អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe)

ព័ត៌មានអន្តរជាតិ

ចិន​កោះហៅ​អគ្គរាជទូត​ជប៉ុន​យ៉ាង​បន្ទាន់​ក្រោយ​ពី​លោក អាបេ ប្រាប់​អាមេរិក​ចាប់​ដៃ​នឹង​ជប៉ុន​ប្រឆាំង​ចិន​ករណី​តៃវ៉ាន់

By ឌឹ ខេមបូឌា ដេលី

December 03, 2021

ក្រសួង​ការបរទេស​ចិន បាន​កោះហៅ​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​ប្រទេស​ចិន​ភ្លាមៗ​ឱ្យ​ចូលរួម​កិច្ចប្រជុំ​យ៉ាង​បន្ទាន់​មួយ អំពី​សេចក្ដី​ថ្លែងការណ៍​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្សូ អាបេ ដែល​បាន​ប្រកាន់​ជំហរ​ការពារ​កោះ​តៃវ៉ាន់ និង​ការ​ជំរុញ​ឱ្យ​អាមេរិក​ចាប់​ដៃ​ជាមួយ​ជប៉ុន ប្រឆាំង​អន្តរភាព​របស់​ចិន លើ​ករណី​កោះ​តៃវ៉ាន់។

អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ដ៏​មាន​ឥទ្ធិពល​រូប​នេះ​បាន​ថ្លែង​នៅ​ក្នុង​វេទិកា​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​នយោបាយ​នៅ​តៃវ៉ាន់ ហើយ​ត្រូវ​បាន​ស្រង់​មក​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​១ ធ្នូ។

នៅ​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន លោក Hideo Tarumi ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ចិន អ្នកស្រី Hua Chunying បាន​ហៅ​ការ​ថ្លែង​របស់​លោក អាបេ ពាក់ព័ន្ធ​កោះ​តៃវ៉ាន់ ថា​ជា​ពាក្យ​សម្ដី​ខុស​ឆ្គង និង​រំលោភ​លើ​បទដ្ឋាន​ជា​មូលដ្ឋាន​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​ជប៉ុន។

លោក ស៊ីនហ្សូ អាបេ បាន​ថ្លែង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ទៅកាន់​វេទិកា​ថ្នាក់​តំបន់​មួយ​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​នយោបាយ​របស់​តៃវ៉ាន់ ថា ប្រជុំកោះ Senkaku ដែល​ចិន​ហៅថា Diaoyu ស្ថិតនៅ​កៀក​កោះ​តៃវ៉ាន់ ហើយ​ក្នុង​នោះ​ដែន​កោះ Sakishima និង Yonaguni មាន​ចម្ងាយ​តែ ១០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ដែន​កោះ​តៃវ៉ាន់។ លោក អាបេ បាន​សង្កត់​ធ្ងន់​ជុំវិញ​បញ្ហា​នេះ​ថា ការ​វាយប្រហារ​ណា​មួយ​ទៅ​លើ​កោះ​តៃវ៉ាន់ ក៏​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទៅ​ដល់​ដែន​កោះ​ជប៉ុន​ទាំងនេះ ហើយ​ចាំបាច់​ជប៉ុន​ត្រូវតែ​ឆ្លើយតប។

អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​រូប​នេះ​បាន​ថ្លែង​ទៀត​ថា គ្រាអាសន្ន​របស់​តៃវ៉ាន់ ក៏ដូចជា​គ្រាអាសន្ន​របស់​ជប៉ុន ហើយ​ក៏​ជា​គ្រាអាសន្ន​សម្រាប់​សម្ពន្ធភាព​រវាង​ជប៉ុន-អាមេរិក​ផង​ដែរ គឺ​ជប៉ុន និង​អាមេរិក​ត្រូវតែ​ជួយ​កោះ​តៃវ៉ាន់។ លោក​ប្រាប់​ទៅ​ប្រជាជន​នៅ​ទីក្រុង​ប៉េកាំង ជាពិសេស​លោក​ប្រធានាធិបតី ស៊ី ជីនពីង ថា មិន​គួរ​មាន​ការ​យល់​ច្រឡំ​ក្នុង​បញ្ហា​នេះ​ឡើយ។

អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្សូ អាបេ បាន​ថ្លែង​បើក​ទំព័រ​ខែ​ថ្មី​នេះ​ថា ប្រទេស​ជប៉ុន និង​សហរដ្ឋ​អាមេរិក មិន​គួរ​ឈរ​នៅ​ស្ងៀម​នោះ​ឡើយ ប្រសិនបើ​ប្រទេស​ចិន​វាយប្រហារ​កោះ​តៃវ៉ាន់។

សេចក្ដី​ថ្លែងការណ៍​របស់​លោក អាបេ បាន​នាំ​ឱ្យ​មាន​ប្រតិកម្ម ដោយ​ចាត់ទុក​លោក អាបេ ជា​អ្នក​បង្ក​រឿង និង​រំលោភ​ធ្ងន់ធ្ងរ​ដល់​អធិបតេយ្យភាព​របស់​ចិន និង​រំលោភ​គោល​នយោបាយ​ចិន​តែ​មួយ។

បើ​តាម​សេចក្តី​ថ្លែងការណ៍​មួយ​នៃ​ក្រសួង​ការបរទេស​ចិន ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ធ្នូ នេះ​គឺ​នៅ​ចំពោះ​មុខ​ឯកអគ្គរាជទូត​ជប៉ុន អ្នកស្រី Hua Chunying តំណាង​ឲ្យ​ក្រសួង​ការបរទេស​ចិន បាន​ឆ្លើយតប​ទៅវិញ​ថា ការ​អត្ថាធិប្បាយ​របស់​លោក អាបេ គឺជា​ការ​ប្រឆាំង​ដោយ​បើក​ចំហ​ចំពោះ​អធិបតេយ្យភាព​របស់​ប្រទេស​ចិន និង​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​មុតមាំ​ដល់​កងកម្លាំង​ឯករាជ្យ​តៃវ៉ាន់ ដែល​អ្នកស្រី​ថា​ប្រទេស​ចិន​ប្រឆាំង​យ៉ាង​ដាច់ខាត​ចំពោះ​ការ​លើកឡើង​បែប​នេះ។

ប្រទេស​ជប៉ុន គឺជា​មូលដ្ឋាន​យោធា​របស់​សហរដ្ឋ​អាមេរិក ក្នុង​នោះ​នៅ​លើ​កោះ Okinawa ដែល​នៅ​ក្បែរ​កោះ​តៃវ៉ាន់។

ប្រសិនបើ​សហរដ្ឋ​អាមេរិក​ជ្រើសរើស​យក​ការ​ការពារ​តៃវ៉ាន់ ក្នុង​ករណី​ដែល​ចិន​បើក​ការ​វាយប្រហារ​ទៅលើ​កោះ​ដែល​ចិន​ថា​ជា​ខេត្ត​របស់​ខ្លួន គឺជា​ការ​រញ្ជួយ​ដល់​កោះ Okinawa។

ស្រប​ពេល​ដែល​សកម្មភាព​យោធា​របស់​ចិន កាន់តែ​ខ្លាំង រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក និង​កូរ៉េ​ខាងត្បូង ជួប​ពិភាក្សា​គ្នា​ដើម្បី​ពង្រឹង​សម្ពន្ធភាព​ដែល​មើល​ទៅ​គឺជា​ការ​បង្ហាញ​កម្លាំង​ប្រឆាំង​នឹង​ចិន។

តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ​ខាងត្បូង Yonhap រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក Lloyd Austin បាន​ធ្វើ​ដំណើរ​មកដល់​ទឹកដី​កូរ៉េ​ខាងត្បូង និង​ជួប​ពិភាក្សា​ផ្ទាល់​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង លោក Su Wook នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០២ ខែ​ធ្នូ។ បន្ទាប់ពី​ការ​ជួប​ពិភាក្សា ប្រមុខ​ការពារ​ជាតិ​ទាំង​ពីរ​ប្រកាស​ចេញ​នូវ​ការ​ពង្រឹង​សម្ពន្ធភាព​យោធា​រាប់​ទសវត្សរ៍​រវាង​ប្រទេស​ទាំង​ពីរ។

លោក Lloyd Austin បាន​បង្ហាញ​ការ​ប្ដេជ្ញា​ជា​ថ្មី​ទៀត​ចំពោះ​ការ​ប្រើប្រាស់​សមត្ថភាព​យ៉ាង​ពេញលេញ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ការពារ​សុវត្ថិភាព​កូរ៉េ​ខាងត្បូង។

នៅ​មុន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង លោក Lloyd Austin បាន​លើកឡើង​ថា សម្ពន្ធភាព​រវាង​អាមេរិក និង​កូរ៉េ​ខាងត្បូង គឺជា​ស្នូល​នៃ​សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​តំបន់​នេះ​ដែល​លោក​ថា​ប្រទេស​ទាំង​ពីរ​ត្រូវ​ធ្វើការ​ជាមួយ​គ្នា ដើម្បី​ឆ្ពោះ​ទៅ​រក​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ដែល​សេរី និង​បើក​ចំហ។ បច្ចុប្បន្ន សហរដ្ឋ​អាមេរិក មាន​កងទ័ព​ជិត ៣​ម៉ឺន​នាក់​នៅ​លើ​ទឹកដី​កូរ៉េ​ខាងត្បូង។

នៅ​រយៈពេល​ចុងក្រោយ​នេះ សហរដ្ឋ​អាមេរិក​កំពុង​តែ​ទាញ​ប្រទេស​កូរ៉េ​ខាងត្បូង​ឱ្យ​ក្លាយ​ជា​ដៃគូ​នៃ​ក្រុម​ចតុភាគី​ហៅថា Quad ដែល​ក្រុម​នេះ​គឺជា​កម្លាំង​យោធា​ដ៏​ធំ​មួយ គឺ​មាន​អាមេរិក ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី ហើយ​មើល​ទៅ​ក្រុង​សេអ៊ូល ក៏​ពេញចិត្ត​ផង​ដែរ។ គោលដៅ​របស់​សហរដ្ឋ​អាមេរិក គឺ​ប្រមូល​កម្លាំង​យោធា​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន។ សម្រាប់​កូរ៉េ​ខាងត្បូង បើ​បាន​ក្លាយ​ជា​ដៃគូ​យោធា​របស់​ក្រុម​ចតុភាគី​នេះ ក៏​អាច​ជា​កម្លាំង​ធំ​មួយ​ទប់ទល់​នឹង​អំណាច​យោធា​របស់​ប្រទេស​កូរ៉េ​ខាងជើង​ផង​ដែរ៕