ក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រលើកឡើងថា សកម្មជនបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនដោយរដ្ឋាភិបាលក្រុងភ្នំពេញ គឺដោយសារតែមន្ត្រីបក្សប្រឆាំងនាំគ្នាទុកសមរភូមិនយោបាយនៅកម្ពុជាចោល ដែលធ្វើឱ្យបក្សកាន់អំណាចហ៊ានរំលោភច្បាប់រឹតត្បិតសេរីភាពនយោបាយរបស់សកម្មជន និងមន្ត្រីបក្សប្រឆាំងទាំងនោះយ៉ាងអានាធិបតេយ្យដូចសព្វថ្ងៃនេះ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២២ វិច្ឆិកា នេះថា លោកធ្លាប់បានផ្តាំតាមរយៈមនុស្សជំនិតអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី កាលនៅក្នុងពន្ធនាគារថា បើមន្ត្រីបក្សនាំគ្នាចាកចេញពីកម្ពុជា គឺស្មើនឹងទុកសមរភូមិនយោបាយឲ្យបក្សកាន់អំណាចអុកឡុកតាមទំនើងចិត្ត ជាពិសេសការធ្វើទុក្ខបុកម្នេញលើសកម្មជននៅមូលដ្ឋានរបស់ខ្លួន។
អ្នកវិភាគរូបនេះអះអាងថា ប្រសិនមេដឹកនាំគណបក្សសង្គ្រោះជាតិកុំប្រមូលគ្នាចេញពីកម្ពុជា ហើយបែរជាប្រមូលផ្តុំគ្នាធ្វើពលីកម្មដឹកនាំតវ៉ាជាចំហទល់នឹងរដ្ឋាភិបាលក្រុងភ្នំពេញ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅពេលនោះ រដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន នឹងមិនអាចរំលោភច្បាប់ រំលោភសិទ្ធិមនុស្សយ៉ាងគឃ្លើនស្រេចតែនឹងអំពើចិត្តនោះទេ។
លោក គឹម សុខ បញ្ជាក់ថា ក្រោយអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិទាល់ច្រកនយោបាយនៅក្រៅប្រទេស ហើយចង់ចូលស្រុកវិញនោះ គឺមានតែរៀបខ្លួនចូលរួមការបោះឆ្នោតដ៏អយុត្តិធម៌ ដើម្បីបំពេញអំណាចឲ្យរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន បន្តទៀតតែប៉ុណ្ណោះ។ ប៉ុន្តែសកម្មជនបក្សប្រឆាំងទាំងអស់នឹងត្រូវរដ្ឋអំណាចកម្ពុជាបំបិទសេរីភាពម្តងមួយៗ ដូចករណីចាប់បញ្ជូនសកម្មជនបក្សប្រឆាំងស្ងាត់ៗពីប្រទេសថៃ ជាឧទាហរណ៍ជាក់ស្តែង។

សង្គមស៊ីវិលធ្លាប់បានបង្ហាញទិន្នន័យរបស់ខ្លួនកាលពីពេលថ្មីៗនេះថា ចាប់តាំងពីដើមឆ្នាំ២០១៩ មក សកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់ត្រូវបានជនមិនស្គាល់មុខលបវាយប្រហារបណ្តាលឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរ រហូតមានអ្នកខ្លះបាក់ដៃ បាក់ជើង បាក់ឆ្អឹងជំនីរ និងបែកក្បាលជាដើម។
សកម្មជនបក្សប្រឆាំងតែងរងការវាយប្រហារដោយជនមិនស្គាល់មុខ ខណៈសំណុំរឿងទាំងនោះមិនត្រូវបានសមត្ថកិច្ចនៃរដ្ឋាភិបាលលោក ហ៊ុន សែន បើកការស៊ើបអង្កេតវែកមុខជនដៃដល់ទាំងនោះឡើយ ទោះមានខ្សែវីដេអូតាមកាមេរ៉ាសុវត្ថិភាព បង្ហាញពីភិនភាគជនល្មើសទាំងនោះយ៉ាងណាក្តី។
ជាក់ស្តែង ប្រធានក្រុមអង្គរក្សលោក សម រង្ស៊ី គឺលោក ពួក ចិន្តា កាលពីចុងខែកញ្ញា ឆ្នាំ២០១៩ ត្រូវជនមិនស្គាល់មុខពីរនាក់ពាក់មួកការពារសុវត្ថិភាពដើម្បីកុំឲ្យស្គាល់ភិនភាគ លបវាយក្បាលពីក្រោយនឹងដំបងនៅក្បែរទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងរាជធានីភ្នំពេញ។
ជាងនេះទៀត អតីតចៅសង្កាត់កោះដាច់ របស់បក្សប្រឆាំង លោក ស៊ិន បូណា ត្រូវជនមិនស្គាល់មុខពីរនាក់ធាក់ផ្តួលម៉ូតូ ហើយយកកំណាត់ដែកវាយសំពងលើរូបលោករហូតបណ្តាលឲ្យបាក់ដៃខាងឆ្វេង ខណៈលោកកំពុងធ្វើដំណើរតាមម៉ូតូលើដងផ្លូវមួយកន្លែងក្នុងទីក្រុងភ្នំពេញ កាលពីចុងឆ្នាំ២០១៩៕