ក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រ អំពាវនាវឱ្យមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បំពេញបំណងចុងក្រោយរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយការប្រកាសផ្សះផ្សាបង្រួបបង្រួមជាតិ ដើម្បីបញ្ចប់ជម្លោះផ្ទៃក្នុងរបស់ខ្មែរចាប់ពីពេលនេះតទៅ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៣០ វិច្ឆិកា នេះថា បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាគោរពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងសោកស្ដាយទ្រង់ដោយស្មោះត្រង់មែន ក្នុងនាមជាប្រមុខរដ្ឋាភិបាលកម្ពុជា គួរបំពេញបំណងរបស់សម្ដេចក្រុមព្រះជាលើកចុងក្រោយ ព្រោះថាទ្រង់ចង់ឃើញកម្ពុជាមានការផ្សះផ្សានយោបាយដោយពិតប្រាកដ។
អ្នកវិភាគរូបនេះលើកឡើងថា បើមិនអាចផ្ដល់នីតិសម្បទាដល់គណបក្សសង្គ្រោះជាតិឡើងវិញទេ យ៉ាងហោចណាស់ក៏ដោះលែងអ្នកទោសមនសិការទាំងអស់ ទម្លាក់ចោលបទចោទប្រកាន់ ផ្ដល់សេរីភាពជូនអ្នកនយោបាយជាប់បម្រាម និងបង្កើតបរិយាកាសប្រកួតប្រជែងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ដែរ។ ត្បិតទង្វើទាំងនោះ ក៏ជាការផ្សះផ្សានយោបាយជាតិមួយ ដើម្បីជូនដំណើរសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាចុងក្រោយក្នុងនាមព្រះអង្គធ្លាប់ជាមេដឹកនាំជាតិមួយរូប។

លោកសង្ឃឹមថា លោក ហ៊ុន សែន នឹងបើចិត្តទូលាយផ្សះផ្សាជាតិ ដោយចាត់ទុកថាជាការធ្វើបុណ្យដ៏ធំមួយដើម្បីបង្កើតកុសលជូនជាតិផង ជាការគោរពព្រះរាជបល្ល័ង្កផង និងជាការគោរពវិញ្ញាណក្ខន្ធសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលទ្រង់ធ្លាប់ជាអតីតនាយករដ្ឋមន្ត្រីទី១ អតីតប្រធានរដ្ឋសភាជាតិ និងជាដៃគូនយោបាយរបស់លោក ហ៊ុន សែន ផងនោះ។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានចេញលិខិតរំលែកទុក្ខក្នុងឱកាសនៃការចូលទិវង្គតរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ថា ការចូលទិវង្គតរបស់ព្រះអង្គ គឺជាការបាត់បង់នូវឥស្សរជនក្នុងព្រះរាជវង្សដ៏ឆ្នើមមួយអង្គ ដែលទ្រង់ពេញព្រះទ័យចំពោះជាតិមាតុភូមិប្រកបដោយមនសិការមោះមុត។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការដឹកនាំនយោបាយរបស់លោក ហ៊ុន សែន ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ១៩៨៥ មក បានប្រើអំណាចហួសដែនកំណត់ និងដើម្បីកាន់កាប់អំណាចផ្ដាច់មុខតែម្នាក់ឯងយូរអង្វែងទៅថ្ងៃមុខ ក្នុងនោះលោក ហ៊ុន សែន ក៏ធ្លាប់បង្កើតព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ដើម្បីរំលាយកម្លាំងទ័ពរាជានិយម «ហ៊្វុនស៊ិនប៉ិច» របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ផងដែរ។
យ៉ាងណាក៏ដោយ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានអះអាងថា លោកបានធ្វើច្រើនណាស់ក្នុងការដឹកនាំជាតិរកការបង្រួបបង្រួមជាតិរវាងខ្មែរនិងខ្មែរ ប៉ុន្តែភាគីនយោបាយក្រុមប្រឆាំងមិនយល់អំពីការបង្រួបបង្រួមជាតិនេះទេ។
បែបនេះក្តី សហភាពអឺរ៉ុប និងបណ្តាប្រទេសលោកសេរីជាច្រើន នៅតែបន្តជំរុញឱ្យអ្នកនយោបាយខ្មែរវិលទៅរកការចរចាបញ្ចប់ជម្លោះនយោបាយ ដើម្បីផលប្រយោជន៍ជាតិ និងសេចក្តីសុខរបស់ពលរដ្ឋខ្មែរ៕