32 C
Phnom Penh

ជំនួប​កំពូល​មេដឹកនាំ​អាមេរិក និង​រុស្ស៊ី បាន​លទ្ធផល​តិចតួច​បំផុត​អំពី​អនាគត​អ៊ុយក្រែន

បទវិភាគ

ជំនួប​កំពូល​រវាង​ប្រធានាធិបតី​នៃ​ប្រទេស​មហាអំណាច​ពីរ បាន​បិទ​បញ្ចប់​ដោយ​មាន​លទ្ធផល​តិចតួច​បំផុត នាំ​ឲ្យ​អនាគត​អ៊ុយក្រែន​មិន​ច្បាស់លាស់ ថា​តើ​អាច​គេច​ផុត​ឬ​ទេ​ពី​ការ​លើក​ទ័ព​ចូល​លុកលុយ​ពី​សំណាក់​កងទ័ព​រុស្ស៊ី។

សារព័ត៌មាន​អង់គ្លេស Independent បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា ជំនួប​កំពូល​នេះ​ម្នាក់​នៅ​ក្រុង​វ៉ាស៊ីនតោន ម្នាក់​ទៀត​នៅ​ក្រុង​មូស្គូ។ ទាំង​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន និង​សម​ភាគី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​សន្ទនា​គ្នា​តាម​វីដេអូ Online។ ប្រធានបទ​ដែល​នាំ​ឱ្យ​ក្ដៅ​គគុក​មាន​តែ​មួយ​គត់ គឺ​អំពី​ស្ថានការណ៍​នៅ​តាម​ព្រំដែន​រុស្ស៊ី និង​អ៊ុយក្រែន ដែល​កងទ័ព​រុស្ស៊ី និង​អ៊ុយក្រែន កំពុង​ប្រឈម​មុខ​ដាក់​គ្នា។

បើ​តាម​សេចក្ដី​រាយការណ៍ កងទ័ព​រុស្ស៊ី​បង្កើន​នៅ​តាម​ព្រំដែន​ជាប់​នឹង​នៅ​អ៊ុយក្រែន មាន​រហូត​ដល់​ទៅ ១៧​ម៉ឺន ៥​ពាន់​នាក់ ហើយ​សព្វាវុធ​ទំនើបៗ​របស់​រុស្ស៊ី មក​កៀក​នឹង​អ៊ុយក្រែន​ទាំងអស់​មាន​ដូចជា​កាំជ្រួច S-400 ជាដើម។ មិន​តែប៉ុណ្ណោះ រុស្ស៊ី​ព្រមាន​អ៊ុយក្រែន ថា កាំជ្រួច​ល្បឿន​លឿន​ជាង​សំឡេង​អាច​បាញ់​ទៅដល់​ទីក្រុង​គៀវ នៃ​រដ្ឋធានី​អ៊ុយក្រែន ដោយ​ប្រើ​រយៈពេល​តែ ៥​នាទី​ប៉ុណ្ណោះ។

ចំណែក​ឯ​អ៊ុយក្រែន វិញ ក៏​បាន​បង្កើន​ចំនួន​កងទ័ព​រហូត​ដល់​ជិត ១៥​ម៉ឺន​នាក់ ហើយ​សព្វាវុធ​ដែល​ភាគច្រើន​ជា​របស់​អតីត​សហភាព​សូវៀត បាន​ទៅ​ដាក់​ពង្រាយ​ទល់​មុខ​នឹង​កងទ័ព​របស់​រុស្ស៊ី ជាពិសេស​នៅ​តំបន់​ដុនបាស ជា​តំបន់​ដែល​រុស្ស៊ី​មាន​ផែនការ​ចង់​ដណ្ដើម​កាន់កាប់។

អ្វី​ដែល​នាំ​ឱ្យ​ប្រធានាធិបតី​អាមេរិក​សម្រេច​បើក​ជំនួប​កំពូល​ជាមួយ​នឹង​វិមាន​ក្រឹមឡាំង លោក វ្លាឌីមៀ ពូទីន គឺ​អាមេរិក​ក្នុង​នាម​មហាអំណាច​មួយ និង​ក្នុង​នាម​អង្គការ​យោធា​ណាតូ ដែល​មិន​ចង់​ឃើញ​រុស្ស៊ី លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន​នោះ​ទេ។ តែ​យ៉ាងណា ការ​ដែល​រុស្ស៊ី​បញ្ចេញ​កងទ័ព​របស់​ខ្លួន​ដូចនេះ ដោយសារ​រុស្ស៊ី​ប្រឆាំង​នូវ​អ្វី​ដែល​គេ​ហៅថា អ៊ុយក្រែន​អនាគត​ក្លាយ​ជា​សមាជិក​ទី​៣១ របស់​អង្គការ​យោធា​ណាតូ ហើយ​រុស្ស៊ី​ប្រឆាំង​ដាច់ខាត​ការ​ដែល​អង្គការ​ណាតូ ដាក់​ពង្រាយ​កងទ័ព និង​សព្វាវុធ​របស់​ខ្លួន​ជាប់​នឹង​ព្រំដែន​ប្រទេស​រុស្ស៊ី។

ក្នុង​ជំនួប​ដែល​ត្រូវ​បាន​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ជាច្រើន​បាន​រាយការណ៍​ថា​ប្រព្រឹត្ត​ទៅ​ជាង ២​ម៉ោង​បន្តិច គឺ​បាន​ត្រឹមតែ​គំរាម​គ្នា​ទៅវិញ​ទៅមក​ប៉ុណ្ណោះ។ តាម​ការ​ផ្ដល់​ព័ត៌មាន​ដោយ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក Jake Sulivan ភាគី​ទាំង​ពីរ​បាន​ត្រឹមតែ​ទទួលស្គាល់​នូវ​ការ​គំរាម​គ្នា​ទៅវិញ​ទៅមក​តែប៉ុណ្ណោះ។

អ្នក​នាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​គំរាម​លោក ពូទីន ថា បើ​កងទ័ព​រុស្ស៊ី​ប៉ះទង្គិច​ប្រដាប់​អាវុធ ឬ​ក៏​ដណ្ដើម​កាន់កាប់​ផ្នែក​ណា​មួយ​នៃ​ទឹកដី​អ៊ុយក្រែន គឺ​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​មាន​វិធានការ​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​រុស្ស៊ី។

យ៉ាងណា អ្នក​នាំពាក្យ​រូប​នេះ​គ្រាន់តែ​បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​ថា វិធានការ​មាន​ដូចជា​ការ​ផ្ដាច់​បំពង់​បង្ហូរ​ឧស្ម័ន​ដែល​ឆ្លងកាត់​ប្រទេស​សម្ពន្ធភាព​អាមេរិក​មួយ​ចំនួន​មក​ចូល​អឺរ៉ុប។ អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​ទៀត​ថា សហរដ្ឋ​អាមេរិក​អាច​ធ្វើ​បាន​ដូចនេះ ព្រោះ​ប្រទេស​ទាំងនេះ​ក៏​យល់ព្រម​នឹង​វិធានការ​ដូចនេះ​ដែរ។ មួយ​វិញ​ទៀត សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា បើ​ទោះ​ជា​អ៊ុយក្រែន មិន​អាច​ក្លាយ​ជា​សមាជិក​ណាតូ​ក៏ដោយ ប៉ុន្តែ​រុស្ស៊ី​មិន​ត្រូវ​គាបសង្កត់​អ៊ុយក្រែន​ដាច់ខាត ហើយ​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​ការ​ឧបត្ថម្ភ​សព្វាវុធ ឬ​ក៏​កងទ័ព​ជួយ​កម្លាំង​ឧទ្ទាម​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ុយក្រែន​នៅ​តំបន់​ណា​មួយ​នៃ​ទឹកដី​អ៊ុយក្រែន។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ទៀត​ថា ជំហរ​របស់​អាមេរិក និង​សម្ពន្ធភាព​នៅ​ក្នុង​អង្គការ​យោធា​ណាតូ គឺ​មាន​ជំហរ​រឹងមាំ​ដូច​គ្នា ដោយ​មិន​ចង់​ឃើញ​អ៊ុយក្រែន​ត្រូវ​បាន​លុកលុយ​ដោយ​កងទ័ព​រុស្ស៊ី​នោះ​ទេ។

យ៉ាងណា ចំពោះ​លោក ពូទីន វិញ ក៏​គំរាម​លោក បៃដិន ផង​ដែរ។ ទីភ្នាក់ងារ​សារព័ត៌មាន​របស់​រុស្ស៊ី ដូចជា RT, Sputnik និង Tass ជាដើម បាន​ស្រង់​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​រុស្ស៊ី មក​ចុះផ្សាយ​ថា លោក​ប្រធានាធិបតី ពូទីន ក៏​បាន​ព្រមាន​សហរដ្ឋ​អាមេរិក​ផង​ដែរ។ លោក ពូទីន ព្រមាន​ថា បើ​អ៊ុយក្រែន​ក្លាយ​ជា​សមាជិក​ណាតូ គឺ​រុស្ស៊ី​ប្រឆាំង​ដាច់ខាត។ លោក​ថែមទាំង​ព្រមាន​មិន​ឱ្យ​ទ័ព​ណាតូ និង​សព្វាវុធ​របស់​ណាតូ មក​ដាក់​ជិត​ព្រំដែន​រុស្ស៊ី​ដាច់ខាត​ដែរ។

លោក​បន្ត​ថា រុស្ស៊ី​មាន​សិទ្ធិ​ក្នុង​ការ​ការពារ​ដែន​អធិបតេយ្យ​របស់​ខ្លួន។ តែ​យ៉ាងណា លោក ពូទីន អះអាង​ថា រុស្ស៊ី​ពុំ​មាន​ផែនការ​លុកលុយ​អ៊ុយក្រែន​ដូច​សារព័ត៌មាន​អាមេរិក និង​លោក​ខាងលិច​ចុះផ្សាយ​នោះ​ទេ លើកលែងតែ​អ៊ុយក្រែន​ធ្វើ​សកម្មភាព​ណា​មួយ​រំលោភបំពាន និង​ប៉ះពាល់​ដល់​អធិបតេយ្យភាព​រុស្ស៊ី។ ប៉ុន្តែ​នៅ​ពេល​ដែល​លោក បៃដិន សួរ​ថា តើ​រុស្ស៊ី​មាន​វត្តមាន​កងទ័ព​នៅ​ក្នុង​តំបន់​ដុនបាស ដែរ​ឬ​ទេ? លោក ពូទីន អះអាង​ថា​ពុំ​មាន​នោះ​ទេ។

ជា​ចុង​បញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​នេះ សហរដ្ឋ​អាមេរិក​រំពឹង​ថា រុស្ស៊ី​នឹង​បន្ធូរបន្ថយ​សកម្មភាព​យោធា​នៅ​ជាប់​ព្រំដែន​អ៊ុយក្រែន ហើយ​ធ្វើ​ឱ្យ​ស្ថានការណ៍​វិល​ទៅ​រក​ប្រក្រតី​វិញ ដោយ​អាមេរិក​នៅតែ​តាមដាន​ជាប់​ជានិច្ច។

ទោះបី​ជំនួប​កំពូល​កើតឡើង​ដូចនេះ​ក៏ដោយ មក​ដល់​ពេលនេះ ស្ថានការណ៍​យោធា​នៅ​តាម​ព្រំដែន​រវាង​អ៊ុយក្រែន និង​រុស្ស៊ី នៅតែ​ក្ដី​គគុក​នៅឡើយ។ កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​នេះ​ត្រូវ​បាន​រាយការណ៍​ថា​មិនទាន់​ដក​ចេញពី​ចំណុច​ប្រឈម​មុខ​ដាក់​គ្នា​នោះ​ទេ។

ក្រោយ​ពី​បិទ​បញ្ចប់​ជំនួប​កំពូល​នេះ លោក បៃដិន បាន​លើក​ទូរស័ព្ទ​ភ្លាមៗ​ទៅកាន់​សម្ពន្ធភាព​ណាតូ គឺ​ទៅ​កាន់​មេដឹកនាំ​ប្រទេស​បី​ធំៗ គឺ​បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ដោយ​បញ្ជាក់​ប្រាប់​ពី​លទ្ធផល និង​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​រុស្ស៊ី ធ្វើ​សកម្មភាព​យោធា​ឡោម​ព័ន្ធ​អ៊ុយក្រែន៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស