27 C
Phnom Penh

មេដឹកនាំ​ចិន​ថា​មិន​ធ្វើ​ទុក្ខបុកម្នេញ​ប្រទេស​តូចៗ​ក្នុង​តំបន់ ប៉ុន្តែ​គេច​មុខ​ពេល​មេដឹកនាំ​ហ្វីលីពីន​លើក​ករណី​សមុទ្រ​ចិន​ខាងត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន បាន​ក្លាយ​ជា​ប្រធានបទ​ក្តៅ​ជាងគេ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ចិន-អាស៊ាន កាលពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ដែល​មាន​វត្តមាន​ប្រធានាធិបតី​ចិន។

ក្នុង​កិច្ចប្រជុំ​តាមរយៈ​វីដេអូ​អនឡាញ ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​ថ្លែង​ថា ចិន​មិន​ដែល​ស្វែងរក​អនុត្តរភាព ឬ​ភាព​ជា​កំពូល និង​មិន​ធ្វើ​ទុក្ខបុកម្នេញ​លើ​ប្រទេស​តូចៗ​ក្នុង​តំបន់​នេះ​ទេ។

ប៉ុន្តែ​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីងហ្គូ ឌូទើតេ បាន​ថ្កោលទោស​ចិន ករណី​ប៉ះទង្គិច​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង រវាង​នាវា​ចិន និង​នាវា​ហ្វីលីពីន ហើយ​ពេល​នោះ​បែរជា​គេ​រក​ពុំ​ឃើញ​លោក ស៊ី នៅ​លើ​កញ្ចក់​វីដេអូ​អនឡាញ​ទៅវិញ។

បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia បាន​ចុះផ្សាយ​ថា ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​ថ្លែង​ច្បាស់ៗ​នៅ​ចំពោះ​ថ្នាក់​ដឹកនាំ​អាស៊ាន​ថា ចិន​នៅតែ​ប្រកាន់ខ្ជាប់​ជា​មិត្ត​ដ៏​ល្អ និង​ជា​ដៃគូ​ល្អ​របស់​អាស៊ាន។

យ៉ាងណា មេដឹកនាំ​ចិន​រូប​នេះ​មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​សមាជិក​អាស៊ាន​ណា​មួយ​ដែល​លោក ស៊ី ថា​ចិន​មិន​ដែល​ស្វែងរក​ការ​វាតទី​និយម និង​មិន​ដែល​មាន​គំនិត​ចង់​ធ្វើ​បាប​ប្រទេស​អាស៊ាន​ណា​មួយ​នោះ​ទេ ទោះ​តូច​ឬ​ធំ​ក្តី គឺ​ចិន​ពុំ​មាន​ចរិត​អនុត្តរភាព​ឡើយ។ តែ​បន្ថែម​លើស​ពី​នេះ លោក ស៊ី ក៏​បាន​អំពាវនាវ​សុំ​ឱ្យ​មេដឹកនាំ​អាស៊ាន និង​ចិន រួបរួម​គ្នា​ដើម្បី​រក្សា​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​រួម​គ្នា​ប្រែក្លាយ​សមុទ្រ​ចិន​ខាងត្បូង​ជា​សមុទ្រ​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ។

ការពិត ចិន​កំពុង​បន្ត​ជម្លោះ​ប្រទាញប្រទង់​ជាមួយ​ប្រទេស​អាស៊ាន​ចំនួន​៤ គឺ​ប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម និង​ហ្វីលីពីន ជាពិសេស​គឺ​ប្រទេស​ហ្វីលីពីន ដែល​ក្រុង​ប៉េកាំង បាន​ទាត់​ចោល​សាលដីកា​នៃ​អាជ្ញាកណ្ដាល​នៃ​មជ្ឈត្តការ​អន្តរជាតិ​ឆ្នាំ​២០១៦ ដែល​ផ្ដល់​សិទ្ធិ​ឱ្យ​ហ្វីលីពីន ចូល​ទៅ​កាន់កាប់​ឡើងវិញ​ក្នុង​ប្រជុំកោះ​នៅ​សមុទ្រ​ហ្វីលីពីន​ខាងលិច ដែល​ស្ថិត​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ទីនោះ នាវា​ចិន​តែងតែ​ចូល​លុកលុយ គឺ​ជាក់ស្ដែង​នាវា​ល្បាត​របស់​ចិន​យ៉ាងតិច ៣​គ្រឿង​កំពុង​ស្ថិតនៅ​ទីនោះ។

ទីក្រុង​ម៉ានីល បាន​ទាមទារ​ឱ្យ​ចិន ដក​នាវា​ទាំងនោះ​ត្រឡប់​ទៅវិញ ប៉ុន្តែ​ក្រុង​ប៉េកាំង​មិន​ស្ដាប់​ឡើយ។

លោក ឌូទើតេ បាន​ទាមទារ​ឱ្យ​ចិន បញ្ឈប់​សកម្មភាព​អនុត្តរភាព ហើយ​ត្រូវ​ទទួល​យក​សាលដីកា​របស់​អាជ្ញាកណ្ដាល​នៃ​មជ្ឈត្តការ​អន្តរជាតិ​ឆ្នាំ​២០១៦។ យ៉ាងណាក៏ដោយ លោក ស៊ី ជីនពីង មិន​បាន​ឆ្លើយតប​ឡើយ ខណៈ​មាន​ការ​ចុះផ្សាយ​ថា លោក ស៊ី បាត់​ចេញពី​វីដេអូ​អនឡាញ​នៅ​ពេល​លោក ឌូទើតេ ឡើង​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ក្នុង​នាម​ជា​មេដឹកនាំ​ហ្វីលីពីន និង​ក្នុង​នាម​ជា​សមាជិក​អាស៊ាន។

តាម​ការ​សង្កេត​របស់​អ្នក​សារព័ត៌មាន បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បាន​ធ្វើ​ឱ្យ​មេដឹកនាំ​អាស៊ាន ជាពិសេស​ប្រទេស​ពាក់ព័ន្ធ​ផ្ទាល់ ក៏​បាន​ថ្លែង​ព្រួយបារម្ភ​អំពី​ភាព​តានតឹង​ដែល​មិន​អាច​រក​ឃើញ​ដំណោះស្រាយ ហើយ​នាំ​ឲ្យ​តំបន់​ធ្លាក់​ក្នុង​ស្ថានភាព​អសន្តិសុខ និង​សន្តិភាព​មិន​ច្បាស់លាស់។ ទាំង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​វៀតណាម សុទ្ធតែ​បាន​ថ្លែង​រឿង​នេះ​ដោយ​ជំរុញ​ឱ្យ​មាន​ស្ថិរភាព​ឡើងវិញ។

ដោយឡែក​ចំពោះ​នាយករដ្ឋមន្ត្រី​កម្ពុជា ទោះ​ជា​ថ្លែង​ព្រួយបារម្ភ​បន្តិច​មែន តែ​មិន​ស្ដែង​ឱ្យ​ឃើញ​ពី​អារម្មណ៍​ថា​ត្រូវ​ធ្វើ​ដូចម្ដេច ដើម្បី​ឲ្យ​ចិន​បន្ថយ​ភាព​តានតឹង ឬ​បន្ថយ​ការ​គាបសង្កត់​មក​លើ​សមាជិក​អាស៊ាន ពាក់ព័ន្ធ​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ ក្រៅពី​លើក​ទឹកចិត្ត​ឲ្យ​អាស៊ាន​ពង្រឹង​ការ​តភ្ជាប់​ក្នុង​តំបន់​ស្របតាម​ស្មារតី​នៃ​សេចក្តី​ថ្លែងការណ៍​រួម​អាស៊ាន-ចិន អំពី​ផែនការ​តភ្ជាប់​អាស៊ាន​ឆ្នាំ​២០២៥ និង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ដើម្បី​បង្កើន​ប្រសិទ្ធភាព​លំហូរ​ទំនិញ សេវាកម្ម និង​ចលនា​ប្រជាជន។

សុន្ទរកថា​របស់​លោក ហ៊ុន សែន ទៅកាន់​មេដឹកនាំ​អាស៊ាន-ចិន បាន​បង្ហាញ​ថា កម្ពុជា​គាំទ្រ​ចំពោះ​ការ​លើក​កម្ពស់​ទំនាក់ទំនង​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ការ​អនុម័ត​សេចក្តី​ថ្លែងការណ៍​រួម​ស្ដីពី​កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-ចិន។ លោក ហ៊ុន សែន បន្ត​ថា កម្ពុជា​ស្វាគមន៍​នូវ​គំនិត​ផ្ដួចផ្ដើម​ការ​អភិវឌ្ឍ​សកល​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ដែល​នឹង​ក្លាយ​ជា​កម្លាំង​គាំទ្រ​ដ៏​សំខាន់​ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​ក្នុង​ការ​ស្ដារ​សង្គម និង​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយពី​វិបត្តិ​ជំងឺ​កូវីដ-១៩ និង​ក្នុង​ការ​លើកស្ទួយ​សិទ្ធិមនុស្ស​តាមរយៈ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ។

បើ​តាម​មេដឹកនាំ​កម្ពុជា​រូប​នេះ គឺ​ប្រទេស​កម្ពុជា​សូម​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​ប្រារព្ធ​ខួប ២០​ឆ្នាំ​នៃ​ការ​ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​ស្ដីពី​ការ​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង។ សម្រាប់​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ នេះ ក៏​បាន​វាយតម្លៃ​ខ្ពស់​អំពី​វឌ្ឍនភាព​នៃ​ការ​ចរចា​ឆ្ពោះ​ទៅ​បញ្ចប់​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែល​លោក ហ៊ុន សែន អះអាង​ថា ប្រកប​ដោយ​ខ្លឹមសារ​ពេញលេញ និង​ប្រសិទ្ធភាព​ខ្ពស់។

កាលពី​ឆ្នាំ​២០១២ កម្ពុជា​ជា​ប្រធាន​អា​ស៊ាន ត្រូវ​បាន​សមាជិក​អាស៊ាន​មួយ​ចំនួន​វាយប្រហារ​ថា មាន​ជំហរ​លម្អៀង​ទៅ​រក​ចិន ដោយ​ធ្វើ​ឱ្យ​ខកខាន​នៃ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​អំពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង។ ប្រទេស​ដែល​រិះគន់​កម្ពុជា​ខ្លាំង​ជាងគេ គឺ​ប្រទេស​ហ្វីលីពីន និង​វៀតណាម។

តើ​ឆ្នាំ​២០២២ ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន អាច​ធ្វើ​ឱ្យ​ខូច​ការណ៍​ដូច​ឆ្នាំ​២០១២ ទៀត​ឬ​ទេ?៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស