ក្រុមសង្គមស៊ីវិលជិត ១០០ស្ថាប័នដែលធ្វើការលើវិស័យសិទ្ធិមនុស្សនៅកម្ពុជា សម្ដែងការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចោទប្រកាន់ ការចាប់ឃុំខ្លួនតំណាងសហគមន៍ដីធ្លី សកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិពីសំណាក់រដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ។
បណ្ដាញសម្ព័ន្ធសហជីពសហគមន៍មូលដ្ឋាន រួមទាំងជនជាតិដើមភាគតិច បានចេញសេចក្តីថ្លែងការណ៍ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់ និងដោះលែងតំណាងសហគមន៍ដីធ្លី សកម្មជនការពារព្រៃឈើធនធានធម្មជាតិទាំងអស់ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ។
ប្រភពដដែលអះអាងថា ការចាប់ឃុំខ្លួនសកម្មជនសង្គមដែលធ្វើឡើងដោយរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ គឺជាការគំរាមកំហែង បំភិតបំភ័យ និងធ្វើទុក្ខបុកម្នេញដោយផ្ទាល់ និងប្រយោលក្នុងការបម្រើសង្គមជាតិ ដើម្បីរួមចំណែកលើកកម្ពស់សិទ្ធិមនុស្ស កិច្ចការពារបរិស្ថាន និងសម្បត្តិធម្មជាតិនានារបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។
ក្រុមអង្គការសង្គមស៊ីវិលខាងលើ អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនដែលកំពុងជាប់ឃុំសព្វថ្ងៃនេះឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យពួកគេបានជួបជុំក្រុមគ្រួសារ និងបានបន្តរួមចំណែកបម្រើកិច្ចការសង្គមជាតិបន្តទៀត ត្បិតពួកគេមិនបានប្រព្រឹត្តប្រាសចាកពីបម្រាមនៃច្បាប់របស់កម្ពុជាណាមួយនោះឡើយ។
អង្គការសមាគមជិត ១០០ស្ថាប័ន បាននាំគ្នាចេញសេចក្តីថ្លែងការណ៍រួមដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដោយទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនសង្គមដែលត្រូវអាជ្ញាធរចាប់ឃុំខ្លួនសព្វថ្ងៃនេះ ដូចជាលោក ឆន ផល្លា លោក លី ចន្ទតារ៉ាវុធ និងកញ្ញា ស៊ុន រដ្ឋា ជាដើម ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ ដើម្បីឱ្យពួកគេបានចូលរួមកិច្ចការសង្គមជាតិបន្តទៀត។
ជុំវិញបញ្ហានេះ របាយការណ៍សង្គមស៊ីវិល បង្ហាញថា រយៈពេល ១ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានប្រើយុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ ដើម្បីបំបាក់ស្មារតី និងបំបិទសំឡេងតវ៉ានានាចំពោះអ្នកដែលរិះគន់លើការដឹកនាំមិនត្រឹមត្រូវរបស់ខ្លួន ក្នុងនោះសកម្មជនការពារសិទ្ធិមនុស្ស សកម្មជននយោបាយ និងសកម្មជនបរិស្ថានប្រមាណជា ៤០នាក់ហើយដែលត្រូវអាជ្ញាធរចាប់ខ្លួននាពេលកន្លងមក។
កាលពីចុងឆ្នាំ២០២០ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្ស អ្នកស្រី Mary Lawlor បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរឹតបន្តឹងលើអង្គការសង្គមស៊ីវិល ការធ្វើទុក្ខបុកម្នេញលើអ្នកតស៊ូមតិដើម្បីយុត្តិធម៌សង្គម ក្រុមអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនបរិស្ថានពីសំណាក់រដ្ឋាភិបាលកម្ពុជា។
មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការប្រជុំ។ លើសពីនេះ មាត្រា៣៥ ក៏បានចែងផងដែរថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ៕