កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចាប់ខ្លួនមន្ត្រីយោធាចំនួន ៣នាក់ពាក់ព័ន្ធនឹងការរក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សារព័ត៌មានដែលស្និទ្ធនឹងលោក ហ៊ុន សែន គឺ Fresh News បានដកស្រង់សម្ដីមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា ចុះផ្សាយនៅថ្ងៃទី២២ វិច្ឆិកា នេះថា មន្ត្រីយោធា ៣នាក់ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៩-២០ ខែវិច្ឆិកា នេះ មានឈ្មោះ អូន ពិសិដ្ឋ ពាក់ផ្កាយ១ បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ ហើយនិងអតីតអនុប្រធានផ្នែកសឹករងម្នាក់ និងម្នាក់ទៀតជាមន្ត្រីយោធាធម្មតា។
ក្រោយពីឃាត់ខ្លួននោះ សមត្ថកិច្ចបានបញ្ជូនមន្ត្រីយោធាទាំង ៣នាក់ទៅតុលាការ ពាក់ព័ន្ធនឹងការរក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់។

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោក សហការជាមួយកម្លាំងខេមរភូមិន្ទ ចេញល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានរកឃើញអាវុធចំនួន ៣៣ដើម និងបង់គ្រាប់ ៤០បង់ក្នុងចម្ការមៀនមួយកន្លែងនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ដោយឡែកកាលពីខែតុលា ឆ្នាំ២០២១ មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោកលេខ៨១៩ សហការជាមួយកម្លាំងខេមរភូមិន្ទ ចេញល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានប្រទះឃើញអាវុធជាង ៥០ដើម ព្រមទាំងបង់ និងគ្រាប់រាប់រយគ្រាប់ផ្សេងទៀតនៅចំណុចអូរព្រំដែន ភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង៕