រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា ទណ្ឌិតដែលសុទ្ធតែជាឧក្រិដ្ឋជនគ្រឿងញៀនដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង កាលពីពេលកន្លងទៅ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅពន្ធនាគារវិញបានគ្រប់ចំនួនអស់ហើយ ប៉ុន្តែនៅតែមានមតិរិះគន់ថា ឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្ត Rock ដែលត្រូវបានចោទពីបទពាក់ព័ន្ធនឹងការចែកចាយគ្រឿងញៀនជិត ៥០គីឡូក្រាម នៅតែអាចដើរហើរសេរីក្រៅច្បាប់បានដដែល។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសរសេរលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី១៧ វិច្ឆិកា នេះថា លទ្ធផលជោគជ័យនៃប្រតិបត្តិការនេះ គឺដោយសារតែមានការចូលរួមពីប្រជាពលរដ្ឋដែលបានជួយស្រាវជ្រាវ និងរាយការណ៍ជូនសមត្ថកិច្ចរហូតឈានទៅដល់ការចាប់បានមកវិញនូវទណ្ឌិតដែលបានវាយទម្លុះជញ្ជាំងពន្ធនាគារលួចរត់គេចខ្លួន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនោះ។
លោក ស ខេង អះអាងថា បេសកកម្មនៃការចាប់ខ្លួនអ្នកទោសចូលពន្ធនាគារវិញនេះ គឺដោយសារមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងខ្លាំង ដែលជាមោទកភាពមួយបង្ហាញថា ប្រជាពលរដ្ឋខ្មែរពិតជាមានការយល់ដឹង និងបានចូលរួមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការថែរក្សាសន្តិសុខសុវត្ថិភាពសង្គមយ៉ាងម៉ឺងម៉ាត់ផងដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបញ្ជាក់ថា ដំណើរការអធិការកិច្ចចំពោះបញ្ហាដែលបានកើតឡើង ធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារនោះ គឺនៅកំពុងដំណើរការនៅឡើយ ហើយក្រសួងមហាផ្ទៃនឹងធ្វើកិច្ចការនេះប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីធានានូវការគ្រប់គ្រងរបស់រដ្ឋាភិបាលកម្ពុជាកាន់តែល្អប្រសើរថែមទៀត។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកទោសគ្រឿងញៀន ៧នាក់ បានទម្លាយរបងថ្មពន្ធនាគារខេត្តស្ទឹងត្រែង ដើម្បីរត់គេចខ្លួន ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលពួកគេមានទោសជាប់ពន្ធនាគារចាប់ពី ២០ឆ្នាំរហូតដល់មួយជីវិត។ អ្នកទោសទាំងនោះត្រូវអនុវត្តទោសចាប់ពី ៥ឆ្នាំរហូតអស់មួយជីវិតពីបទចោរកម្មមានស្ថានទម្ងន់ទោស និងខ្លះទៀតជួញដូរគ្រឿងញៀន។

សារព័ត៌មានក្នុងស្រុក VOD បានដកស្រង់សម្ដីប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី កាលពីពេលថ្មីៗនេះថា រឿងដែលសំខាន់ជាងគេ គឺអាជ្ញាធរត្រូវបើកការស៊ើបអង្កេតមួយជាក់លាក់ ដោយឯករាជ្យ ហើយមានសុចរិតភាពបំផុត ដើម្បីឱ្យរកឃើញថា តើការហែកគុកចេញអាចមានមូលហេតុចម្បងអ្វីខ្លះ? ហើយមកពីបញ្ហាអ្វី? ដើម្បីរកឱ្យឃើញការពិត និងដោះស្រាយបញ្ហាទាំងនោះ។
ទាក់ទិននឹងបញ្ហានេះ គណនី Facebook មួយឈ្មោះ នី នឿន Ny Noeun បានចូលទៅសរសេរក្នុងប្រអប់បញ្ចេញមតិក្រោយការអះអាងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថា ទោសជួញដូរគ្រឿងញៀនត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារយូរៗណាស់ ក្នុងនោះមានអ្នកខ្លះជាប់ពន្ធនាគារដល់ទៅ ២០ឆ្នាំ ៣០ឆ្នាំ និងមួយជីវិត ប៉ុន្តែឧកញ៉ាស្រុកខ្មែរខ្លះនៅតែអាចដើរហើរសេរីក្រៅច្បាប់បានដដែល បើទោះបីរកឃើញថា បានជួញដូរគ្រឿងញៀនហើយក៏ដោយ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ អាជ្ញាធរក្រុងភ្នំពេញបានចាប់ខ្លួនឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្ត Rock ដែលត្រូវបានចោទពីបទពាក់ព័ន្ធនឹងការចែកចាយគ្រឿងញៀនជិត ៥០គីឡូក្រាម។ ជុំវិញបញ្ហានេះ ឧកញ៉ា គិត ធាង ដែលគេស្គាល់ថាជាបងប្អូនបង្កើតរបស់ឧកញ៉ា គិត ម៉េង ត្រូវតុលាការសម្រេចដាក់ពន្ធនាគារ PJ បណ្ដោះអាសន្ន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ស្របតាមមាត្រា៤៤ ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។

យ៉ាងណាក៏ដោយ តុលាការក្រុងភ្នំពេញបានសម្រេចបន្ធូរបន្ថយទោសដល់ឧកញ៉ារូបនេះ ដោយប្រកាសផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៤ឆ្នាំប៉ុណ្ណោះ ក្នុងនោះគឺត្រូវអនុវត្តទោសឲ្យជាប់ពន្ធនាគារមួយរយៈពេលខ្លី និងសម្រេចឲ្យព្យួរទោសរយៈពេល ២ឆ្នាំផងដែរ។
ក្រុមអ្នកសង្កេតការណ៍រិះគន់ថា អ្នកមានលុយ និងមានអំណាចនៅកម្ពុជា បានយកច្បាប់របស់ជាតិធ្វើជាឧបករណ៍ដើម្បីបម្រើមហិច្ឆតា ការពារទ្រព្យសម្បត្តិ និងអំណាចបក្ខពួករបស់ពួកគេ ដូច្នេះអំពើនិទ្ទណ្ឌភាពនៅកម្ពុជាមិនអាចលុបបំបាត់បានទេ នៅពេលដែលប្រព័ន្ធយុត្តិធម៌នៅតែជាឧបករណ៍របស់អ្នកមានអំណាចដូចសព្វថ្ងៃនេះ៕