32 C
Phnom Penh

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ប្រមូល​ផ្ដុំ​មុខ​សាលាដំបូង​ខេត្ត​កោះកុង​ទាមទារ​ទម្លាក់​ចោល​បទ​ចោទ​លើ​តំណាង​សហគមន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជា​សហគមន៍​រងគ្រោះ​រាប់​រយ​នាក់ បាន​មក​ជួបជុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត​កោះកុង ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​រាល់​បទ​ចោទ​លើ​តំណាង​សហគមន៍​របស់​ពួកគេ ស្រប​ពេល​ដែល​តុលាការ​កោះហៅ​តំណាង​ពលរដ្ឋ ២​នាក់​ឱ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៨ ធ្នូ ក្រោម​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២១ ពលរដ្ឋ​រាប់​រយ​នាក់​មកពី​សហគមន៍​ចំនួន​៧ ដូចជា​សហគមន៍​ក្រុម​១៧៥ និង​សហគមន៍​ក្រុម​៧៦៦ ក្នុង​ស្រុក​ស្រែអំបិល ស្រុក​បុទុមសាគរ និង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត​កោះកុង ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​តំណាង​សហគមន៍​របស់​ពួកគេ​ដែល​បាន​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ។

ពួកគេ​ទាមទារ​ឲ្យ​សាលាដំបូង​ខេត្ត​កោះកុង ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​លើ​តំណាង​សហគមន៍​ទាំង​ពីរ​នាក់​នោះ ព្រោះ​ថា​តំណាង​សហគមន៍​របស់​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​ច្បាប់​ណា​មួយ​នោះ​ទេ ប៉ុន្តែ​តុលាការ​បែរជា​ចោទប្រកាន់​យ៉ាង​អយុត្តិធម៌​លើ​ពួកគេ​ទៅវិញ។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​រាប់​រយ​នាក់​ប្រមូល​ផ្ដុំ​មុខ​សាលាដំបូង​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២១ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​លើ​តំណាង​សហគមន៍ គឺ​អ្នកស្រី ផាវ ញ៉ើង និង​អ្នកស្រី សេង លីន។ (រូបថត​ពី​ហ្វេសប៊ុក Nhel Pheap)

តំណាង​ពលរដ្ឋ ២​នាក់ គឺ​អ្នកស្រី ផាវ ញ៉ើង និង​អ្នកស្រី សេង លីន ត្រូវ​បាន​សាលាដំបូង​ខេត្ត​កោះកុង កោះហៅ​ឱ្យ​ចូល​សវនាការ​ឆ្លើយ​បំភ្លឺ​ករណី​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម និង​បរិហារកេរ្តិ៍​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២១ ទៅ​តាម​បណ្ដឹង​របស់​អ្នកស្រី ឆាយ វី ដែល​ជា​អតីត​តំណាង​សហគមន៍​ដូច​គ្នា។

កាលពី​ចុង​ឆ្នាំ​២០១៩ ប្រជា​សហគមន៍ ១៧៥​គ្រួសារ ស្ថិត​ក្នុង​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​ប្ដឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដោយ​ចោទប្រកាន់​អតីត​តំណាង​សហគមន៍ អ្នកស្រី ឆាយ វី ថា​បាន​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​លក់​ដី​របស់​សហគមន៍​ឱ្យ​ទៅ​ឧកញ៉ា​មួយ​ចំនួន​ក្នុង​ខេត្ត​កោះកុង ប៉ុន្តែ​ត្រូវ​អតីត​តំណាង​សហគមន៍​រូប​នោះ​ច្រានចោល និង​ប្ដឹង​បក​ទៅ​តុលាការ​វិញ ដែល​បាន​បន្ត​រឿង​ក្តី​ចោទប្រកាន់​នោះ​រហូត​ដល់​សព្វថ្ងៃ​នេះ។

មក​ទល់​នឹង​ពេល​នេះ សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​អតីត​តំណាង​សហគមន៍​ខេត្ត​កោះកុង អ្នកស្រី ឆាយ វី ដើម្បី​បំភ្លឺ​ពី​ការ​ចោទប្រកាន់​នេះ​បាន​នៅឡើយ​ទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស