28 C
Phnom Penh

បាតុករ​ថៃ​ចាប់ផ្ដើម​វិល​មក​រក​ដងផ្លូវ​វិញ ដើម្បី​ប្រឆាំង​តុលាការ​រដ្ឋធម្មនុញ្ញ​ករណី​ផែនការ​រំលាយ​បក្ស​ប្រឆាំង​ធំ​មួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​អាទិត្យ ទី​១៤ វិច្ឆិកា រាជធានី​បាងកក​រំជើបរំជួល​ដោយ​សម្រែក​បាតុករ​រាប់​ពាន់​នាក់ ស្រែក​ប្រឆាំង​នឹង​អំណាច​របស់​តុលាការ​រដ្ឋធម្មនុញ្ញ​របស់​រាជាណាចក្រ​មួយ​នេះ ដែល​បាន​ចេញ​សេចក្ដី​សម្រេច​មួយ​ចោទប្រកាន់​មន្ត្រី​ជាន់ខ្ពស់ ៣​រូប​របស់​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ (MFP) ថា​មាន​ផែនការ​ផ្ដួល​រំលំ​របប​រាជាធិបតេយ្យ។

កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​នេះ តុលាការ​រដ្ឋធម្មនុញ្ញ​របស់​រាជាណាចក្រ​នេះ បាន​រក​ឃើញ​មេដឹកនាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ៣​រូប​ដែល​បាន​ថ្លែង​សារ​នៅ​ក្នុង​ហ្វូង​បាតុកម្ម​មួយ​កាលពី​ខែ​សីហា ទាមទារ​ឱ្យ​កែទម្រង់​របប​រាជា​និយម​ថៃ ថា​បង្កប់​ដោយ​ផែនការ​ចង់​ផ្តួល​រំលំ​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ។

ក្នុង​ព្រឹត្តិការណ៍​ប្រមូល​ផ្ដុំ​មនុស្ស​រាប់​ពាន់​នាក់ បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​ភាគច្រើន​មកពី​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ (MFP) បាន​កាន់កាប់​កំណាត់​ផ្លូវ​ដ៏​ធំ​មួយ​នៅ​ទីក្រុង​បាងកក នៅ​ពេល​ពួកគេ​មិន​អាច​ប្រមូល​ផ្ដុំ​គ្នា​បាន​នៅ​វិមាន​ប្រជាធិបតេយ្យ។ អ្នកគាំទ្រ​ចលនា​ប្រជាធិបតេយ្យ​ថៃ ជាច្រើន​ពាន់​នាក់ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​តុលាការ​រដ្ឋធម្មនុញ្ញ​ថៃ គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នៃ​ការ​ជួបជុំ​កម្លាំង​ក្រុម​បាតុករ​ជា​លើកដំបូង​អំឡុង​ដែល​ទីក្រុង​បាងកក​ធ្លាក់​ក្នុង​ការ​រាតត្បាត​ជំងឺ​កូវីដ​ដ៏​ធ្ងន់ធ្ងរ​នៅឡើយ។

ក្នុង​ស្ថានភាព​រំជើបរំជួល​នយោបាយ​នៅ​កណ្ដាល​ក្រុង​បាងកក អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ការ​សម្រេច​របស់​តុលាការ​រដ្ឋធម្មនុញ្ញ​ថៃ ទោះ​ជា​ពុំ​បាន​ចេញ​សាលដីកា​ដាក់​ទោស​ឧក្រិដ្ឋ​លើ​មេដឹកនាំ​បាតុករ​ទាំង ៣​រូប​មែន ប៉ុន្តែ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​នេះ នឹង​បើក​ផ្លូវ​ឱ្យ​មាន​បណ្ដឹង​ទៅកាន់​គណៈកម្មការ​បោះឆ្នោត​ដែល​អាច​នាំ​ឱ្យ​មាន​បណ្ដឹង​របស់​ស្ថាប័ន​បោះឆ្នោត​នេះ​ត្រឡប់​ទៅ​តុលាការ​នេះ​វិញ ហើយ​នឹង​នាំ​ឱ្យ​មាន​ការ​សម្រេច​ជា​ថ្មី​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ (MFP) បើ​សាលដីកា សម្រេច​រំលាយ​បក្ស​ប្រឆាំង​ធំ​ទី​ពីរ​នេះ។

យ៉ាងណា មុន​នឹង​ធ្លាក់​បណ្ដឹង​នេះ​ទៅ​តុលាការ​រដ្ឋធម្មនុញ្ញ​វិញ គឺ​តុលាការ​ព្រហ្មទណ្ឌ នឹង​អាច​យក​សេចក្តី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ទៅ​ប្រើ​ជា​មូលដ្ឋាន​សម្រាប់​ចោទប្រកាន់​មេដឹកនាំ​បាតុករ ៣​រូប​នេះ ពី​បទ «ក្បត់​ជាតិ» ហើយ​ពិត​ណាស់​បើក​ទៅ​រក​ការ​រំលាយ​បក្ស​ប្រឆាំង​នេះ។

ក្នុង​ព្រឹត្តិការណ៍​នោះ បាតុករ​បាន​ដុត​រូបសំណាក​ចៅក្រម​របស់​តុលាការ​រដ្ឋធម្មនុញ្ញ ដែល​មេដឹកនាំ​ក្រុម​បាតុករ​ចោទប្រកាន់​ថា កំពុង​ដណ្តើម​អំណាច​ពី​ប្រជាជន។ នេះ​បើ​យោង​តាម​កាសែត​ថៃ​បាងកក​ប៉ុស្តិ៍។

មេដឹកនាំ​បាតុកម្ម Thatchapong Kaedam បាន​ថ្លែង​ថា ការ​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​ស្ថាប័ន​រាជ​បល្ល័ង្ក មិនមែន​មាន​ន័យ​ថា​ជា​ផែនការ​ប៉ុនប៉ង​ផ្តួល​រំលំ​របប​រាជា​និយម​នោះ​ទេ។ លោក​ទទូច​ថា បើ​មាន​កំណែ​ទម្រង់ គឺជា​រឿង​ល្អ​ប្រសើរ​ទៅវិញ​ចំពោះ​របប​រាជា​និយម។

ចាប់តាំង​ពី​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដែល​ផ្ទុះឡើង​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០២០ បាតុករ​ដែល​ភាគច្រើន​ជា​យុវជន និស្សិត បាន​ទាមទារ ១០​ចំណុច ដែល​នៅ​ក្នុង​នោះ​លោក​នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចារ ចុះចេញ​ពី​តំណែង និង​ទាមទារ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ ជាពិសេស​ទាមទារ​ឲ្យ​មាន​តម្លាភាព​ហិរញ្ញវត្ថុ​របស់​រាជវាំង និង​ទាមទារ​ឲ្យ​លុប​ចោល​ច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ ជាពិសេស​មាត្រា​១១២។

តាម​ច្បាប់​ព្រហ្មទណ្ឌ​ថៃ បទ​ប្រមាថ​ព្រះមហាក្សត្រ​អាច​ត្រូវ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​រយៈពេល ១៥​ឆ្នាំ ចំណែក​បទល្មើស​ប៉ុនប៉ង​ផ្តួល​រំលំ​របប​រាជា​និយម​វិញ គឺជា​ទោស​ក្បត់​ជាតិ។ ទម្ងន់​ទោស​នេះ​អាច​នឹង​ត្រូវ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​អស់​មួយ​ជីវិត។

អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស ព្រមាន​ថា ការ​ប៉ះទង្គិច​រវាង​ប៉ូលិស​និង​បាតុករ ដែល​ធ្វើ​ឲ្យ​បាតុករ ២​នាក់​រង​របួស គឺ​ជា​សញ្ញា​អាក្រក់​នាំ​ឱ្យ​មាន​ការ​ប៉ះ​គ្នា​ធ្ងន់​ជាង​នេះ​ទៀត បើ​មាន​បាតុកម្ម​ក្រោយៗ​ទៀត។

នៅ​ក្នុង​ការ​តវ៉ា​កាលពី​ថ្ងៃ​អាទិត្យ បាតុករ​មួយ​ក្រុម​បាន​បន្ត​ដំណើរ​ទៅដល់​មុខ​ស្ថានទូត​អាល្លឺម៉ង់ ដោយ​បាន​ដាក់​ញត្តិ​សម្ដែង​ពី​ក្តី​បារម្ភ​នៃ​ការ​វិលត្រឡប់​នៃ​របប​រាជា​និយម​ផ្ដាច់ការ​នៅ​ប្រទេស​ថៃ។ ក្រុម​បាតុករ​បាន​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាល្លឺម៉ង់ ក៏​ព្រោះ​ថា​អាល្លឺម៉ង់​ជា​ប្រទេស​ដែល​ព្រះមហាក្សត្រ​ថៃ ព្រះបាទ វិជ្ជរ៉ាឡុងកន តែងតែ​យាង​ទៅ​ស្នាក់​នៅ​រយៈពេល​យូរ ហើយ​ក៏​ចំ​ពេល​ព្រះមហាក្សត្រ​ទើប​យាង​ធ្វើ​ដំណើរ​ចេញ​ទៅ​អាល្លឺម៉ង់ នៅ​សប្តាហ៍​មក​នេះ បន្ទាប់ពី​ខកខាន​ជាង​មួយ​ឆ្នាំ​ដោយសារ​ពិភពលោក​ធ្លាក់​ក្នុង​ជំងឺ​ឆ្លង​កូវីដ​ដែល​ប្រភព​ដើម​ចេញពី​ប្រទេស​ចិន។

ប្រទេស​ថៃ ប្រកាន់​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ គឺ​ចាប់តាំង​ពី​ឆ្នាំ​១៩៣២។ រដ្ឋធម្មនុញ្ញ​របស់​រាជាណាចក្រ​នេះ​ចែង​អំពី​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ប៉ុន្តែ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ តែងតែ​រង​នូវ​រដ្ឋប្រហារ គឺ​ជិត ២០​លើក​មក​ហើយ។ រដ្ឋប្រហារ​ចុងក្រោយ​នៅ​ខែ​ឧសភា ឆ្នាំ​២០១៤ ជា​ព្រឹត្តិការណ៍​បញ្ចប់​អំណាច​ស៊ីវិល​នៃ​គណបក្ស​ភឿថៃ ហើយ​ជា​ព្រឹត្តិការណ៍​មួយ​បង្ក​លក្ខណៈ​ឱ្យ​លោក ប្រាយុទ្ធ ចាន់អូចារ ក្លាយ​ជា​នាយករដ្ឋមន្ត្រី ដែល​បុរស​នេះ​ហើយ​ជា​មេ​រដ្ឋប្រហារ​នៅ​គ្រា​នោះ។ អតីត​មេ​រដ្ឋប្រហារ​ម្នាក់​នេះ កំពុងតែ​ត្រូវ​បាតុករ​រុញច្រាន​ឱ្យ​ចុះ​ចេញពី​តំណែង ដែល​បាតុករ​រិះគន់​ថា មេ​ទ័ព​រូប​នេះ​មិន​សម​ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​កើត​ចេញពី​ការ​បោះឆ្នោត​របស់​ប្រជាជន​នៅ​ឆ្នាំ​២០១៩ ឡើយ។

អ្នក​សង្កេតការណ៍​ព្រមាន​ថា ចលាចល​នយោបាយ​នៅ​ទីក្រុង​បាងកក ចាប់ពី​ពេលនេះ​ទៅ នឹង​កាន់តែ​រីក​ធំ​ឡើង បើ​តុលាការ​រដ្ឋធម្មនុញ្ញ​នៅ​បន្ត​ទុក​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ថា គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ (MFP) ដែល​ជា​គណបក្ស​ថ្មី​មក​ជំនួស​បក្ស​ឆ្ពោះ​ទៅ​មុខ (FFP) ត្រូវ​បាន​តុលាការ​នេះ​រំលាយ​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅតែ​ប្រឈម​នឹង​ការ​រំលាយ​ដូច​បក្ស FFP។ ក្នុង​ស្ថានភាព​នេះ លោក ប្រាយុទ្ធ កាន់តែ​ជា​មុខសញ្ញា​នៃ​ការ​ទាមទារ​ឱ្យ​ចុះ​ចេញពី​តំណែង​ដោយ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស