29 C
Phnom Penh

ក្រុម​សង្គម​ស៊ីវិល​បន្ត​យុទ្ធនាការ​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​នានា​ដែល​កំពុង​ជាប់​ឃុំ​ទាំង​អយុត្តិធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក​បន្ត​ធ្វើ​យុទ្ធនាការ​ក្នុង​សប្តាហ៍​ទី​១៣ ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​នានា​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ បើ​ទោះបីជា​សកម្មជន​ខ្លះ​ត្រូវ​បាន​តុលាការ​ដោះលែង​ហើយ​ក៏ដោយ។

នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា នេះ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អង្គការ​លីកាដូ និង​អង្គការ​ដទៃ​ទៀត នាំគ្នា​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​ការពារ​បរិស្ថាន ៦​រូប​ទៀត ដូចជា​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និង​លោក លី ចាន់ដារ៉ាវុត ដែល​តែងតែ​ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ទាំង​អយុត្តិធម៌​តាំងពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ មក។

មន្ត្រី​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា និយាយ​ថា ការ​ទាមទារ​របស់​សង្គម​ស៊ីវិល​គឺ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ផ្តល់​យុត្តិធម៌​ដល់​សកម្មជន​បរិស្ថាន និង​ជួយ​បញ្ចៀស​នូវ​ការ​រិះគន់ និង​ការ​ដាក់​ទណ្ឌកម្ម​នានា​ពី​សហគមន៍​អន្តរជាតិ​លើ​កម្ពុជា​ផង​ដែរ នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​បញ្ចេញ​មតិ និង​ដោះលែង​សកម្មជន​បរិស្ថាន​ទាំងនោះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

លោក​បន្ត​ថា បើ​ទោះបីជា​នៅ​ពេលនេះ​តុលាការ​សម្រេច​ដោះលែង​សកម្មជន​បរិស្ថាន​ខ្លះ​ហើយ​ក៏ដោយ ក៏​ពួកគេ​នៅ​មិនទាន់​មាន​សេរីភាព​ពេញលេញ​ដែរ ព្រោះ​ថា​ពួកគេ​នៅតែ​ស្ថិត​ក្រោម​ការ​តាមដាន​របស់​តុលាការ​នៅឡើយ។ ជាង​នេះ​ទៀត ករណី​កុមារា កាក់ សុវណ្ណច្ឆ័យ ដែល​ជា​អនីតិជន ក៏​ត្រូវ​ស្ថិត​ក្រោម​ការ​តាមដាន​របស់​តុលាការ​ដូច​គ្នា​ដែរ ខណៈ​តុលាការ​មិន​បាន​ផ្តល់​យុត្តិធម៌​លើ​កុមារា​ម្នាក់​ដែល​មាន​ជំងឺ​ខ្សោយ​បញ្ញា​ស្មារតី​ទាល់តែសោះ ចំពោះ​ការ​ចោទប្រកាន់ និង​ការ​ផ្ដន្ទាទោស​របស់​ខ្លួន​លើ​កុមារា​រូប​នេះ។

លោក ស៊ឹង សែនករុណា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​នូវ​រាល់​បទ​ចោទ​ទាំងអស់​លើ​សកម្មជន​នានា​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​សព្វថ្ងៃ​នេះ ត្បិត​អ្នក​ទាំងនោះ​គឺជា​ធនធាន​មនុស្ស​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ចូលរួម​ជាមួយ​រដ្ឋាភិបាល ដើម្បី​ថែរក្សា​ធនធាន​ធម្មជាតិ​ដែល​កំពុង​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ដោយ​មាន​ការ​ផ្សំគំនិត​រវាង​ឈ្មួញ​ទុច្ចរិត និង​មន្ត្រី​ខិលខូច​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

សកម្មជន​ដែល​កំពុង​រង​ការ​ឃុំ​ខ្លួន និង​កាត់ទោស​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ​មាន​ចំនួន​ប្រមាណ​ជា ៥០​នាក់ រួម​មាន​ប្រធាន​សហជីព​កម្ពុជា លោក រ៉ុង ឈុន អ្នកនាង ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និង​យុវជន​ដែល​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​ដោះលែង​នៅ​សប្តាហ៍​នេះ​ផង​ដែរ។ ខណៈ​យុវជន​មួយ​ចំនួន​ទៀត ត្រូវ​បាន​ដោះលែង​សាកល្បង​កាលពី​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​ពួកគេ​នៅតែ​ស្ថិត​ក្រោម​ការ​តាមដាន​របស់​តុលាការ​នៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស