27 C
Phnom Penh

ក្ដី​សង្ឃឹម​ចុងក្រោយ​នៃ​សន្តិសុខ​តំបន់​អាស៊ាន​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កិច្ចព្រមព្រៀង​រវាង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​ចិន ចង​ភ្ជាប់​ភាព​រឹងមាំ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង បាន​ក្លាយ​ជា​ការ​ធ្វើ​តេស្ដ​អំណាច​នៃ​កម្លាំង​សាមគ្គី​គ្នា​នៃ​សមាគម​អាស៊ាន និង​លទ្ធភាព​នៃ​ការ​គ្រប់គ្រង​សន្តិសុខ​ក្នុង​តំបន់។

មាន​ការ​លើកឡើង​ថា ក្រម​ប្រតិបត្តិ​នេះ​វា​គួរ​ចេញ​ជា​រូបរាង​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​បែរជា​មិន​ងាយ​កើត​រូបរាង​ទៅវិញ។ មជ្ឈដ្ឋាន​ខ្លះ​ថា​នេះ​ជា​ក្ដី​សង្ឃឹម​ចុងក្រោយ​ហើយ​របស់​អាស៊ាន ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​នៃ​ការ​ដោះស្រាយ​ជម្លោះ ប៉ុន្តែ​មាន​រឿង​ជាច្រើន​ទៀត​ដែល​កិច្ចព្រមព្រៀង​នេះ​មិន​អាច​កើត​ចេញ​រូបរាង​មក​ទល់​នឹង​ពេលនេះ។

អាស៊ាន​បាន​តស៊ូ​អស់​រយៈពេល ២០​ឆ្នាំ​មក​ហើយ ដើម្បី​ទាញ​ចិន​ឱ្យ​មក​ចូល​ក្នុង​ក្រម​ប្រតិបត្តិ​មួយ​នេះ ហើយ​ការ​ចរចា​ចេះ​តែ​ជាប់​គាំង។ កាលពី​សប្ដាហ៍​មុន ប្រធាន​អាស៊ាន​ប្រចាំ​ឆ្នាំ​២០២១ គឺ​ប្រទេស​ព្រុយណេ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​សង្កត់​ធ្ងន់​ទៅលើ​តម្រូវការ​នៃ​ការ​លើក​កម្ពស់​ការ​ប្រព្រឹត្ត​ទៅ​នៃ​បរិយាកាស​នៃ​ការ​ចរចា​អំពី​ក្រម​ប្រតិបត្តិ​សមុទ្រ។

នេះ​ជា​ការ​ចង្អុល​បង្ហាញ​ពី​ការ​កើន​ឡើង​នូវ​ការ​មិន​ពេញចិត្ត​លើ​ការ​ពន្យារ​ពេល ខណៈ​មាន​ការ​លុកលុយ​ពី​មហាអំណាច​មួយ​ក្នុង​តំបន់​ដែល​ចង់​សំដៅ​ទៅលើ​ប្រទេស​ចិន។

គេ​ដឹង​ថា​មាន​ឧបសគ្គ​គួរ​ឱ្យ​ខ្លាច​ដែល​ធ្វើ​ក្រម​ប្រតិបត្តិ​សមុទ្រ​មួយ​ចេញ​មិន​រួច ដោយសារ​វិសាលភាព​ភូមិសាស្ត្រ​តំបន់​នៃ​ការ​ដោះស្រាយ​ជម្លោះ​ដែនទឹក​ដោយ​ផ្អែក​លើ​លក្ខន្តិកៈ​ច្បាប់ ឬ​ដោយ​តួអង្គ​ទី​បី ដែល​បញ្ហា​នេះ​នៅតែ​នៅ​ឆ្ងាយ និង​ទៅ​មិន​ដល់ ព្រោះ​តែ​សមាជិក​អាស៊ាន​ខ្លះ​ពុំ​មាន​ឆន្ទៈ ខណៈ​សមាជិក​អាស៊ាន​ខ្លះ​ទៀត​មាន​ឆន្ទៈ តែ​មិន​ហ៊ាន​បញ្ចេញ​ឆន្ទៈ ព្រោះ​ខ្លាច​ចិន។

កាលពី​ខែ​សីហា ឆ្នាំ​២០១៨ សេចក្ដីព្រាង​តែ​មួយ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្រតិបត្តិ​នេះ​មាន​ចែង​នូវ​បញ្ញត្តិ​ដែល​ចិន មិន​អាច​ទទួល​យក​បាន។ វៀតណាម ពេល​នេះ កំពុងតែ​ប្រើប្រាស់​អាស៊ាន និង​ច្បាប់​សមុទ្រ​តំបន់ ប្រឆាំង​នឹង​ចិន​សំដៅ​បង្កើន​តួនាទី​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​តំបន់។

តែ​ទីបំផុត ចិន​ដឹង​ថា​ខ្លួន​គេ​មិន​យល់ព្រម​យន្តការ​ដោះស្រាយ​ពហុភាគី ក៏​ចេះ​តែ​រុញ​ឱ្យ​សមាជិក​អាស៊ាន​ជា​កូនជឹង​របស់​ខ្លួន​អូស​បន្លាយ​ពេលវេលា។

វៀតណាម​ទទូច​ថា​ខ្លួន​គេ​បន្ត​បាត់បង់​កោះ​មួយ​ចំនួន​នៅ​ប្រជុំកោះ​ប៉ារ៉ាហ្សែល ទៅ​ប្រទេស​ចិន។ រីឯ​ហ្វីលីពីន ក៏​ដូច​វៀតណាម​ដែរ។ សម្រាប់​ឥណ្ឌូនេស៊ី ជា​ប្រទេស​ខ្លាំង​ក្នុង​តំបន់ ឃើញ​ថា​ចិន​ពុំ​ដែល​ហ៊ាន​បំពាន​ដែនទឹក​របស់​ប្រទេស​ធំ​នេះ​ទេ ហើយ​ម៉្យាង​ទៀត ប្រទេស​ធំ​មួយ​នេះ​មិន​ដែល​ទុក​ឱកាស​ប្រទេស​ណា​មួយ​នាំ​នាវា​ចូល​បំពាន​ដែនទឹក​របស់​ខ្លួន​បាន​ឡើយ គឺ​ឱ្យ​តែ​ហ៊ាន​ចូល ច្បាស់​ជា​ត្រូវ​នាវា​ល្បាត​បាញ់​កម្ទេច។ តែ​ឥណ្ឌូនេស៊ី ក៏​បង្ខំ​ឱ្យ​ក្រម​ប្រតិបត្តិ​សមុទ្រ​កើត​ចេញ​ជា​រូបរាង​ដែរ តែ​ទៅ​មិន​រួច ក្រោម​ហេតុផល​នៃ​មតិ​កុងសង់ស៊ីស គឺ​មាន​ន័យ​ថា បើ​ប្រទេស​ណា​មួយ​ជំទាស់ គឺ​មិន​អាច​ចេញ​រូបរាង​បាន​ឡើយ។

រូបមន្ត​មតិ​កុងសង់ស៊ីស គឺ​ចិន​ត្រូវការ​ខ្លាំង​ណាស់ ពីព្រោះ​បើ​ចិន​អាច​ទិញ​ប្រទេស​ណា​មួយ​បាន វា​ជា​បរាជ័យ​ទៅ​ហើយ​នូវ​ការ​បង្កើត​ក្រម​ប្រតិបត្តិ​សមុទ្រ។

ជំហរ​របស់​ចិន​វិញ គឺ​ថា​ជម្លោះ​រវាង​ប្រជាជាតិ​គួរ​តែ​ត្រូវ​បើក​ដោយ​ការ​ចរចា​រវាង​ភាគី​ដែល​ពាក់ព័ន្ធ​ផ្ទាល់​ប៉ុណ្ណោះ ពោល​គឺ​មិន​ឱ្យ​មាន​ភាគី​ទី​បី​ចូល​ពាក់ព័ន្ធ​ឡើយ ហើយ​ចិន​ជំទាស់​ការ​ចរចា​ពហុភាគី។ ចិន​ជឿ​ថា ភាគី​មិនមែន​ជម្លោះ​មិន​គួរ​មាន​ពាក្យ​អ្វី​មក​និយាយ​ក្នុង​ការ​ដោះស្រាយ​ទេ។

ចំពោះ​ផ្លូវច្បាប់​ក្រម​ប្រតិបត្តិ​សមុទ្រ​វិញ សេចក្ដីព្រាង​នេះ​មិន​អាច​ក្លាយ​ជា​សន្ធិសញ្ញា​នោះ​ទេ។ ចិន និង​ភាគី​ដទៃ​ទៀត​ទំនង​មិន​យល់ព្រម​ក្នុង​ការ​ចាត់ទុក​វា​ជា​ឯកសារ​ចង​កាតព្វកិច្ច​ឡើយ។ នេះ​ជា​ការ​លើកឡើង​របស់​ភាគី​ចិន។ មាន​តែ​វៀតណាម​ទេ​ដែល​ស្នើ​បញ្ញត្តិ​ឱ្យ​មាន​ការ​ចុះ​ជា​សច្ចាប័ន​ឱ្យ​ក្លាយ​ជា​ការ​អនុវត្ត​នីតិវិធី​ផ្ទៃក្នុង​តែ​ម្ដង​នៃ​រដ្ឋ​ហត្ថលេខា ហើយ​យក​ទៅ​ចុះបញ្ជី​នៅ​អគ្គលេខាធិការ​អង្គការ​អាស៊ាន។

ទីបំផុត តួនាទី​នៃ​ភាគី​ទី​បី​មាន​ដូចជា អាមេរិក ជប៉ុន អូស្ត្រាលី ឥណ្ឌា សម្រេច​ចូល​ពាក់ព័ន្ធ។

ចិន​តែងតែ​តវ៉ា​ថា គ្មាន​សំណើ​ណា​មួយ​ដែល​អាច​ជំរុញ​ឱ្យ​ភាគី​ក្រៅ​តំបន់​ចូល​មក​បាន​នោះ​ទេ គឺ​ចិន​ចង់​ឱ្យ​តែ​ក្រម​ប្រតិបត្តិ​សមុទ្រ​នេះ​វា​មាន​លក្ខណៈ​គ្រប់គ្រង​រវាង​តែ​អាស៊ាន និង​ចិន​ប៉ុណ្ណោះ។ ការណ៍​នេះ វា​ធ្វើ​ឱ្យ​ការ​ចរចា​កាន់តែ​លំបាក ហើយ​គេ​ក៏​មើល​ឃើញ​ចំ​ពេល​ដែល​អាមេរិក និង​ចិន​ប្រជែង​គ្នា​ពង្រីក​ឥទ្ធិពល​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​តំបន់​កាន់តែ​ខ្លាំង។ ក្រុង​ប៉េកាំង បាន​ស្នើ​ដាក់​បញ្ញត្តិ​រឹតត្បិត​ការ​សមយុទ្ធ​យោធា​របស់​ប្រទេស​ខាងក្រៅ។

ជា​ការពិត អាមេរិក​ប្រឆាំង​រឿង​ចិន​នេះ ហើយ​ទាមទារ​ឱ្យ​មាន​តម្លាភាព​លើ​ការ​ចរចា បើ​ទោះ​អាមេរិក​គ្មាន​ដី​មួយ​ដុំ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ។ ប៉ុន្តែ​ជាមួយ​អូស្ត្រាលី ជប៉ុន អាមេរិក​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​កន្លងមក​ថា ក្រម​ប្រតិបត្តិ​នេះ​គួរតែ​ស្រប​នឹង​ច្បាប់​អន្តរជាតិ​ដែល​មាន​ជា​ធរមាន ដូចជា​ច្បាប់​សមុទ្រ UNCLOS ឆ្នាំ​១៩៨២។

អាមេរិក​បារម្ភ​ថា ក្រម​ប្រតិបត្តិ​សមុទ្រ​ពេល​ខ្លះ​អាច​ធ្វើ​ឱ្យ​មាន​ភាព​ស្រប​ច្បាប់​តាម​ការ​អះអាង​របស់​ចិន ដែល​ថា​ខ្លួន​គេ​មាន​សិទ្ធិ​កាន់កាប់​ដល់​ទៅ ៩០% នៃ​លំហ​សមុទ្រ​ទាំងមូល។

អាមេរិក​ទំនង​មើល​ឃើញ​ថា ក្រម​ប្រតិបត្តិ​នេះ​អាច​រង​សម្ពាធ​ពី​ចិន ក៏​អាមេរិក​លូក​ដៃ​ចូល​ដែរ ក្រោម​ហេតុផល​លំហ​សមុទ្រ​ចិន​ខាងត្បូង គឺ​ជា​ផ្លូវ​នាវាចរណ៍​អន្តរជាតិ ពុំ​មាន​ប្រទេស​ណា​មួយ​រឹបអូស​យក​ផ្ដាច់មុខ​បាន​ឡើយ។ ជំហរ​របស់​អាមេរិក ត្រូវ​បាន​ប្រទេស​ហ្វីលីពីន វៀតណាម គាំទ្រ​ខ្លាំង​ជាងគេ​នៅ​ពេលនេះ។

តើ​កម្ពុជា​អាច​ជា​កត្តា​ឧបសគ្គ​ទៀត​ឬ​ទេ?

កម្ពុជា​ពុំ​មែន​ជា​ប្រទេស​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ផ្ទាល់​នោះ​ទេ តែ​កម្ពុជា​មាន​ឱកាស​ជជែក​លើ​រឿង​នេះ ត្បិត​ជា​បញ្ហា​របស់​អាស៊ាន​ដ៏​ធំ​មួយ​ដែរ។ យ៉ាងណា អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា សម្រាប់​ភាព​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ គឺ​កម្ពុជា​ខ្លួន​គេ​នេះ​នឹង​ក្លាយ​ជា​ឧបសគ្គ​ដ៏​ធំ​នៃ​កិច្ចព្រមព្រៀង​នេះ។ ដោយ​មើល​ឃើញ​ថា​កម្ពុជា​សឹងតែ​ផ្ដេកផ្ដួល​ទៅ​រក​ចិន នៃ​នយោបាយ​ភូមិសាស្ត្រ​ជាង​បណ្ដា​ប្រទេស​អាស៊ាន​ដទៃ​ទៀត គឺ​កម្ពុជា​នេះ​ហើយ​ដែល​គេ​បារម្ភ​ថា ពុំ​មាន​ភាព​សុចរិត​នៃ​ការ​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​អព្យាក្រឹត្យ​ឡើយ។

កាលពី​ខែ​ឧសភា ក្នុង​ទំនាក់ទំនង​ទៅ​នឹង​ជំនួយ​អភិវឌ្ឍ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន តែង​ប្រកាស​ថា បើ​មិន​ឱ្យ​ខ្ញុំ​ពឹង​ចិន តើ​ឱ្យ​ខ្ញុំ​ពឹង​នរណា?

នៅ​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៦ កម្ពុជា​បាន​ប្រឆាំង​នឹង​សេចក្ដី​ថ្លែងការណ៍​ទាំងឡាយ​ណា​ដែល​សំដៅ​ប្រឆាំង​នឹង​ចិន ហើយ​កម្ពុជា​ឈរ​ជាមួយ​ចិន​ដោយ​និយាយ​ថា រដ្ឋ​ដែល​មាន​ជម្លោះ ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​នឹង​ចិន​ដោយ​ទ្វេភាគី។

កិច្ចព្រមព្រៀង​ក្រម​ប្រតិបត្តិ​សមុទ្រ​នេះ​មាន​សារសំខាន់ ព្រោះ​គ្រប់​ភាគី​ត្រូវ​ធ្វើ​ឡើង​តាម​គោលការណ៍​កុងសង់ស៊ីស​ជា​ឯកច្ឆន្ទ ដែល​មាន​ន័យ​ថា បើ​មាន​ប្រទេស​ណា​មួយ​ប្រឆាំង គឺ​កិច្ចព្រមព្រៀង​នេះ​នឹង​មិន​អាច​ចេញ​ជា​រូបរាង​បាន​ឡើយ។ ម្ល៉ោះ​ហើយ គេ​ជឿ​ថា វា​ក៏​ជា​អត្ថប្រយោជន៍​មួយ​ដល់​ចិន បើ​ចិន​ចង់​ពន្យារ ឬ​ពន្លឿន​កិច្ចព្រមព្រៀង​នេះ​បន្ត​ទៀត គឺ​ចិន​នៅតែ​បន្ត​ខ្ចី​ដៃ​កម្ពុជា​រុញ​ចោល​ឯកសារ​នៃ​សេចក្ដីព្រាង​ក្រម​ប្រតិបត្តិ​សមុទ្រ​មួយ​នេះ​ទុក​ចោល​មួយ​ឆ្នាំ​ទៀត៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស