34 C
Phnom Penh

ក្រសួង​ទេសចរណ៍៖ ថ្ងៃ​ទី​មួយ​នៃ​បុណ្យ​អុំទូក​មាន​ទេសចរ​ដើរ​កម្សាន្ត​ជាង ១៣​ម៉ឺន​នាក់​ទូទាំង​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ទេសចរណ៍ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា នេះ​ថា ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ប្រមាណ​ជាង ១៣​ម៉ឺន​នាក់ បាន​ចេញ​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ប្រទេស​នៅ​ថ្ងៃ​ទី​មួយ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ អកអំបុក។

រមណីយដ្ឋាន​ទេសចរណ៍​សំខាន់ៗ​ក្នុង​ប្រទេស​ចំនួន ៦​កន្លែង​ដែល​ជា​គោលដៅ​សម្រាប់​ភ្ញៀវ​ក្នុង​ស្រុក​ដើរ​លេង​កម្សាន្ត ក្នុង​នោះ៖

  • ខេត្ត​ព្រះសីហនុ ជា​ខេត្ត​មាន​ប្រជាប្រិយភាព​សម្រាប់​ឱកាស​ឈប់​សម្រាក​ឆ្នាំ​នេះ គឺ​មាន​ភ្ញៀវ​ចូល​លេង​កម្សាន្ត​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ត្រូវ​នឹង​ថ្ងៃ​ទី​មួយ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នេះ គឺ​ចំនួន​ជាង ១​ម៉ឺន ៨​ពាន់​នាក់។
  • ខេត្ត​កំពត ជាប់​លំដាប់​លេខ​២ គឺ​មាន​ភ្ញៀវ​ជាង ១​ម៉ឺន ៥​ពាន់​នាក់​ចូល​លេង​កម្សាន្ត។
  • ខេត្ត​សៀមរាប លំដាប់​ទី​៣ គឺ​មាន​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​ជាង ១​ម៉ឺន ៥​ពាន់​នាក់។
  • ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​មណ្ឌលគិរី មាន​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​ប្រមាណ ១​ម៉ឺន​នាក់។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​បង្ហាញ​ការ​កត់សម្គាល់​ថា ចរន្ត​ភ្ញៀវ​ទេសចរ​មាន​ភាព​ផុសផុល​នៅ​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់​ទូទាំង​ប្រទេស រាប់​ទាំង​គោលដៅ​ទេសចរណ៍​វប្បធម៌ តំបន់​ឆ្នេរ អេកូ​ទេសចរណ៍ កសិទេសចរណ៍ និង​រមណីយដ្ឋាន​កែច្នៃ​បែប​លក្ខណៈ​គ្រួសារ ជាដើម។ លោក​ថា តាម​ការ​វាយ​តម្លៃ​បឋម ភ្ញៀវ​ទេសចរ​នឹង​មាន​ចំនួន​កាន់តែ​ច្រើន​នៅ​ថ្ងៃ​ទី​ពីរ និង​ទី​បី​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​បន្ត​ថា បើ​ទោះបីជា​ពុំ​មាន​ការ​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ ក៏​ពលរដ្ឋ​នៅតែ​ដើរ​កម្សាន្ត​ច្រើន​នៅ​មុខ​ព្រះបរមរាជវាំង ខណៈ​ដែល​កន្លែង​ខ្លះ​ក៏​មាន​ការ​រៀបចំ​ការ​ប្រណាំង​ទូក​ខ្នាត​តូច ដូចជា​នៅ​កោះប្រាក់ ស្រុក​កៀនស្វាយ ក្នុង​ខេត្ត​កណ្តាល និង​នៅ​បន្ទាយឆ្មារ ក្នុង​ខេត្ត​បន្ទាយមានជ័យ ជាដើម ស្រប​ពេល​ដែល​រដ្ឋបាល​រាជធានី-ខេត្ត​បាន​តុបតែង​លម្អ​ទីរួមខេត្ត និង​ទីប្រជុំជន​នានា​ឲ្យ​មាន​សោភណភាព​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ។

ប្រភព​ដដែល​បញ្ជាក់​ថា អត្រា​កក់​បន្ទប់​ស្នាក់​នៅ​តាម​សណ្ឋាគារ និង​ផ្ទះសំណាក់ គឺ​មាន​ច្រើន ជាពិសេស​ខេត្ត​គោលដៅ​សំខាន់ៗ ដូចជា​ខេត្ត​ព្រះសីហនុ ខេត្ត​កែប ខេត្ត​កំពត ខេត្ត​សៀមរាប ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី ជាដើម ខណៈ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​កាន់តែ​ច្រើន​បាន​បើក​ដំណើរការ​ទទួល​ភ្ញៀវ​ទេសចរ​ឡើងវិញ។

លោក ថោង ខុន បាន​បញ្ជាក់​ទៀត​ថា រដ្ឋបាល​រាជធានី-ខេត្ត និង​មន្ទីរ​ទេសចរណ៍ បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​វិធានការ​សុវត្ថិភាព​ទេសចរណ៍ SOP របស់​ក្រសួង​ទេសចរណ៍ និង​វិធានការ​សុខាភិបាល​នានា​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ Covid-19 ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ក៏​បាន​ចូលរួម​ទប់ស្កាត់​បាន​ល្អ​ប្រសើរ ពិសេស​តាមរយៈ​ការ​បង្ហាញ​កាត ឬ​បណ្ណែ​ចាក់​វ៉ាក់សាំង។

អ្នក​ឃ្លាំមើល​សង្គម​បាន​ឲ្យ​ដឹង​ដែរ​ថា ស្ថានភាព​ភ្ញៀវ​ទេសចរ​បាន​ចេញ​ដើរ​កម្សាន្ត​ក្នុង​ឱកាស​នេះ ក៏​ជា​សញ្ញា​បង្ហាញ​ថា ចរន្ត​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​ខ្លះៗ​ហើយ បន្ទាប់ពី​រដ្ឋាភិបាល​បាន​បិទ​ខ្ទប់​អស់​រយៈពេល ២​ឆ្នាំ​ដោយសារ​តែ​វិបត្តិ​រាលដាល​ជំងឺ Covid-19៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស