33 C
Phnom Penh

ពលរដ្ឋ​ជិត ២​ពាន់​គ្រួសារ​រង​ផល​ប៉ះពាល់​ពី​ជំនន់​ស្ទឹង​ព្រែកត្នោត​កាលពី​ពេល​ថ្មីៗ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ទឹកជំនន់​ស្ទឹង​ព្រែកត្នោត​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល កាលពី​សប្ដាហ៍​មុន​នេះ បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ប្រមាណ​ជាង ៣​ពាន់​គ្រួសារ​រង​ផល​ប៉ះពាល់ បើ​ទោះបីជា​ទឹកជំនន់​បាន​ស្រក​ហើយ​បន្តិច​ក៏ដោយ។

ជំនន់​ស្ទឹង​ព្រែកត្នោត​ដែល​ហក់​ឡើង​ដល់​ចំណុច​កំពូល​អតិបរមា ៦,៥៨​ម៉ែត្រ កាលពី​ពេល​កន្លងទៅ បង្ក​គ្រោះ​ទឹកជំនន់​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខណ្ឌ​កំបូល និង​ខណ្ឌ​ដង្កោ ជាដើម ត្រូវ​បាន​អាជ្ញាធរ​រៀបចំ​ទំនប់​ទប់ស្កាត់​បាន​ជោគជ័យ​ហើយ ខណៈ​ទឹកជំនន់​ចេះ​តែ​ស្រក​ចុះ​ជាលំដាប់ ប៉ុន្តែ​វិធី​ទប់ស្កាត់​ទឹកជំនន់​របស់​អាជ្ញាធរ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​មិនមែន​ជា​ដំណោះស្រាយ​បញ្ចៀស​ទឹកជំនន់​នោះ​ទេ គ្រាន់តែ​ជា​វិធានការ​បណ្ដោះអាសន្ន​មួយ​គ្រា​ប៉ុណ្ណោះ។

ស្ទឹង​ព្រែកត្នោត​ដែល​តែងតែ​បង្ក​ជា​គ្រោះ​ទឹកជំនន់​ជា​រៀងរាល់​ឆ្នាំ បាន​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​លំនៅឋាន​របស់​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រដូវវស្សា ខណៈ​អាជ្ញាធរ​នៅ​មិនទាន់​មាន​វិធានការ​ជាក់លាក់​ណា​មួយ​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​នៅឡើយ​ទេ។

កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២១ ជំនន់​ដែល​បង្ក​ឡើង​ដោយ​ទឹកភ្លៀង​ក្នុង​ស្ទឹង​ព្រែកត្នោត បាន​ស្ទុះ​ឡើង​រយៈពេល ១​សប្តាហ៍ ដែល​មាន​កម្ពស់​អតិបរមា ៦,៥៨​ម៉ែត្រ ក្នុង​កម្រិត​ប្រកាស​អាសន្ន ប៉ុន្តែ​ទឹកជំនន់​នេះ​បាន​ថយ​ចុះ​ទៅវិញ​កាលពី​ថ្ងៃ​ទី​២៨ ខែ​តុលា កន្លងទៅ​នេះ។ យ៉ាងណាក៏ដោយ ទឹកជំនន់​ស្ទឹង​ព្រែកត្នោត​នេះ​បាន​បង្ក​ការ​លិចលង់​ដល់​ខណ្ឌ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដូចជា​ខណ្ឌ​ដង្កោ និង​ខណ្ឌ​កំបូល ជាដើម។

ជុំវិញ​ជំនន់​ស្ទឹង​ព្រែកត្នោត​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​២៨ ខែ​តុលា កន្លងទៅ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​សាងសង់​ទំនប់ ប្រឡាយ​រំដោះ​ទឹក និង​អាង​ស្តុក​ទឹក​នៅ​ផ្នែក​ខាងលើ​នៃ​ស្ទឹង​ព្រែកត្នោត​នេះ​ឱ្យ​បាន​ដាច់ខាត។ ជាង​នេះ​ទៀត រដ្ឋ​ត្រូវតែ​ដាំ​ដើមឈើ​នៅ​តំបន់​ជំរាល​ខេត្ត​កំពង់ស្ពឺ ផង​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា ផ្នែក​ខាងក្រោម​នៃ​ស្ទឹង​ព្រែកត្នោត ដូចជា​ខណ្ឌ​ដង្កោ និង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល ត្រូវតែ​មាន​ផ្លូវ​រំដោះ​ទឹក​បន្ថែម​ទៀត។ លើស​ពី​នេះ រដ្ឋ​ត្រូវ​ផ្អាក​លុប​បឹង​នានា​ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​ក្នុង​ខណ្ឌ​ដង្កោ តែ​ម្តង ដើម្បី​ជា​មធ្យោបាយ​ជួយ​រំដោះ​ទឹកជំនន់​ក្នុង​រដូវវស្សា។

ស្ទឹង​ព្រែកត្នោត មាន​ប្រភព​មកពី​ភ្នំ​ឱរ៉ាល់ ហូរ​កាត់​តាម​ខេត្ត​កំពង់ស្ពឺ លាតសន្ធឹង​តាម​ព្រំប្រទល់​ខេត្ត​កណ្ដាល និង​រាជធានី​ភ្នំពេញ ត្រង់​ចំណុច​ខណ្ឌ​ដង្កោ ព្រម​ទាំង​ក្រុង​តាខ្មៅ មុន​នឹង​ហូរ​ចូល​ទៅ​ទន្លេ​បាសាក់។ ក្នុង​នោះ មួយ​ចំណែក​បាន​ហូរ​ចូល​ទៅ​ក្នុង​បឹងទំពុន និង​មួយ​ចំណែក​ទៀត បាន​ហូរ​តាម​ព្រែក​ហូរ​ធ្លាក់​ទៅ​ស្ទឹង​ក្របៅ បន្ទាប់មក​ក៏​ចូល​ទៅ​បឹង​ធំៗ មុន​នឹង​ហូរ​ចូល​ទៅ​ទន្លេ​បាសាក់ តាមរយៈ​ប្រឡាយ​តូចៗ ប៉ុន្តែ​បឹង​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន​នេះ ត្រូវ​បាន​លុប​ស្ទើរតែ​អស់​ទៅ​ហើយ ដូច្នេះ​ទើប​បង្ក​ទៅជា​ទឹកជំនន់​លិច​ទីក្រុង​ភ្នំពេញ​ដូច​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស