លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​ញញួរ​អាស៊ាន​ដែល​ប្រគល់​មក​ឱ្យ​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២១។

នយោបាយ

ក្រុម​អ្នក​តស៊ូ​មតិ៖ លោក ហ៊ុន សែន នឹង​ប្រមូល​ផលប្រយោជន៍​នយោបាយ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន

By ឌឹ ខេមបូឌា ដេលី

November 05, 2021

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​រិះគន់​ថា លោក ហ៊ុន សែន នឹង​ប្រមូល​យក​ផលប្រយោជន៍​នយោបាយ​ក្នុង​នាម​ប្រធាន​អាស៊ាន​ប្ដូរ​វេន ដោយ​ប្រើ​ឈ្មោះ​កម្ពុជា​ដើម្បី​ឃោសនា​ចិត្តសាស្ត្រ​នយោបាយ​បំភ័ន្ត​ពលរដ្ឋ​ខ្មែរ បន្ត​អំណាច​ទៅ​មុខ​ទៀត​ជាមិនខាន ខណៈ​រដ្ឋាភិបាល​កម្ពុជា​តែង​អះអាង​ពី​ការ​ដឹកនាំ​ល្អ​របស់​ខ្លួន​ជានិច្ច​លើ​ឆាក​អន្តរជាតិ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា ដោយ​ចោទ​សួរ​ថា តើ​មេដឹកនាំ​នយោបាយ​ធំៗ​ដែល​តែង​អះអាង​អំពី​ការ​ចង់​បាន​ប្រជាធិបតេយ្យ គួរ​នាំគ្នា​ដឹកនាំ​អ្នកគាំទ្រ​របស់​ខ្លួន និង​មហាជន​តវ៉ា​រឿង​អ្វី​ខ្លះ ដើម្បី​ឱ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ?

លោក​រិះគន់​ថា ប្រសិនបើ​ធ្វើ​នយោបាយ​ប្រកួត​តតាំង​ជាមួយ​ជន​ផ្ដាច់ការ​នៅ​កម្ពុជា ហើយ​ខ្លាច​បាត់បង់​ជីវិត គួរ​កុំ​ធ្វើ​នយោបាយ​អី ព្រោះ​ថា​សូម្បី​ខ្លួនឯង​ជា​មេដឹកនាំ​ក៏​មិន​ហ៊ាន​តតាំង​ជាមួយ​បក្ស​កាន់​អំណាច​នោះ គឺ​ស្មើ​នឹង​ធ្វើ​នយោបាយ​កំដរ​អំណាច​ជន​ផ្ដាច់ការ​ប៉ុណ្ណោះ។

ដូច្នេះ មេដឹកនាំ​នយោបាយ​ទាំងនោះ​គួរតែ​នាំគ្នា​ដឹកនាំ​ពលរដ្ឋ និង​អ្នកគាំទ្រ​របស់​ខ្លួន​តវ៉ា​ទាមទារ​គ្រប់​រូបភាព​ឱ្យ​មាន​ការ​កែទម្រង់​សមាសភាព​ដឹកនាំ​ស្ថាប័ន គ.ជ.ប. ដែល​ជា​ស្ថាប័ន​អាជ្ញាកណ្ដាល​ឱ្យ​មាន​ឯករាជ្យ ស្រប​ទៅ​តាម​ច្បាប់​ដែល​បាន​ចែង។

លោក​អះអាង​ថា ក្រៅពី​ទាមទារ​ឱ្យ​កែទម្រង់​ស្ថាប័ន​អាជ្ញាកណ្ដាល​នេះ ពួកគេ​ត្រូវតែ​ទាមទារ​ឱ្យ​មាន​ការ​កែសម្រួល​ច្បាប់​បោះឆ្នោត និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ កែតម្រូវ​បច្ចេកទេស​នៃ​ការ​រៀបចំ​ដំណើរការ​បោះឆ្នោត ទាមទារ​ឱ្យ​បើក​លំហ​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ សិទ្ធិ​សង្គម​ស៊ីវិល សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ ជាដើម ព្រមទាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រកាស​ជា​ចំហ​អំពី​គម្រោង​វិនិយោគ​ធំៗ​របស់​កម្ពុជា​ផង​ដែរ។

ការ​អះអាង​របស់​លោក គឹម សុខ គឺ​ស្រប​នឹង​វិបត្តិ​នយោបាយ​នៅ​កម្ពុជា កាន់តែ​ធ្លាក់​ផុង​ជ្រៅ​ទៅៗ​ដែល​បណ្តាល​មក​ពី​អ្នក​នយោបាយ​ខ្មែរ​ដែល​តែង​ប្រើ​អំណាច និង​ឥទ្ធិពល​របស់​ពួកគេ​គំរាមកំហែង​គ្នា​ទៅវិញ​ទៅមក ដែល​ធ្វើ​ឲ្យ​សង្គម​កម្ពុជា​ទាំងមូល​មិន​អាច​រក​សុខ​សន្តិភាព​ពិតប្រាកដ និង​យូរ​អង្វែង​សម្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន​បាន។

មេដឹកនាំ​របស់​កម្ពុជា​ដែល​គំរាម​កាន់​អំណាច​មួយ​ជីវិត លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​កាលពី​ពេល​កន្លងទៅ​ថា ការ​ដឹកនាំ​របស់​លោក​ក្នុង​រយៈពេល ៣៦​ឆ្នាំ​កន្លងទៅ​នេះ កម្ពុជា​បាន​ឆ្លងកាត់​ឧបសគ្គ​ធំៗ​រាប់​មិន​អស់ ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​ដ៏​វៃឆ្លាត​របស់​លោក​ដែល​ពោរពេញ​ទៅ​ដោយ​បទពិសោធន៍ បាន​ដឹកនាំ​កម្ពុជា​ឲ្យ​មាន​ការ​កសាង និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​មាន​មុខមាត់​លើ​ឆាក​អន្តរជាតិ​មក​ទល់​នឹង​សព្វថ្ងៃ​នេះ។

យ៉ាងណាក៏ដោយ មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្នុង​នាម​ជា​អ្នកដឹកនាំ និង​ជា​អ្នក​នយោបាយ​ជាន់ខ្ពស់ ត្រូវ​គោរព និង​អនុវត្ត​ទៅ​តាម​ច្បាប់​ជា​គោលការណ៍ មិន​អាច​យក​ច្បាប់​មក​បម្រើ​ល្បែង​នយោបាយ​របស់​ខ្លួន និង​ដើម្បី​ជា​ការ​សងសឹក​គ្នា​ទៅវិញ​ទៅមក​ដែល​បង្ក​ជា​វិបត្តិ​ដល់​ប្រទេស​ជាតិ​នោះ​ទេ។

លោក​រិះគន់​ថា ប្រសិនបើ​អ្នកដឹកនាំ​នៅតែ​ប្រព្រឹត្ត​នយោបាយ​ទុច្ចរិត​ចង់​កេង​ចំណេញ​ផលប្រយោជន៍​បុគ្គល និង​ដើម្បី​បម្រើ​មហិច្ឆតា​របស់​ខ្លួន​នោះ ការ​បង្រួបបង្រួម​ជាតិ​ដោយ​ភាព​ស្មោះត្រង់ នឹង​មិន​អាច​កើត​មាន​បាន​ឡើយ។ ជាង​នេះ​ទៀត ការ​បែកបាក់​ជាតិ​រវាង​ខ្មែរ​និង​ខ្មែរ នឹង​កើត​មាន​គ្មាន​ថ្ងៃ​អាច​ផ្សះផ្សា​បាន​ឡើយ។

ក្រុម​ឃ្លាំមើល​សង្គម​លើកឡើង​ថា សង្គ្រាម​ប្រដាប់​អាវុធ​នៅ​កម្ពុជា​ទំនង​ជា​ត្រូវ​បញ្ចប់​ក៏​ពិតមែន ប៉ុន្តែ​សង្គ្រាម​ថ្មី​កំពុងតែ​កើតឡើង​លើ​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ពិតប្រាកដ ដែល​បណ្តាល​មក​ពី​ឥស្សរជន​នយោបាយ​ជាន់ខ្ពស់​ដែល​ពួកគេ​ព្យាយាម​យក​ឈ្នះ​ចាញ់​គ្នា​គ្រប់​រូបភាព ដោយ​មិន​បាន​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រទេស​ជាតិ និង​ពលរដ្ឋ​ខ្លួនឯង​ទាល់តែសោះ។

ប្រភព​ដដែល​បាន​លើកឡើង​ទៀត​ថា ឧបាយកល​របស់​ពួក​មេដឹកនាំ​នយោបាយ​ដើម្បី​យក​ឈ្នះ​គ្នា​នោះ មិន​បាន​ជួយ​អ្វី​ដល់​ប្រទេស​ជាតិ និង​ប្រជាជន​ខ្មែរ​ឡើយ មិន​ត្រឹម​តែប៉ុណ្ណោះ ការ​គោរព​សិទ្ធិមនុស្ស​កាន់តែ​ធ្លាក់​ដុនដាប​ទៅៗ ប្រព័ន្ធ​ប្រជាធិបតេយ្យ​ក៏​ប្រឈម​នឹង​ការ​រំលោភ​ពី​អ្នក​មាន​អំណាច​ឥត​ឈប់ឈរ។ ចំណែក​ប្រជាពលរដ្ឋ​ត្រូវ​រស់​ក្នុង​ភាព​ភ័យខ្លាច ដែល​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ឥត​ឈប់ឈរ។

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ល្មម​ដល់​ពេល​ហើយ​សម្រាប់​ឥស្សរជន​នយោបាយ​ទាំងអស់​របស់​កម្ពុជា រួម​មាន​លោក ហ៊ុន សែន លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​សហការ​គ្នា​ផ្សះផ្សា​ផ្ទៃក្នុង​ជាតិ ដើម្បី​សាង​សុភមង្គល​ជូន​ជាតិ​មាតុភូមិ និង​ពលរដ្ឋ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០២១ នេះ​តទៅ ខណៈ​កម្ពុជា​នឹង​ត្រូវ​ដើរ​តួ​ជា​គំរូ​ល្អ​ក្នុង​ការ​ដឹកនាំ​អាស៊ាន​នៅ​ឆ្នាំ​២០២២ ទៀត​នោះ៕