៅលើការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ចៀសវាងនូវការប្រើអំពើហិង្សាលើពលរដ្ឋរបស់ខ្លួនជាដាច់ខាត។
លោក ស៊ឹង សែនករុណា ព្រមានថា ប្រសិនបើរដ្ឋាភិបាលនៅតែបណ្តែតបណ្តោយឱ្យធ្វើអំពើបែបនេះកើតឡើង ហើយមិនបានវែកមុខជនដៃដល់ និងអ្នកបញ្ជាពីក្រោយយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ទេនោះ ភាពអយុត្តិធម៌នេះច្បាស់ជានឹងកើតឡើងជាបន្តបន្ទាប់ទៅលើពលរដ្ឋបន្ថែមទៀតជាមិនខាន ខណៈពលរដ្ឋក៏នឹងអស់ជំនឿចិត្តលើការដឹកនាំរបស់រដ្ឋាភិបាលកាន់តែច្រើនទៅៗផងដែរ៕