ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ព្រមានអ្នកនាំពាក្យការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ឱ្យរក្សាកាតព្វកិច្ចគោរពអធិបតេយ្យភាព និងដែនយុត្តាធិការក្នុងស្រុករបស់រដ្ឋនីមួយៗ ជាពិសេសការរំលោភលើដែនអធិបតេយ្យរបស់កម្ពុជាតែម្តង។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ព័ត៌មានកាលពីថ្ងៃទី៦ ធ្នូ ថា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាច្រានចោលទាំងស្រុងចំពោះការអត្ថាធិប្បាយដែលបង្កការភ័ន្តច្រឡំ មានលក្ខណៈនយោបាយ និងមានបុរេវិនិច្ឆ័យរបស់អ្នកនាំពាក្យការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) លោក Rupert Colville លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាសព្វថ្ងៃនេះ។
ប្រភពដដែលអះអាងថា អាជ្ញាធរកម្ពុជាពុំដែលព្រងើយកន្តើយចំពោះសេចក្តីរាយការណ៍អំពីឧក្រិដ្ឋកម្មណាមួយនោះទេ ហើយពួកគេបានស៊ើបអង្កេតយ៉ាងហ្មត់ចត់ដោយផ្ទៀងផ្ទាត់ជាមួយភស្តុតាង និងសាក្សី រហូតឈានទៅដល់ការចាប់ខ្លួនជនសង្ស័យស្របទៅតាមច្បាប់យ៉ាងត្រឹមត្រូវ ដោយគ្មានការធ្វេសប្រហែសលើការអនុវត្តច្បាប់របស់ខ្លួនឡើយ។
កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ អ្នកនាំពាក្យការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) លោក Rupert Colville បានសម្ដែងនូវការព្រួយបារម្ភពីភាពមិនស៊ីចង្វាក់គ្នារវាងភស្តុតាងដែលផ្តល់ដោយអាជ្ញាធរ និងព័ត៌មានដែលទទួលបានដោយការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនាពេលកន្លងមក។
លោកអំពាវនាវឱ្យអាជ្ញាធរកម្ពុជា ធ្វើការស៊ើបអង្កេតដោយឯករាជ្យ និងមិនលម្អៀងលើឧក្រិដ្ឋកម្មដែលបានកើតឡើងកាលពីពេលកន្លងទៅនោះ ដើម្បីធានានូវការអនុវត្តប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះផងដែរ។
ការលើកឡើងរបស់ភ្នាក់ងារនៃអង្គការសហប្រជាជាតិរូបនេះ ធ្វើឡើងដើម្បីជំរុញឱ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតសាជាថ្មីលើករណីឃាតកម្មរបស់លោក ស៊ិន ខុន សកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវជនមិនស្គាល់អត្តសញ្ញាណចាក់នឹងកាំបិតបណ្តាលឱ្យស្លាប់ ដែលគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ យុវជនគណបក្សសង្គ្រោះជាតិ ប្រចាំខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លោក ស៊ិន ខុន ត្រូវបានជនមិនស្គាល់មុខកាប់ត្រូវជាច្រើនកាំបិតនៅលើដងខ្លួន បណ្ដាលឱ្យដាច់ជើងមួយចំហៀងត្រឹមភ្លៅ។ ជាងនេះទៀត លើក្បាល និងខ្នងរបស់សាកសពមានស្នាមកាំបិតជាច្រើនកន្លែងទៀតផង ដែលបណ្តាលឱ្យបាត់បង់ជីវិតតែម្តង។
ទាក់ទិននឹងបញ្ហានេះ សង្គមស៊ីវិលធ្លាប់បានបង្ហាញទិន្នន័យរបស់ខ្លួនថា ចាប់តាំងពីដើមឆ្នាំ២០១៩ មក សកម្មជនអតីតគណបក្សសង្គ្រោះជាតិជាច្រើននាក់ ត្រូវជនមិនស្គាល់មុខលបវាយប្រហារបណ្តាលឲ្យមានរបួសយ៉ាងធ្ងន់ធ្ងររហូតមានអ្នកខ្លះបាក់ដៃ បាក់ជើង បាក់ឆ្អឹងជំនីរ បែកក្បាល ជាដើម។
សកម្មជនបក្សប្រឆាំងតែងរងការវាយប្រហារដោយជនមិនស្គាល់មុខ ខណៈសំណុំរឿងទាំងនោះមិនត្រូវបានសមត្ថកិច្ចរដ្ឋាភិបាលលោក ហ៊ុន សែន បើកការស៊ើបអង្កេតវែកមុខជនដៃដល់ទាំងនោះឡើយ ទោះមានខ្សែវីដេអូតាមកាមេរ៉ាសុវត្ថិភាពបង្ហាញពីភិនភាគជនល្មើសទាំងនោះយ៉ាងណាក្តី។
ជាក់ស្តែង ប្រធានក្រុមអង្គរក្សលោក សម រង្ស៊ី គឺលោក ពួក ចិន្តា កាលពីចុងខែកញ្ញា ឆ្នាំ២០១៩ ត្រូវជនមិនស្គាល់មុខពីរនាក់ពាក់មួកការពារសុវត្ថិភាពដើម្បីកុំឲ្យគេស្គាល់ បានជិះម៉ូតូលបវាយក្បាលពីក្រោយនឹងដំបង ដែលនៅមិនឆ្ងាយពីទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងរាជធានីភ្នំពេញ ដែលតុលាការក្រុងភ្នំពេញរឹបអូសយកទៅលក់ឡាយឡុងកាលពីពេលថ្មីៗនេះ។
ករណីលបវាយប្រហារលើសកម្មជនបក្សប្រឆាំង បើទោះជារឿងខ្លះមានទាំងវីដេអូ និងរូបភាពបង្ហាញភិនភាគជនដៃដល់ច្បាស់លាស់ក៏ដោយ រហូតមកទល់ពេលនេះ សមត្ថកិច្ចមិនទាន់អាចវែកមុខជនល្មើសទាំងនោះយកមកកាត់ទោសតាមផ្លូវច្បាប់នៅឡើយទេ ខណៈឃាតកម្មថ្មីៗចេះតែកើតមានជាបន្តបន្ទាប់ ដូចជាករណីលោក ស៊ិន ខុន កាលពីពេលថ្មីៗនេះ ជាដើម៕