ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងអំពីជំនួបរបស់លោកក្នុងរយៈពេលចុងក្រោយជាមួយអ្នកការទូតនៃបណ្ដាប្រទេសប្រជាធិបតេយ្យ ខណៈសម្ពន្ធភាពអ្នកប្រជាធិបតេយ្យប្រឆាំងអំណាចផ្ដាច់ការបានដើរដល់ផ្លូវបំបែកហើយនោះ។
នៅក្នុងសារចុងក្រោយមួយទៀតដែលត្រូវបានមើលឃើញនៅលើទំព័រហ្វេសប៊ុករបស់លោក កឹម សុខា នៅថ្ងៃទី៣ ខែធ្នូ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសម្ដែងការអរគុណលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបានចំណាយពេលវេលាជួបពិភាក្សាគ្នាអំពីស្ថានការណ៍នានាដែលកើតមាននៅកម្ពុជា ក៏ដូចជាសហរដ្ឋអាមេរិក។

សាររបស់លោក កឹម សុខា បានបញ្ជាក់ថា មិនខុសគ្នាពីឯកអគ្គរដ្ឋទូត និងអ្នកការទូតតំណាងប្រទេសប្រជាធិបតេយ្យធំៗដែលទើបតែបានជួបរូបលោកកាលពីសប្តាហ៍មុន ក្នុងខែវិច្ឆិកា កន្លងថ្មីៗនេះទេ គឺតែងតែលើកយកមកពិភាក្សាជាមួយរូបលោកអំពី៖
- បញ្ហាសេដ្ឋកិច្ច
- ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរក្នុងពេល និងក្រោយពេលជំងឺកូវីដ-១៩
- តួនាទីកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២
- និងស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរទូទៅ ជាពិសេសសម្រាប់ខ្លួនលោកផ្ទាល់ផងដែរ។
ចំណែកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Patrick Murphy បានសរសេរសារខ្លីមួយនៅលើទំព័រទ្វីតធឺ (Twitter) របស់លោកដោយបញ្ជាក់ថា លោកតែងតែរីករាយចំពោះការជួបពិភាក្សាជាមួយឯកឧត្តម កឹម សុខា។
លោក Patrick Murphy បានសរសេរថា ភាគីទាំងពីរបានជួប និងពិភាក្សាគ្នាអំពី៖
- ការចូលទិវង្គតនៃសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ
- បញ្ហាការស្ដារសេដ្ឋកិច្ចឡើងវិញ
- និងនៅឆ្នាំក្រោយដែលប្រទេសកម្ពុជាជាប្រធានអាស៊ានប្តូរវេន។
សាររបស់លោក Patrick Murphy នៅតែចង់ឃើញកម្ពុជាមានប្រជាធិបតេយ្យ និងជារដ្ឋឯករាជ្យ។ តែយ៉ាងណា ក្នុងជំនួបដែលចាត់ទុកថាមានលក្ខណៈពិសេសនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ពុំបានរំលេចទេអំពីសម្ពន្ធភាពអ្នកប្រជាធិបតេយ្យដែលបានដើរដល់ផ្លូវបំបែកហើយនោះ។
ប៉ុន្តែជាការកត់សម្គាល់ គឺលោក Patrick Murphy ដែលជួបលោក កឹម សុខា ជាថ្មីម្ដងទៀតនេះ កើតឡើងទន្ទឹមគ្នានឹងកម្លាំងសម្ពន្ធភាពអ្នកប្រជាធិបតេយ្យដែលជាប៉ូលនយោបាយដ៏ធំប្រឆាំងការដឹកនាំផ្ដាច់ការ បានឈានដល់ការបែកបាក់គ្នា។
ជំនួបនេះ គឺមួយថ្ងៃបន្ទាប់ពីលោក ហ៊ុន សែន បុរសខ្លាំងនៅកម្ពុជាសច្ចាថានឹងនៅបន្តធ្វើជានាយករដ្ឋមន្ត្រីយ៉ាងតិច ១០ឆ្នាំទៀតជាមួយនឹងការប្រកាសជាផ្លូវការនៅចំពោះមុខថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា គឺមានទាំងឧបនាយករដ្ឋមន្ត្រីទី១ លោក ស ខេង ដែលលោកថា លោកសូមចាត់តាំងទុកជាមុន គឺលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ឱ្យក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីនៅពេលណាលោកសម្រេចមិនឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសភាអាណត្តិក្រោយៗទៀត៕