ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ព្រមានម្ចាស់យានយន្តឱ្យនាំគ្នាទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះរបស់ខ្លួនគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១ នៅថ្ងៃទី៣០ ខែវិច្ឆិកា ដែលជាថ្ងៃចុងក្រោយនេះជាកំហិត ប្រសិនបើមានការយឺតយ៉ាវ នឹងត្រូវពិន័យប្រាក់ពន្ធទ្វេដង ប៉ុន្តែមន្ត្រីបក្សក្រៅរដ្ឋាភិបាលមិនឯកភាពនឹងការពិន័យនេះឡើយ។
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីជូនដំណឹងកាលពីពេលថ្មីៗនេះថា អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ហើយ ខណៈម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបំពេញកាតព្វកិច្ចនោះទេ ប៉ុន្តែនាយកដ្ឋានពន្ធដារមិនទាន់ធ្វើបច្ចុប្បន្នភាពអំពីចំនួនយានយន្តដែលបានបង់ពន្ធរួចរាល់ និងយានយន្តដែលមិនទាន់បង់ពន្ធនោះដែរ។
ប្រភពដដែលព្រមានថា ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ទៅ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ កងរាជអាវុធហត្ថ ដើម្បីអនុវត្តប្រមូលពន្ធនៅតាមដងផ្លូវនានា ដើម្បីចាត់វិធានការច្បាប់ស្ដីពីសារពើពន្ធលើម្ចាស់យានយន្តគ្រប់ប្រភេទដែលខកខានបង់ពន្ធឱ្យទាន់ពេលវេលាតាមកាលកំណត់។
កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងឱ្យម្ចាស់យានយន្តទៅបង់ពន្ធសម្រាប់ឆ្នាំ២០២១ តាមបណ្តាសាខាពន្ធដារទូទាំងប្រទេស ឬនៅធនាគារ ដូចជាធនាគារអេស៊ីលីដា និងធនាគារវឌ្ឍនៈអាស៊ីចំកាត់ ដែលហៅកាត់ថា ABA ជាដើម ដែលបានអនុញ្ញាតឱ្យបង់ពន្ធចាប់តាំងពីដើមខែមិថុនា រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ វិច្ឆិកា នេះថា រដ្ឋាភិបាលមិនគួរឱ្យមានវិធានការផាកពិន័យលើដងផ្លូវចំពោះម្ចាស់យានយន្តដែលខកខានបំពេញកាតព្វកិច្ចពន្ធនោះទេ ប៉ុន្តែរដ្ឋអាចប្រើវិធានការដែលល្អជាងគោលការណ៍ដែលខ្លួនគ្រោងនឹងអនុវត្តនៅដើមខែធ្នូ នេះ។
លោកបន្តថា ការរឹតបន្តឹងច្បាប់ក្នុងការផាកពិន័យតាមដងផ្លូវ គួរតែត្រូវបានលុបបំបាត់ ប៉ុន្តែជំនួសមកវិញនូវការផាកពិន័យនៅតាមសាខាពន្ធ ឬធនាគារ ដោយតម្រូវឱ្យបង់ពន្ធឱ្យលើសពីចំនួនកំណត់ចំពោះអ្នកដែលខកខានអនុវត្តតាមការណែនាំរបស់ក្រសួងកន្លងមក។ លោកពន្យល់ថា សម្រាប់ពលរដ្ឋដែលបង់ពន្ធយឺតយ៉ាវ ត្រូវផាកពិន័យ ២០% ក្នុងខែទី១ និងដំឡើង ២០% បន្ថែមទៀត បើនៅខែទី២ ហើយរដ្ឋអាចដំឡើងបែបនេះជាបន្តបន្ទាប់សម្រាប់អ្នកដែលទៅបង់ពន្ធកាន់តែយឺតយ៉ាវទៀតនោះ។
មន្ត្រីបក្សក្រៅរដ្ឋាភិបាលរូបនេះបញ្ជាក់ថា ដើម្បីធ្វើបែបនេះបាន រដ្ឋត្រូវតែមានស្ថិតិយានយន្តរបស់ពលរដ្ឋឱ្យបានច្បាស់លាស់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកាតព្វកិច្ចរបស់ពួកគេ ក្នុងការបង់ពន្ធ ដើម្បីឱ្យរដ្ឋអាចប្រមូលថវិកាជាតិយកទៅអភិវឌ្ឍផ្លូវគមនាគមន៍ឱ្យបានកាន់តែច្រើនបន្ថែមទៀត។
បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា ការដេញតាមពិន័យលើដងផ្លូវបែបនេះ ជាមូលហេតុក្នុងការបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់ពលរដ្ឋដែលមានបំណងគេចពីការត្រួតពិនិត្យរបស់នគរបាលចរាចរណ៍ផង ក៏ជាការបញ្ជាក់ពីចំណុចខ្សោយរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងស្ថិតិយានយន្តចំពោះកាតព្វកិច្ចពន្ធផង៕