38 C
Phnom Penh

មន្ត្រី​សាលាក្រុង​ថា​ទឹកជំនន់​តាម​សណ្ដ​ស្ទឹង​ព្រែកត្នោត​អាច​គ្រប់គ្រង​បាន​ទាំងស្រុង​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ថា ស្ថានភាព​ទឹកជំនន់​នៅ​តាម​សណ្ដ​ស្ទឹង​ព្រែកត្នោត ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង ខណៈ​ទឹក​ស្ទឹង​ព្រែកត្នោត បាន​ស្រក​ចុះ​វិញ​បណ្ដើរៗ​ហើយ។

លោក ម៉េត មាសភក្ដី អ្នក​នាំពាក្យ និង​ជា​អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​លោក​ថា តាមរយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​ទប់​ទំនប់​ការពារ​ទឹកជំនន់ និង​ជួសជុល​ទំនប់​បាក់​ធ្លាយ ធ្វើ​ឱ្យ​ស្ថានភាព​ទឹកជំនន់​នៅ​ភូមិសាស្ត្រ​ខណ្ឌ​ដង្កោ ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង។

លោក​បន្ថែម​ទៀត​ថា ទឹកជំនន់​នៅ​ពេលនេះ​នឹង​មិន​មាន​វិសាលភាព​លិចលង់​ទ្រព្យសម្បត្តិ និង​ពលរដ្ឋ​ទៀត​ឡើយ ប៉ុន្តែ​ផ្ទុយ​មកវិញ ទីតាំង​ដែល​បាន​លិច​ក៏​កំពុង​ស្រក​ទឹក​ជា​បណ្តើរៗ និង​ឈាន​ទៅ​ដំណើរការ​ជីវភាព​រស់នៅ​ធម្មតា​ឡើងវិញ​នា​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ។

ក្រសួង​ធនធាន​ទឹក បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២១ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​អាជ្ញាធរ​ពាក់ព័ន្ធ ព្រមទាំង​ក្រុម​មន្ត្រី​បច្ចេកទេស​ក្រសួង បាន​ត្រួតពិនិត្យ​នៅ​ចំណុច​ទំនប់​បាក់​លើ​ដីសណ្ដ​ស្ទឹង​ព្រែកត្នោត នៅ​តំបន់​ភូមិ​កន្ទុយទឹក នៅ​សង្កាត់​ទៀន ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

ក្នុង​បេសកកម្ម​នេះ គឺ​ក្រុម​ការងារ​បាន​ជីក​កាយ​ទប់​ដើម្បី​កាត់បន្ថយ​ការ​លិចលង់​រីក​រាលដាល​ដល់​ពលរដ្ឋ​បន្ថែម​ទៀត ដូចជា​ការ​រៀបចំ​បាវ​ខ្សាច់​ពី​ភាគ​ខាងលើ​សំណង់​ទំនប់-ផ្លូវទឹក​ចាស់ ដើម្បី​កាត់បន្ថយ​ចរន្ត​ទឹក​ហូរ​បុក​ខ្លាំង ជាដើម។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ផែនការ​ដំណាក់កាល​ទី​១ អនុវត្ត​បាន​ជោគជ័យ គឺ​បន្ថយ​ចរន្ត​ទឹក​ខ្លាំង​មិន​មាន​សកម្មភាព​បង្ក​ការ​ហូរ​បុក​បាក់​បន្ថែម​ទៀត​នោះ​ទេ។

ស្ថានភាព​ទឹកជំនន់​ដែល​បង្ក​ដោយ​ទឹកភ្លៀង​ក្នុង​ស្ទឹង​ព្រែកត្នោត ដែល​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​មក​នេះ គឺ​បាន​ធ្វើ​ឲ្យ​ទីតាំង​មួយ​ចំនួន​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជន់​លិច មាន​ដូចជា​សង្កាត់​គង់នយ សង្កាត់​សាក់សំពៅ នៃ​ខណ្ឌ​ដង្កោ និង​សង្កាត់​បឹងធំ សង្កាត់​ប្រទះឡាង នៃ​ខណ្ឌ​កំបូល ជាដើម។

ជំនន់​នេះ​ក៏​បណ្តាល​ឱ្យ​វត្តអារាម​ជិត ១០​វត្ត​ហើយ​ត្រូវ​បាន​លិច​ទាំងស្រុង រួម​មាន​វត្ត​សាក់សំពៅ វត្ត​ចំការខ្សាច់ វត្ត​ព្រែកជ្រៃ វត្ត​ហារាម វត្ត​ទឹកថ្លា និង​វត្ត​កំពុងក្តុល ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស