40.2 C
Phnom Penh

លោក ហ៊ុន សែន គំរាម​វាយ​ខ្នោះ​អ្នក​ហ៊ាន​រិះគន់​ការ​កែ​រដ្ឋធម្មនុញ្ញ​ពី «២​ភាគ​៣» ទៅ «៥០%+១»

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន គំរាម​ធ្ងន់ៗ​ថា​នឹង​វាយ​ខ្នោះ​អ្នក​ដែល​រិះគន់​រដ្ឋសភា​ជាតិ​ថា​ការ​កែ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ពី «២​ភាគ​៣» ទៅ «៥០%+១» គឺជា​ការ​រំលោភ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ លោក ហ៊ុន សែន ចាត់ទុក​ការ​រិះគន់​នេះ​ថា​ជា​ការ​ប្រមាថ​ស្ថាប័ន​ជាតិ។

ពាក្យ​គំរាម​របស់​លោក ហ៊ុន សែន ដូច្នេះ ធ្វើឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ថ្មី​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៨ ខែ​វិច្ឆិកា។

លោក​បាន​រំឭក​ថា ប្រសិនបើ​រដ្ឋកម្ពុជា​មិនព្រម​អនុម័ត​រដ្ឋធម្មនុញ្ញ​ទេ កម្លាំង​អ៊ុនតាក់ (UNTAC) នឹង​ជាប់​គាំង​នៅ​កម្ពុជា​រហូត​ដល់​បច្ចុប្បន្ន។ ចំណែក​អ្នក​ដែល​ចង់​សើរើ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ គឺជា​អ្នក​ចង់​ឱ្យ​បរទេស​មក​ត្រួតត្រា​កម្ពុជា។

លោក ហ៊ុន សែន បាន​ផ្ដាំ​ផ្ញើ​ទៅ​អ្នក​អត្ថាធិប្បាយ​ដែល​សំដៅ​ទៅ​អ្នក​ដែល​ធ្លាប់​វិភាគ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន ព្រោះ​ថា​លោក​មិន​ញញើត​ក្នុង​ការ​ចាប់​វាយ​ខ្នោះ​អ្នក​ដែល​បញ្ចេញ​មតិ​រិះគន់​លោក​ឡើយ។

លោក​រំឭក​ទៀត​ថា លោក​ហ៊ាន​វាយ​ខ្នោះ​អ្នក​នយោបាយ​ម៉ោង ១២​យប់ ដូច្នេះ​មិន​ខ្លាច​នឹង​វាយ​ខ្នោះ​អ្នក​រិះគន់​ដើម្បី​ឱ្យ​មក​បកស្រាយ​ជាមួយ​តុលាការ ហេតុ​អី​ហ៊ាន​ចោទ​រដ្ឋសភា​ជាតិ​ថា​ខុស​ក្នុង​ករណី​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ មក ៥០%+១។

ទោះ​យ៉ាងណា អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​រិះគន់​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ២/៣ ទៅ ៥០%+១ រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ដែល​ជា​ល្បិចកល​នយោបាយ​ខ្ចី​ដៃ​គ្នា​ប្រើ​ដើម្បី​សម្រេច​មហិច្ឆតា​របស់​ខ្លួន ក្នុង​ការ​គ្រប់គ្រង​អំណាច​តែប៉ុណ្ណោះ។ អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា ធ្លាប់​លើកឡើង​ថា នៅ​ក្នុង​ប្រទេស​ក្រីក្រ​ដែល​ប្រកាន់​យក​របប​ដឹកនាំ​ប្រទេស​បែប​លទ្ធិប្រជាធិបតេយ្យ គឺ​តម្រូវ​ឲ្យ​យក​រូបមន្ត​សំឡេង ២​ភាគ​៣ សម្រាប់​បង្កើត​រដ្ឋាភិបាល ដើម្បី​ទាមទារ​ឲ្យ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​កសាង​នូវ​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​បាន​រឹងមាំ និង​រក្សា​និរន្តរភាព។

លោក​បញ្ជាក់​ថា ព្រោះ​តែ​គំនុំ​បុគ្គល និង​មហិច្ឆតា​ចង់​ក្តោប​ក្តាប់​អំណាច អ្នក​នយោបាយ​ខ្មែរ​បាន​លេង​ល្បែង​នយោបាយ​មួយ​ចាន​ទឹក មួយ​ចាន​គោក ក្នុង​ការ​ផ្តួល​គ្នា​ទៅវិញ​ទៅមក​ដោយ​បន្លំ​ភ្នែក​រាស្ត្រ និង​យក​រដ្ឋធម្មនុញ្ញ​ជា​ចំណាប់ខ្មាំង​នយោបាយ ធ្វើ​វិសោធនកម្ម កែប្រែ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​ពី ២/៣ មក ៥០%+១ ចាប់ពី​ឆ្នាំ​២០០៦ មក។

អ្នកវិភាគ​សង្គម​បាន​សម្គាល់​ឃើញ​ថា ក្នុង​រយៈពេល ១៤​ឆ្នាំ​មក​នេះ ក្រោយ​ពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ មក ៥០%+១ គោលការណ៍​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ក្នុង​នោះ​មាន​ការ​គំរាមកំហែង និង​បំភិតបំភ័យ​ទៅ​លើ​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​បំផ្លាញ​មូលដ្ឋាន​គ្រឹះ​នៃ​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​នេះ​តាម​គ្រប់​រូបភាព​ជាដើម។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រតិកម្ម​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ចន្ទ ទី​៨ វិច្ឆិកា នេះ​ថា កាលណា​ពលរដ្ឋ​គ្រាន់តែ​សម្ដែង​មតិ​ថា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ខុស​នឹង​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ហើយ​បែរជា​គំរាម​វាយ​ខ្នោះ​ពួកគាត់​នោះ វា​គឺជា​ទង្វើ​បំពាន​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ទៅវិញ​ទេ។

រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា បាន​ធ្វើ​វិសោធនកម្ម​ចំនួន ៩​លើក​មក​ហើយ ហើយ​ការ​ធ្វើ​វិសោធនកម្ម​ចុងក្រោយ​នេះ បន្ទាប់ពី​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ សិក្សា​រៀបចំ​ធ្វើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី «វិសោធនកម្ម​រដ្ឋធម្មនុញ្ញ» កំណត់​ឱ្យ​ថ្នាក់​ដឹកនាំ​ជាតិ​ដែល​កាន់​តួនាទី​ជា​នាយករដ្ឋមន្ត្រី ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស