28 C
Phnom Penh

ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ដ​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​មេដឹកនាំ​កំពូលៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ច្បាប់​ស្ដីពី​ការ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​មេដឹកនាំ​កំពូលៗ ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​ចាប់ពី​ថ្ងៃ​នេះ​តទៅ។

ក្នុង​ព្រះរាជក្រម​ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះករុណា ព្រះបាទ សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដោយ​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​ស្ដីពី​ការ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​ថ្នាក់​ដឹកនាំ​ដែល​មាន​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ចាប់ពី​ថ្ងៃ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​តទៅ។

ច្បាប់​ធម្មនុញ្ញ​ស្ដីពី​វិសោធនកម្ម​មាត្រា​១៩​ថ្មី មាត្រា​៨២​ថ្មី មាត្រា​១០៦​ថ្មី (មួយ) មាត្រា​១១៩​ថ្មី និង​មាត្រា​១៣៧​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ និង​មាត្រា​៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ដោយ​កំណត់​ឲ្យ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ។

កាលពី​ថ្ងៃ​ទី​៦ ខែ​តុលា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ សិក្សា​រៀបចំ​ធ្វើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី «វិសោធនកម្ម​រដ្ឋធម្មនុញ្ញ» កំណត់​ឱ្យ​ថ្នាក់​ដឹកនាំ​ជាតិ​ដែល​កាន់​តួនាទី​ជា​នាយករដ្ឋមន្ត្រី ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ។

ការ​សម្រេច​នេះ ធ្វើឡើង​ភ្លាមៗ​ក្រោយ​ពេល​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ចោទប្រកាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ឃើញ​ការ​ចុះផ្សាយ​របស់​កាសែត​បរទេស The Guardian ថា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ទិញ​សញ្ជាតិ Cyprus ដែល​ជា​ដែន​កោះ​មួយ​នៅ​ក្នុង​តំបន់​អឺរ៉ុប៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស