បុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន ប្ដេជ្ញាថា លោកនឹងនៅតែបន្តកាន់តំណែងជាអ្នកការពារសន្តិភាពរហូតក្រុមអ្នកប្រឆាំងនឹងលោក រលាយរលត់ពីផែនដីសិន ទើបលោកត្រួសត្រាយបើកផ្លូវសម្រាប់ក្មេងជំនាន់ក្រោយឱ្យបន្តតំណែងនេះ។
លោក ហ៊ុន សែន អះអាងនៅថ្ងៃអង្គារ ទី២៣ វិច្ឆិកា នេះថា លោកនឹងយកឈ្នះជាមួយក្រុមអ្នកប្រឆាំងនឹងលោកឱ្យបាន ដើម្បីការពារសន្តិភាពជូនពលរដ្ឋខ្មែរ ហើយលោកនឹងធ្វើឱ្យដៃគូប្រជែងនយោបាយទាំងនោះទាល់ច្រកគ្រប់គ្នា ទើបលោកត្រួសត្រាយបើកផ្លូវឱ្យក្មេងជាន់ក្រោយបន្តតំណែងរបស់លោក។ ដូច្នេះនៅពេលនេះ លោកនឹងនៅតែបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីច្រើនឆ្នាំតទៅទៀតដើម្បីការពារសន្តិភាពជូនពលរដ្ឋខ្មែរ។
មេដឹកនាំដែលឧស្សាហ៍ប្រមាថជីវិតគូប្រជែងនយោបាយរបស់ខ្លួនរូបនេះ គំរាមថា បើទោះបីជាលោកអូសបន្លាយអាណត្តិរបស់លោកប៉ុន្មានឆ្នាំតទៅមុខទៀត គឺស្រេចតែលោកប៉ុណ្ណោះ ឲ្យតែប្រជាជនបោះឆ្នោតឲ្យលោកកាន់អំណាចបន្តទៀត ហើយលោកនឹងមិនឱនក្បាលចំពោះការគាបសង្កត់ណាមួយ ដែលនាំឱ្យមានអស្ថិរភាព និងបាត់បង់សន្តិភាពរបស់ប្រទេសកម្ពុជានោះឡើយ។
ការអះអាងនេះ ធ្វើឡើងក្នុងបំណងចំអកឱ្យអ្នកនយោបាយដែលតែងរិះគន់ពីការដឹកនាំរបស់បក្សកាន់អំណាច ជាពិសេសអ្នកដែលមិនពេញចិត្តនឹងការកាន់កាប់អំណាចក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៣ វិច្ឆិកា នេះថា ការលើកឡើងរបស់លោក ហ៊ុន សែន គ្រាន់តែបង្ហាញពីភាពសាហាវយង់ឃ្នងរបស់លោកជាងការដឹកនាំរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ។
លោក គឹម សុខ រិះគន់ថា កម្ពុជាដែលក្រោមការដឹកនាំរបស់អតីតកម្មាភិបាលដែលសល់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម លោក ហ៊ុន សែន បានកាឡៃពាក្យសន្តិភាពដើម្បីប្រកាសកម្ចាត់ជាតិសាសន៍ខ្មែរខ្លួនឯងជាចំហតែម្តង ដែលបង្ហាញពីការដឹកនាំព្រៃផ្សៃរបស់របបខ្មែរក្រហមដែលបានប្រែរូបស្ថិតក្នុងការដឹកនាំរបស់បក្សកាន់អំណាចសព្វថ្ងៃនេះ។
អ្នកវិភាគនយោបាយរូបនេះបញ្ជាក់ថា កម្ពុជាដែលក្រោមការដឹកនាំរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត ទោះជាព្យាយាមបំផ្លាញពូជសាសន៍ខ្មែរ ក៏នៅតែលួចប្រព្រឹត្តដោយស្ងាត់ៗដែរ ហើយមិនហ៊ានប្រកាសជាចំហដូចមេដឹកនាំកម្ពុជាដែលលើកបន្តុបដោយរដ្ឋាភិបាលវៀតណាម ក្នុងសម័យបច្ចុប្បន្ននេះទេ។
ក្រុមអ្នកសង្កេតការណ៍រិះគន់ថា កម្ពុជាដែលក្រោមការដឹកនាំជិត ៤០ឆ្នាំរបស់លោក ហ៊ុន សែន មកនេះ មិនទាន់អាចរកសន្តិភាពជូនពលរដ្ឋខ្មែរបាននៅឡើយទេ ខណៈសន្តិភាពដែលបក្សកាន់អំណាចតែងប្រកាសអរគុណសន្តិភាពកន្លងមក គឺជាសន្តិភាពក្រោមការភ័យខ្លាចរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរងការគំរាមចាប់ខ្លួនពីសំណាក់មេដឹកនាំអតីតបក្សកុម្មុយនីស្តមួយនេះតែប៉ុណ្ណោះ។
ចាប់តាំងពីលោក ហ៊ុន សែន កាន់កាប់អំណាចពីឆ្នាំ១៩៨៥ មក ត្រូវគេមើលឃើញថា កម្ពុជាមានតែការបែកបាក់សាមគ្គីរវាងជាតិឯងកាន់តែធំទៅៗតាំងពីដើមរហូតមក ក្នុងនោះព្រឹត្តិការណ៍បែកបាក់ជាតិធំៗដែលគេបានកត់សម្គាល់ គឺការផ្ដួលរំលំដៃគូនយោបាយរបស់ខ្លួនតាមរូបភាពផ្សេងៗ រួមមានការផ្ដួលរំលំកម្លាំងនយោបាយបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដោយការបង្កើតឱ្យមានរដ្ឋប្រហារបង្ហូរឈាមថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧។
ចុងក្រោយនេះ ដើម្បីរំលាយកម្លាំងបក្សប្រឆាំងដែលជាគូប្រជែងដែលមានប្រៀបជាងខ្លួន បក្សកាន់អំណាចបានរំលោភរដ្ឋធម្មនុញ្ញកែច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីលុបឈ្មោះគណបក្សសង្គ្រោះជាតិ ចេញពីឆាកនយោបាយក្នុងបំណងដឹកនាំប្រទេសដោយឯកបក្សដូចសព្វថ្ងៃនេះ៕