29 C
Phnom Penh

គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បើក​សន្និបាត​បក្ស​ថ្នាក់​ជាតិ​ដើម្បី​អនុម័ត​សម្រេច​បេក្ខភាព​អ្នក​បន្ត​វេន​នៅ​ចុង​ខែ​ធ្នូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​យោធា​វៀតណាម​លើក​បន្តុប និង​ក្រាញ​អំណាច​ត​ត្រកូល លោក ហ៊ុន សែន អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បើក​សន្និបាត​គណបក្ស​ថ្នាក់​ជាតិ ដើម្បី​អនុម័ត​សម្រេច​លើ​បេក្ខភាព​បន្ត​វេន​របស់​គណបក្ស និង​ក្បាលម៉ាស៊ីន​គណៈរដ្ឋមន្ត្រី​របស់​ខ្លួន​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ។

អតីត​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ​អះអាង​ក្នុង​ពិធី​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​ថា សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​កាន់​អំណាច ត្រូវ​ត្រៀម​ខ្លួន​ចូលរួម​សន្និបាត​គណៈកម្មាធិការ​កណ្តាល ដើម្បី​អនុម័ត​សម្រេច​កិច្ចការ​ធំៗ​របស់​គណបក្ស ក្នុង​នោះ​ក៏​នឹង​ត្រូវ​សម្រេច​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​វេន​បន្ទាប់ពី​រូបលោក​ផង​ដែរ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ។

កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ លោក ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ប៉ុន្តែ​លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ប្រកាស​គាំទ្រ​នេះ​មិនមែន​ជា​ការ​ប្រកាស​របស់​គណបក្ស​នោះ​ទេ គ្រាន់តែ​ជា​ការ​បញ្ជាក់​ជំហរ​របស់​លោក​ម្នាក់​ឯង​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប៉ុណ្ណោះ។

ការ​ប្រកាស​បើក​សន្និបាត​បក្ស​កាន់​អំណាច​នេះ ធ្វើឡើង​បន្ទាប់ពី​អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង ចេញ​លិខិត​ប្រកាស​គាំទ្រ​បេក្ខភាព​លោក ហ៊ុន ម៉ាណែត កាលពី​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​គាំទ្រ​របស់​លោក ស ខេង នេះ​ហាក់​បង្ហាញ​ភាព​អល់អែក ហើយ​ត្រូវ​មើលឃើញ​ថា ធ្វើឡើង​ក្រោយ​ការ​គំរាមកំហែង​ពី​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ ធ្នូ នេះ​ថា លោក ហ៊ុន សែន មាន​ការ​ភ័យ​ព្រួយ​យ៉ាង​ខ្លាំង​ថា តើ​ត្រូវ​ផ្ទេរ​អំណាច​ឱ្យ​កូនប្រុស​របស់​លោក​ក្នុង​ពេល​ឆាប់ៗ​នេះ ឬ​ក៏​ត្រូវ​ពន្យារ​ពេល​បន្ត​ទៀត ដើម្បី​ធានា​ថា​ការ​ផ្ទេរ​អំណាច​នោះ​មាន​សុវត្ថិភាព មិន​ប៉ះពាល់​ដល់​គ្រឹះ​អំណាច​របស់​លោក​ដែល​ខំ​កសាង​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ។

លោក គឹម សុខ អះអាង​ថា ការ​ទាមទារ​ឱ្យ​មាន​ការ​ធានា​ពី​គណបក្ស​បែប​នេះ គឺ​ដើម្បី​ឱ្យ​លោក ហ៊ុន សែន ខ្លួនឯង​កាន់តែ​មាន​ទំនុក​ចិត្ត ព្រោះ​ថា​ក្រោយ​ពី​លោក ហ៊ុន សែន ប្រកាស​ស្ទង់មតិ​រួច​មក ផ្ទៃក្នុង​គណបក្ស​កាន់​អំណាច​មិន​មាន​ការ​យល់​គ្នា​យ៉ាង​ខ្លាំង អំពី​ភាព​មិន​ច្បាស់លាស់​នៃ​អនាគត​អ្នក​ជំនាន់​ក្រោយ​ពី​ក្រុម​ផ្សេងៗ​ទៀត​ក្នុង​គណបក្ស​នោះ ដែល​អាច​ឈាន​ទៅ​រក​ការ​ផ្ទុះ​សង្គ្រាម​ដណ្ដើម​កន្លែង​កាន់កាប់​អំណាច​រៀងៗ​ខ្លួន​របស់​ពួកគេ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ទប់ស្កាត់​ការ​ជ្រួលជ្រើម​នៅ​ផ្ទៃក្នុង​បក្ស​របស់​ខ្លួន លោក ហ៊ុន សែន ត្រូវ​ប្រើ​វិធី​បង្ខំ​ឲ្យ​គណបក្ស​របស់​ខ្លួន​សម្រេច​តាម​បំណង​របស់​គាត់ ទទួលយក​លោក ហ៊ុន ម៉ាណែត មួយ​ជំហាន​សិន។

លោក​បន្ត​ថា ការ​ប្រកាស​គាំទ្រ​កូនប្រុស​របស់​គាត់​ជា​សាធារណៈ​កន្លងមក និង​ការ​ប្រកាស​ធ្វើ​សង្គ្រាម​ជាមួយ​អ្នក​មិន​ពេញចិត្ត​នឹង​លោក ហ៊ុន ម៉ាណែត គឺជា​ល្បិច​ចាប់​បង្ខំ​ឱ្យ​គណបក្ស​កាន់​អំណាច​ត្រូវតែ​យល់ព្រម​នឹង​បេក្ខភាព​លោក ហ៊ុន ម៉ាណែត ដែល​លោក​បាន​ជ្រើសរើស ដើម្បី​បិទ​ផ្លូវ​តវ៉ា​របស់​ក្រុម​ផ្សេង​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស