33 C
Phnom Penh

អាមេរិក​ព្រមាន​អ្នក​ជំនួញ​ខ្លួន​នៅ​កម្ពុជា​កុំ​ឱ្យ​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​និង​រំលោភ​សិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការិយាល័យ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ផ្សព្វផ្សាយ​នូវ​សេចក្ដី​ថ្លែងការណ៍​រួម​បី​ក្រសួង គឺ​ក្រសួង​ហិរញ្ញវត្ថុ ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ការបរទេស ដែល​ប្រកាស​ព័ត៌មាន​អំពី​ការ​ដាស់តឿន​ដល់​អ្នក​ជំនួញ​ជាតិ​អាមេរិក​ទាំងអស់ កុំ​ឲ្យ​ពាក់ព័ន្ធ​មុខ​ជំនួញ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​រួម​ដែល​ធ្វើឡើង​ដោយ​ក្រសួង​ទាំង​បី​នេះ ត្រូវ​បាន​មើល​ឃើញ​នៅ​ក្នុង​គេហទំព័រ​របស់​ក្រសួង​ការបរទេស​អាមេរិក នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា នេះ។

សេចក្ដី​ថ្លែងការណ៍​បាន​សរសេរ​លម្អិត​ថា៖

សហរដ្ឋ​អាមេរិក​មាន​ប្រវត្តិ​ជា​យូរ​មក​ហើយ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ និង​គាំទ្រ​នីតិរដ្ឋ​នៅ​កម្ពុជា និង​ទូទាំង​ពិភពលោក។ ការ​វិវឌ្ឍ​ថ្មីៗ​នៅ​កម្ពុជា រួម​ទាំង​អំពើពុករលួយ​ជា​ប្រព័ន្ធ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​រំលោភ​សិទ្ធិមនុស្ស គំរាមកំហែង​ទៅលើ​ផលប្រយោជន៍​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាជន​កម្ពុជា សម្រាប់​សហរដ្ឋ​អាមេរិក​គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ។

មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​លើកឡើង​ពី​កង្វល់​ទាំងនេះ​ជាមួយ​មេដឹកនាំ​កម្ពុជា ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​ដែល​ពុំ​មាន​ការ​ផ្លាស់ប្ដូរ​ប្រកប​ដោយ​អត្ថន័យ​ម្តង​ណា​ឡើយ។

ក្រសួង​ការបរទេស ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក បាន​ព្រមាន​អ្នក​ជំនួញ​សហរដ្ឋ​អាមេរិក​ដែល​កំពុង​ប្រតិបត្តិការ ឬ​កំពុង​ពិចារណា​ប្រតិបត្តិការ​លើ​មុខ​ជំនួញ​នៅ​កម្ពុជា ត្រូវ​ប្រុងប្រយ័ត្ន​អំពី​ការ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ឬ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ការ​អនុវត្ត​អាជីវកម្ម​ដោយ​អំពើពុករលួយ គឺជា​សកម្មភាព​ឧក្រិដ្ឋកម្ម និង​ការ​រំលោភ​សិទ្ធិមនុស្ស​ដែល​ត្រូវ​ជៀសវាង​ជាដាច់ខាត។

សេចក្ដី​ណែនាំ​របស់​ក្រសួង​ទាំង​បី​នេះ ពាក់ព័ន្ធ​នឹង​ចំណុច​សំខាន់​ចំនួន​ពីរ​ដែល​ក្រុមហ៊ុន​អាមេរិកាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​ជៀសវាង​ឲ្យ​បាន គឺ៖

  • ទី​១៖ សកម្មភាព​ហិរញ្ញវត្ថុ​ខុសច្បាប់ និង​ហានិភ័យ​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ អចលនទ្រព្យ កាស៊ីណូ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ។
  • ទី​២៖ ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​អង្គភាព ឬ​អ្នក​ជំនួញ មន្ត្រី​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ការ​ជួញដូរ​សត្វព្រៃ និង​គ្រឿងញៀន ព្រមទាំង​ហានិភ័យ​ទាំងឡាយ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​វិស័យ​ផលិតកម្ម និង​ការ​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា។

មុខ​ជំនួញ​ទាំងអស់ ត្រូវតែ​អនុវត្ត​ឱ្យ​សមស្រប​នឹង​ការ​ណែនាំ​នេះ ដោយ​សំដៅ​កាត់បន្ថយ​ហានិភ័យ​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍​ឈ្មោះ រំលោភ​ច្បាប់​ពាណិជ្ជកម្ម សេដ្ឋកិច្ច​ដែល​ទាក់ទង​នឹង​ក្រុមហ៊ុន ឬ​អង្គភាព​មុខ​ជំនួញ​នៅ​កម្ពុជា ដែល​អាច​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ សកម្មភាព​ឧក្រិដ្ឋកម្ម សកម្មភាព​ហិរញ្ញវត្ថុ​ខុសច្បាប់ ឬ​ការ​រំលោភ​សិទ្ធិមនុស្ស។

លើស​ពី​នេះ​ទៀត តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​នឹង​ធ្វើការ​វាយតម្លៃ​លើ​សិទ្ធិ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ GSP របស់​កម្ពុជា ដែល​ជា​ផ្នែក​មួយ​នៃ​ការ​វាយតម្លៃ GSP ទូលំទូលាយ​សម្រាប់​កម្ពុជា។ ការ​វាយតម្លៃ​នេះ នឹង​ត្រូវ​ធ្វើឡើង​បន្ទាប់ពី​មាន​ការ​អនុញ្ញាត​ឡើងវិញ​នៃ​អត្ថប្រយោជន៍​កម្មវិធី GSP ហើយ​នឹង​រួម​បញ្ចូល​ផង​ដែរ​នូវ​លក្ខណៈ​វិនិច្ឆ័យ​សិទ្ធិ​ទទួល​បាន​ជា​ថ្មី ឬ​វិសោធនកម្ម​ដែល​ត្រូវ​សុំ​ការ​អនុម័ត​ឡើងវិញ​ដោយ​សមាជិក​សភា​អាមេរិក។

ក្នុង​ន័យ​នេះ សហរដ្ឋ​អាមេរិក​នឹង​បន្ត​ជំរុញ​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ជំនួញ​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឧក្រិដ្ឋកម្ម មុខ​ជំនួញ​ជាប់​ទាក់ទិន​នឹង​អំពើពុករលួយ និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​ធ្វើឡើង​តាមរយៈ​អន្តរាគមន៍​របស់​មន្ត្រី​រដ្ឋាភិបាល​ពុករលួយ​ក្នុង​ការ​ជួយ​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​កិច្ចការ​មុខ​ជំនួញ​ឯកជន និង​ដៃគូ​មុខ​ជំនួញ។

ជាមួយ​គ្នា​នេះ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​ពីរ​រូប​បន្ថែម​ទៀត គឺ​នាយ​ឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួង​ការពារ​ជាតិ និង​នាយ​ឧត្ដមនាវី ទៀ វិញ មេបញ្ជាការ​កងទ័ព​ជើងទឹក​កម្ពុជា។ អាមេរិក​បាន​សម្រេច​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ទាំង​ពីរ​នាក់​ចូល​ក្នុង​ទឹកដី​អាមេរិក​ឡើយ។ មូលហេតុ គឺ​អាមេរិក​ចោទប្រកាន់​ពួកគេ​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​ឯ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម។

ក្រសួង​ការបរទេស​អាមេរិក​បាន​ចោទប្រកាន់​ថា លោក ចៅ ភិរុណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួង​ការពារ​ជាតិ និង​លោក ទៀ វិញ អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងទឹក និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ដែល​ធ្វើ​ឱ្យ​ខូច​នីតិរដ្ឋ និង​ទំនុក​ទុកចិត្ត​របស់​ពលរដ្ឋ​លើ​ស្ថាប័ន​រដ្ឋាភិបាល និង​ដំណើរ​ការងារ​សាធារណៈ ដោយ​បាន​ឃុបឃិត​ទាញ​យក​ប្រយោជន៍​ពី​ការ​សាងសង់ និង​ការ​អភិវឌ្ឍ​អគារ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ដែល​សហរដ្ឋ​អាមេរិក​សង្ស័យ​ថា​អនាគត​អាច​នឹង​ក្លាយ​ជា​មូលដ្ឋាន​កងទ័ព​ចិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស