ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានអញ្ជើញកោះតៃវ៉ាន់ឱ្យចូលរួមសន្និសីទកំពូលស្ដីពីលទ្ធិប្រជាធិបតេយ្យជាមួយបណ្តាប្រទេសជាង ១១០ ដែលជាចលនានយោបាយពិភពលោកដ៏ធំមួយ ត្រូវគេមើលឃើញថាជាការវាយប្រហារលើប្រទេសចិន សាជាថ្មី ព្រោះតែប្រទេសធំនេះតែងតែប្រឆាំងការជួយកោះតៃវ៉ាន់ឱ្យមានវត្តមាននៅឆាកអន្តរជាតិ។
ភ្នាក់ងារសារព័ត៌មានបារាំង AFP ឲ្យដឹងថា សន្និសីទនេះប្រៀបបាននឹងយុទ្ធនាការរបស់លោកប្រធានាធិបតីអាមេរិក ដែលបានកំណត់ការតស៊ូរវាងប្រទេសលទ្ធិប្រជាធិបតេយ្យ និងប្រទេសកុម្មុយនីស្ត និងប្រទេសផ្ដាច់ការ។ សន្និសីទកំពូលដើម្បីប្រជាធិបតេយ្យពិភពលោកនេះ នឹងប្រព្រឹត្តទៅតាមអ៊ីនធឺណិតនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែធ្នូ។
សន្និសីទនេះ ត្រូវបានផ្សព្វផ្សាយជាយូរមកហើយ ប៉ុន្តែបញ្ជីឈ្មោះប្រទេសដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៣ វិច្ឆិកា មាននៅលើគេហទំព័ររបស់ក្រសួងការបរទេស ត្រូវបានគេមើលឃើញមានដែនកោះតៃវ៉ាន់មួយផងដែរ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺគូប្រជែងសំខាន់របស់អាមេរិក គឺចិន និងរុស្ស៊ី ប្រតិកម្មជាខ្លាំង។
រុស្ស៊ីដែលស្ថិតនៅក្រៅបញ្ជី បានរិះគន់សហរដ្ឋអាមេរិកថាកំពុងបែងចែកប្រទេស រីឯចិនឯណោះវិញ បានខឹងសម្បាយ៉ាងខ្លាំងដោយសារតែលោក បៃដិន ហៅតៃវ៉ាន់ឱ្យចូលរួមក្នុងសន្និសីទកំពូលនេះ។
ប្រតិកម្មរបស់លោក Dmitry Peskov ដែលជាអ្នកនាំពាក្យវិមានក្រឹមឡាំង បានហៅសហរដ្ឋអាមេរិកថាមានផែនការបង្កើតប្លុកថ្មី ហើយបែងចែកបណ្តាប្រទេសនានាទៅតាមគំនិតរបស់ខ្លួន ថាក្រុមណាល្អ ក្រុមណាអាក្រក់ ព្រោះតែប្រទេសដែលមិនស្នើឱ្យមកចូលរួមប្រជុំ គឺជាប្រទេសមិនដើរតាមការចង្អុលបង្ហាញរបស់អាមេរិក។
ចំណែកចិន គឺតាមរយៈអ្នកនាំពាក្យក្រសួងការបរទេស គឺលោក Zhao Lijian បានប្រកាសជំហរប្រឆាំងដាច់ខាតចំពោះការអញ្ជើញតៃវ៉ាន់ឱ្យមានវត្តមានក្នុងសន្និសីទកំពូលនេះ ដោយអះអាងថា កោះតៃវ៉ាន់ជាដែនដីមួយរបស់ចិន ដែលមិនអាចផ្តាច់បានពីទឹកដីចិនបានឡើយ។
ប្រទេសចិនបានថ្កោលទោសចំពោះការប្រើប្រាស់ពាក្យ តៃវ៉ាន់ ដែលមើលទៅជាការផ្តល់ភាពស្របច្បាប់អន្តរជាតិចំពោះដែនកោះតៃវ៉ាន់ ក្រោមលេសពង្រឹងប្រទេសប្រជាធិបតេយ្យ ដែលទីក្រុងប៉េកាំង អះអាងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានប្ដេជ្ញាថានឹងរឹបអូសនៅថ្ងៃណាមួយដោយកម្លាំងយោធាប្រសិនបើចាំបាច់។
អ្នកសង្កេតការណ៍ខ្លះយល់ស្របដែលថា តៃវ៉ាន់មានលក្ខណៈគ្រប់គ្រាន់ និងរឹងមាំនៃកម្លាំងប្រជាធិបតេយ្យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ុន្តែប្រទេសចិនដែលប្រកាន់របបកុម្មុយនីស្ត គឺប្រទេសនេះមិនច្រណែនទេ តែប្រទេសធំនេះខឹងសម្បានឹងអាមេរិកព្រោះតែចាញ់ប្រៀបតៃវ៉ាន់ គឺចាញ់ប្រៀបនៃតម្លៃការទូត។
បែបនេះក្ដី ក្រុងប៉េកាំងបានត្រឹមតែប្រតិកម្មខឹងសម្បាតែប៉ុណ្ណោះ ដែលថ្មីៗនេះ តៃវ៉ាន់បានពង្រីកទំនាក់ទំនងការទូតជាមួយប្រទេសជាច្រើនថែមទៀត ជាពិសេសប្រទេសនៅអឺរ៉ុបខាងកើត មានដូចជាសាធារណរដ្ឋឆេក សាធារណរដ្ឋស្លូវ៉ាគី សាធារណរដ្ឋលីទុយអានី សាធារណរដ្ឋអេស្តូនី ជាដើម។
មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ យូហ្សេបវុយ ត្រូវបានគណៈកម្មការអឺរ៉ុបស្នើឱ្យមកថ្លែងសុន្ទរកថានៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ជាទីស្នាក់ការធំរបស់សហភាពអឺរ៉ុប។
ប្រមុខការទូតតៃវ៉ាន់បានជួបជាច្រើនជាមួយសមភាគីរបស់លោកនៃប្រទេសសហភាពអឺរ៉ុបចំនួន ២៧ប្រទេស។ សម្រាប់ចិន ក៏ប្រតិកម្មខ្លាំងណាស់ដែរ ប៉ុន្តែបណ្តាប្រទេសនៅអឺរ៉ុប មិនខ្វល់នឹងក្រុងប៉េកាំងឡើយ។ ប្រទេសនៅអាស៊ីដែលអាមេរិកកត់សម្គាល់ថាមានប្រជាធិបតេយ្យច្រើនជាងគេ ហើយត្រូវបានស្នើឱ្យមកចូលរួមប្រជុំ មានឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង កោះម៉ាល់ឌីវ នេប៉ាល់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និងទីម័រខាងកើត។
ប្រទេសឥណ្ឌា ដែលគេហៅថាជាប្រទេសលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោក នឹងមានវត្តមាននៅក្នុងជំនួបកំពូលនេះ គឺនាយករដ្ឋមន្ត្រី Narendra Modi។ លោក Narendra Modi នឹងថ្លែងសុន្ទរកថាអំពីគុណតម្លៃលទ្ធិប្រជាធិបតេយ្យសកល។ សម្រាប់ប្រទេសនៅអឺរ៉ុបសឹងតែទាំងអស់ ត្រូវបានស្នើឱ្យមកចូលរួមក្នុងសន្និសីទនេះ។
ប្រទេសប្រជាធិបតេយ្យជឿនលឿនដូចជាប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ ហុឡង់ដ៍ ស៊ុយអែត កាណាដា អ៊ីតាលី អ៊ុយក្រែន វ៉ាំងឡង់ អូស្ត្រាលី ញូវហ្សឺឡែន ជាដើម សុទ្ធតែរំពឹងថាមេដឹកនាំប្រទេសទាំងនេះ នឹងប្រើប្រាស់សុន្ទរកថារបស់ពួកគាត់ប្រកបដោយការលើកទឹកចិត្តឱ្យមានកម្លាំងប្រជាធិបតេយ្យពិភពលោកកាន់តែរីកធំឡើង និងរឹងមាំ។
ចំពោះដែនកោះតៃវ៉ាន់វិញ ដែលមានឈ្មោះក្នុងចំណោម ១១០ប្រទេស ត្រូវបានប្រធានាធិបតីសហរដ្ឋអាមេរិកស្នើឱ្យមកចូលរួមប្រជុំនៃសន្និសីទពិភពលោក អំពីលទ្ធិប្រជាធិបតេយ្យ អាចត្រូវបានអ្នកស្រី សាយ អ៊ឹងវិន ជាប្រធានាធិបតីដែនកោះមួយនេះ នឹងថ្លែងសុន្ទរកថាខណៈតំណាងរបស់តៃវ៉ាន់ប្រចាំនៅក្រុងវ៉ាស៊ីនតោន នឹងចូលរួមដោយផ្ទាល់៕