លោក ហ៊ុន សែន អះអាងថា ទឹកជំនន់លិចទីក្រុងភ្នំពេញមិនមែនដោយសារលុបបឹងនោះទេ មូលហេតុគឺមកពីមុខទឹកហូរចូលធំជាងមុខទឹកដែលហូរចេញ ទើបបណ្តាលឱ្យលិចទីក្រុងដូចសព្វថ្ងៃនេះ ខណៈមន្ត្រីគណបក្សក្រៅរដ្ឋាភិបាល ចោទសួរថា តើត្រូវធ្វើដូចម្តេចឱ្យមុខទឹកដែលហូរចេញធំដូចមុខទឹកដែលហូរចូល ដើម្បីទប់ស្កាត់ការជន់លិចនៅឆ្នាំក្រោយៗទៀត។
បុរសខ្លាំងនៅកម្ពុជារូបនេះ បានច្រានចោលទាំងស្រុងចំពោះក្រុមអ្នករិះគន់លើការដឹកនាំរបស់លោក អំពីការលុបបឹងនានាក្នុងទីក្រុងភ្នំពេញ ថាជាក្រុមមនុស្សដែលគ្មានការយល់ដឹង ព្រោះថាដោយសារការលុបបឹងទាំងនេះហើយទើបដីនៅក្នុងទីក្រុងភ្នំពេញឡើងថ្លៃខ្ពស់ដូចសព្វថ្ងៃនេះ។ ជាងនេះទៀត លោកថាកម្ពុជាអភិវឌ្ឍបានប្រហែលសព្វថ្ងៃនេះ គឺល្អណាស់ទៅហើយ ដូច្នេះសូមកុំរិះគន់ដោយគ្មានមូលដ្ឋាន ថាទឹកជំនន់លិចទីក្រុងភ្នំពេញគឺដោយសារតែការលុបបឹងធម្មជាតិក្នុងទីក្រុងនោះ។
លោក ហ៊ុន សែន អះអាងថា ទឹកជំនន់ក្នុងទីក្រុងភ្នំពេញមិនមែនមកពីលុបបឹងនោះទេ គឺបណ្តាលមកពីមុខទឹកដែលហូរចេញ និងមុខទឹកដែលហូរចូលមានទំហំមិនស្មើគ្នាប៉ុណ្ណោះ ត្បិតប្រភពទឹកដែលធ្លាក់ចូលក្នុងទីក្រុងភ្នំពេញមិនមែនមានប្រភពមកតែពីស្ទឹងព្រែកត្នោត នោះឡើយ ហើយសូម្បីកាលពីមិនទាន់លុបបឹងក្នុងទីក្រុង ក៏ធ្លាប់មានជំនន់លិចទីក្រុងភ្នំពេញដែរ។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បញ្ជាក់ថា ទឹកជំនន់លិចទីក្រុងមិនមែនមានតែកម្ពុជានោះទេ សូម្បីនៅប្រទេសបារាំង ជាដើម ក៏មានជំនន់លិចដែរ ដូច្នេះវិធីល្អ គឺមានតែជួយជម្លៀសគ្នាចេញប៉ុណ្ណោះ ប្រសើរជាងនៅបន្ទោសគ្នា ក្នុងនោះលោក ហ៊ុន សែន ក៏បានស្ដីបន្ទោសទៅកាន់មន្ត្រីរដ្ឋាភិបាលមួយចំនួនផងដែរដែលគាំទ្រនូវគំនិតលើកឡើងថា ទឹកលិចទីក្រុងភ្នំពេញ គឺបណ្តាលមកពីការលុបបឹងក្នុងទីក្រុងនាពេលកន្លងមក។
ការរិះគន់បែបនេះ ធ្វើឡើងក្រោយពេលមានការប្រតិកម្មខ្លាំងៗជុំវិញការជន់លិចផ្ទះរបស់ពលរដ្ឋរាប់ពាន់គ្រួសារនៅតាមខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលបង្កឡើងដោយទឹកជំនន់ក្នុងស្ទឹងព្រែកត្នោត កាលពីពេលថ្មីៗនេះ។

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ នេះ លោក ហ៊ុន សែន បានប្រតិកម្មខ្លាំងៗក្នុងពិធីសម្ពោធទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថា ជំនន់លិចទីក្រុងភ្នំពេញ គឺបណ្តាលមកពីទឹកខាងលើឡើងខ្លាំង ហើយមុខទឹកនៅខាងក្រោមមិនអាចរំដោះទាន់ពេលប៉ុណ្ណោះ គឺមិនមែនដោយសារតែលុបបឹងក្នុងទីក្រុងភ្នំពេញនោះទេ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ វិច្ឆិកា នេះថា លោកយល់ស្របទៅនឹងការលើកឡើងរបស់លោក ហ៊ុន សែន ដែលថាដោយសារតែមុខទឹកហូរចូលធំជាងមុខទឹកដែលហូរចេញ ទើបបណ្តាលឱ្យលិចទីក្រុងភ្នំពេញដូចសព្វថ្ងៃនេះ ប៉ុន្តែបញ្ហានៅត្រង់ថា តើរដ្ឋត្រូវផ្តល់ដំណោះស្រាយដូចម្តេច ដើម្បីកុំឲ្យមានបញ្ហាដដែលៗនេះកើតឡើងបន្តទៀត។
មន្ត្រីបក្សក្រៅរដ្ឋាភិបាលរូបនេះបញ្ជាក់ថា ពិតមែនតែទឹកជំនន់មិនបានបង្កឱ្យលិចពេញទីក្រុងភ្នំពេញទាំងមូល ប៉ុន្តែតំបន់ដែលរងឥទ្ធិពលពីស្ទឹងព្រែកត្នោត តែងតែរងការជន់លិចជារៀងរាល់ឆ្នាំ ដូច្នេះក្នុងនាមជារដ្ឋាភិបាលកម្ពុជា ត្រូវមានផែនការច្បាស់លាស់ថា ត្រូវធ្វើដូចម្តេចដើម្បីធ្វើឱ្យមុខទឹកខាងក្រោមអាចបញ្ចេញទឹកដែលហូរធ្លាក់ពីខាងលើបានទាន់ពេល ចៀសវាងការជន់លិចរាល់ឆ្នាំៗដូចពេលកន្លងមក។
អង្គការសមាគមធាងត្នោត បានបញ្ចេញរបាយការណ៍កាលពីពេលកន្លងទៅថា បឹងធម្មជាតិក្នុងរាជធានីភ្នំពេញទាំងតូច ទាំងធំ សរុបមានចំនួន ២៦បឹង ក្នុងនោះមានដូចជា បឹងកក់ បឹងសាឡាង បឹងតាមោក និងបឹងទំពុន ជាដើម ខណៈបឹង ១៦ ក្នុងចំណោមនោះ ត្រូវបានលុបបាត់ទាំងស្រុង រីឯបឹង ១០ ផ្សេងទៀតកំពុងប្រឈមនឹងការលុបជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ុនឯកជន និងពីសំណាក់អ្នកមានអំណាច។
ប្រភពដដែលអះអាងថា ការលុបបឹងធម្មជាតិទាំងនោះ ធ្វើឲ្យប៉ះពាល់ដល់ជីវចម្រុះ ប៉ះពាល់ដល់បរិស្ថានបង្កឲ្យមានទឹកជំនន់ក្នុងទីក្រុងភ្នំពេញ ហើយពលរដ្ឋរាប់ពាន់គ្រួសារប្រឈមនឹងការគំរាមកំហែងដល់ជីវភាព និងបាត់បង់លំនៅឋានផងដែរ។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១ នេះ រដ្ឋបាលក្រុងភ្នំពេញបានឲ្យដឹងថា ទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល កាលពីចុងខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ បានបណ្ដាលឲ្យពលរដ្ឋប្រមាណជាង ៣ពាន់គ្រួសាររងការជន់លិចយ៉ាងធ្ងន់ធ្ងរ រហូតនាំគ្នាជម្លៀសចេញពីលំនៅឋានរៀងៗខ្លួន៕