28 C
Phnom Penh

គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ប្ដេជ្ញា​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ពេល​ខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ អំពាវនាវ​ឱ្យ​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស រួម​គ្នា​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​រដ្ឋាភិបាល​មួយ​ដែល​ដឹកនាំ​តាម​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ខុស​ពី​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​បច្ចុប្បន្ន។

ប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក ជីវ កត្តា បាន​ប្ដេជ្ញា​ក្នុង​ពិធី​សន្និបាត​ចលនា​យុវជន​ទូទាំង​ប្រទេស​របស់​ខ្លួន​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​អាទិត្យ ទី​២៨ វិច្ឆិកា ថា គណបក្ស​របស់​លោក​នឹង​ដឹកនាំ​យុវជន និង​ពលរដ្ឋ​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​មួយ​ជា​វិជ្ជមាន ដើម្បី​ដណ្តើម​កៅអី​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឱ្យ​ប្រជាពលរដ្ឋ។

លោក ជីវ កត្តា បញ្ជាក់​ថា ចលនា​យុវជន​គឺជា​ឆ្អឹងខ្នង​ដ៏​សំខាន់​ក្នុង​ការ​ដឹកនាំ និង​បន្ត​វេន​ដើម្បី​ផ្លាស់ប្ដូរ​ការ​អភិវឌ្ឍ​សង្គម​ជាតិ ដូច្នេះ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​រៀបចំ​គោល​នយោបាយ​របស់​ខ្លួន ដែល​ផ្តល់​ឱកាស​ដល់​យុវជន​ក្នុង​ការ​ចូលរួម​ជីវភាព​នយោបាយ​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់ ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន ដើម្បី​ដឹកនាំ កសាង និង​បម្រើ​ប្រជាពលរដ្ឋ​ដែល​ម្ចាស់​ឆ្នោត​ឱ្យ​បាន​ទូលំទូលាយ។

កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​រៀបចំ​សន្និបាត​យុវជន​ទូទាំង​ប្រទេស ដែល​មកពី​ខេត្ត​បាត់ដំបង ខេត្ត​កណ្តាល និង​ខេត្ត​ឧត្តរមានជ័យ ជាដើម ប្រមាណ​ជិត ៥០០​នាក់ ស្ថិតនៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​បណ្តុះបណ្តាល​យុវជន​ទាំងនោះ​ក្នុង​ការ​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​ខ្លួន​នៅ​មូលដ្ឋាន មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​មក​ដល់។

អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា ក្រុម​របស់​លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ទាំង​គោល​នយោបាយ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ជាពិសេស​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ដែល​គណបក្ស​បាន​រៀបចំ​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ពោរពេញ​ដោយ​សមត្ថភាព ដើម្បី​ដឹកនាំ​កសាង​ប្រទេស​ជូន​ពលរដ្ឋ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស