អ្នកសង្កេតការណ៍ជាច្រើនលើកឡើងថា ទោះបីការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីចេញពីបក្សក៏ដោយ ប៉ុន្តែការសម្រេចនេះត្រូវតែធ្វើឡើងតាមសំឡេងភាគច្រើន។
ការលើកឡើងនេះ ស្របពេលដែលអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចេញលិខិតមួយកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
លិខិតរបស់លោក ស ខេង សរសេរថា រូបលោកគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាប្រធាន ហើយការជ្រើសរើសបេក្ខភាពជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត គឺលោកគោរព និងគាំទ្រចំពោះសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែបើតាមខ្លឹមសារលិខិតរបស់លោក ស ខេង នោះ ហាក់មិនបានបង្ហាញ និងឆ្លុះបញ្ចាំងថា រូបលោកគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនោះទេ ដោយសារលោកគោរព និងគាំទ្រតែសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។

ទោះជាបែបនេះក្តី មន្ត្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា រឿងជ្រើសបេក្ខជននាយករដ្ឋមន្ត្រីខុសពីការតែងតាំង។ លោកបន្តថា សម្រាប់បេក្ខជនជានាយករដ្ឋមន្ត្រី ត្រូវជ្រើសរើសដោយការបោះឆ្នោតជាសកល ដើម្បីក្លាយជានាយករដ្ឋមន្ត្រីប្រចាំប្រទេស ហើយបេក្ខជនត្រូវជ្រើសដោយថ្នាក់ដឹកនាំបក្សសាមី ដើម្បីប្រកួតប្រជែងជាមួយបេក្ខជននៃបក្សផ្សេង។ ចំណែកនៅក្នុងគណបក្សវិញ លោកថាក៏ត្រូវជ្រើសដោយថ្នាក់ដឹកនាំបក្សតាមសំឡេងភាគច្រើន ប៉ុន្តែមិនចាំបាច់មានការសម្រេច ឬគាំទ្រអនុញ្ញាតពីគណបក្សផ្សេងៗនោះដែរ។
លោក កន សាវាង្ស បញ្ជក់ថា រវាងបេក្ខជននាយករដ្ឋមន្ត្រីចេញពីគណបក្ស និងចេញពីការបោះឆ្នោតសម្រាប់ប្រទេស។
កាលពីថ្ងៃទី២ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា លោកនឹងគាំទ្រកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីស្នងតំណែងពីលោក តាមរយៈការបោះឆ្នោតនៅក្នុងផ្ទៃក្នុងបក្ស។
ក្រោយពីមានការប្រកាសរបស់លោក ហ៊ុន សែន គេឃើញសារនយោបាយ និងញត្តិគាំទ្រចេញពីស្ថាប័នរដ្ឋ ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល នគរបាល និងកងរាជអាវុធហត្ថ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដែលបង្ហាញពីការគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី។
លោក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នកំពុងកាន់តួនាទីជាច្រើនក្នុងជួរកងទ័ព ក្នុងនោះតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងនៃកងអង្គរក្សរបស់នាយករដ្ឋមន្ត្រី។ នៅក្នុងគណបក្សប្រជាជនកម្ពុជាវិញ លោកជាសមាជិកគណៈអចិន្ត្រៃយ៍ដែលត្រូវបានអង្គការចាត់តាំងកំពូលរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសមាជិកតែជិត ៤០នាក់ ហើយលោកជាប្រធានយុវជនថ្នាក់កណ្តាល ដែលជាតំណែងខ្ពស់បំផុតនេះក្នុងការគ្រប់គ្រងយុវជនគណបក្សប្រជាជនកម្ពុជា។

អ្នកវិភាគនយោបាយ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បានថ្លែងនៅក្នុងកម្មវិធី Idea Talk របស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី កាលពីយប់ថ្ងៃទី៧ ខែធ្នូ ថា លោក ហ៊ុន សែន ដកថយរកការសម្របសម្រួលផ្ទៃក្នុងសិនក្នុងការតែងតាំងកូនប្រុសរបស់គាត់ជានាយករដ្ឋមន្ត្រី ដោយបច្ចុប្បន្ន លោក ហ៊ុន សែន កំពុងព្យាយាមបញ្ចុះបញ្ចូលមនុស្សសំខាន់ៗក្រោយពេលលោកស្ទង់ដឹងថា អ្នកគាំទ្រលោក ហ៊ុន ម៉ាណែត មិនមានច្រើនទេនោះ។
លោក គឹម សុខ បន្តថា ការដែលដឹងមុនថាអ្នកគាំទ្រកូនប្រុសរបស់លោកមិនច្រើនបែបនេះ ទើបលោក ហ៊ុន សែន ប្រកាសជាសាធារណៈដើម្បីគំរាមភាគីផ្សេងទៀត ត្រូវតែសម្របសម្រួលជាមួយលោកក្នុងការរៀបចំរចនាសម្ព័ន្ធដឹកនាំបន្តវេននៃគណបក្សប្រជាជនកម្ពុជា។ លោក គឹម សុខ បន្តថា លោក ស ខេង បានចេញលិខិតមួយពាក់ព័ន្ធនឹងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីក៏ពិតមែន តែការចេញលិខិតនេះធ្វើឡើងបន្ទាប់ពីលោក ស ខេង និងលោក ហ៊ុន សែន បានជួបជជែកគ្នាបន្ធូរភាពតានតឹង។
លោក គឹម សុខ បន្តថា បច្ចុប្បន្ន លោក ហ៊ុន សែន បានដាក់គោលដៅគំរាមកំហែងជាចំហ ដែលធ្វើឱ្យមន្ត្រីធំៗដែលមិនពេញចិត្តចំពោះការប្រកាសបែបនេះ ក៏ត្រូវបង្ខំចិត្តចេញលិខិតគាំទ្រជាបន្តបន្ទាប់ដែរ ខណៈលោក ហ៊ុន សែន បានប្រកាសហើយថា លោកបានដឹងសញ្ញាអ្នកទាំងនោះអស់ហើយ ទាំងអ្នកខាងក្នុង ទាំងអ្នកខាងក្រៅ។

ក្រៅពីប្រកាសឱ្យកូនច្បងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅក្នុងពិធីសម្ពោធផ្លូវក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី២ ខែធ្នូ នោះ លោក ហ៊ុន សែន ដែលជាបុរសខ្លាំងនៅកម្ពុជា ហើយក្រាញអំណាចយូរជាងគេនៅក្នុងពិភពលោករូបនេះ ក៏បានគំរាមមិនឱ្យអនុប្រធានគណបក្សកាន់អំណាច លោក ស ខេង ឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជាបន្ទាប់ពីលោកដែរ។
អ្នកសង្កេតការណ៍ខ្លះធ្លាប់អះអាងថា កុំថាឡើយលោក ស ខេង សូម្បីកន្លងមកទូរទស្សន៍ និងវិទ្យុរបស់កូនប្រុសលោក ស ខេង គឺលោក ស សុខា ដែលបើកបានប្រហែល ១ខែ ក៏ត្រូវបានលោក ហ៊ុន សែន បិទមិនឱ្យដំណើរការរហូតមកដល់បច្ចុប្បន្ននេះដែរ៕