38.1 C
Phnom Penh

កម្ពុជា​ប្រកាស​បើក​ប្រទេស​ឡើងវិញ​ក្រោយ​ពី​ជួប​វិបត្តិ​ជំងឺ Covid-19 ជិត ២​ឆ្នាំ​មក​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​សម្រេច​បើក​ប្រទេស​ឡើងវិញ ហើយ​អនុញ្ញាត​ឱ្យ​រដ្ឋ និង​ឯកជន​អាច​ដំណើរការ​អាជីវកម្ម និង​ដំណើរការ​ការងារ​ជា​ធម្មតា ក្រោយ​ពី​រង​ការ​យាយី​ដោយ​ជំងឺ Covid-19 អស់​រយៈពេល​ប្រមាណ​ជិត ២​ឆ្នាំ​កន្លងទៅ​នេះ។

ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១ វិច្ឆិកា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ចាប់ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា នេះ​តទៅ រដ្ឋាភិបាល​សម្រេច​បើក​ប្រទេស​ឡើងវិញ ហើយ​ពលរដ្ឋ​ក៏​អាច​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​ដោយ​មិន​មាន​ជាប់​បម្រាម​អ្វី​ទៀត​ដែរ។ បើ​តាម​លោក ហ៊ុន សែន ការ​បើក​ប្រទេស​ឱ្យ​វិល​មក​រក​ប្រក្រតីភាព​ឡើងវិញ​នេះ មិន​មែន​តែ​កម្ពុជា​ទេ គឺ​មាន​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក​ក៏​បាន​អនុវត្ត​ដូច​កម្ពុជា​ដែរ។

លោក​បន្ត​ថា៖ «នៅ​លើ​សកលលោក គេ​ក៏​ចាប់ផ្តើម​ធ្វើ​ដែរ ដូចជា​នៅ​ប្រទេស​បារាំង និង​អង់គ្លេស ជាដើម ប៉ុន្តែ​កម្ពុជា​មិន​ត្រូវ​ខ្លាច​ជ្រុល​ពេក ឬ​ហ៊ាន​ជ្រុល​ពេក​នោះ​ដែរ»

លោក ហ៊ុន សែន អះអាង​ថា ក្នុង​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ជាប់​ដៃ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​សកល​នេះ វិស័យ​មួយ​ចំនួន ជាពិសេស​វិស័យ​រោងចក្រ​កាត់ដេរ និង​កសិកម្ម​ជាដើម គឺ​កម្ពុជា​សម្រេច​លើស​ពី​ផែនការ​ដែល​ខ្លួន​គ្រោង​ទុក​ទៅ​ទៀត។

ក្រសួង​សុខាភិបាល បាន​ចេញ​របាយការណ៍​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា នេះ ដោយ​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​តុលា ប្រទេស​កម្ពុជា​រក​ឃើញ​អ្នក​ស្លាប់​ដោយសារ​ជំងឺ Covid-19 ថ្មី​ចំនួន ៦​នាក់ និង​មាន​អ្នក​ឆ្លង​ថ្មី ៩១​នាក់។ តួលេខ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ឆ្លង​ជំងឺ Covid-19 កើន​ឡើង​សរុប​ជាង ១១​ម៉ឺន​នាក់ ខណៈ​មាន​អ្នក​ស្លាប់​សរុប​ជិត ៣​ពាន់​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស