29 C
Phnom Penh

អ្នក​រៀបចំ​កម្មវិធី​ទិវា​សិទ្ធិមនុស្ស ១០​ធ្នូ ប្រគល់​រង្វាន់​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស​និង​សកម្មជន​បរិស្ថាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​សង្គម បរិស្ថាន សិទ្ធិមនុស្ស និង​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ផង​សរុប​ចំនួន ២៧​រូប បាន​ទទួល​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​ឆ្នើម​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ក្នុង​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​ឱកាស​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំ​២០២១ នេះ។

អង្គការ​សង្គម​ស៊ីវិល ៣១​ស្ថាប័ន បាន​រួម​គ្នា​រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៧៣ នៅ​ទីលាន​ប្រជាធិបតេយ្យ ស្ថិត​ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ ក្រោម​ប្រធានបទ ស្ដារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោម​បរិបទ Covid-19 ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ជាង ២០០​នាក់។

ទិវា​សិទ្ធិមនុស្ស​ក្រៅពី​ធ្វើឡើង​នៅ​ទីក្រុង​ភ្នំពេញ ក៏​មាន​ការ​រៀបចំ​ទិវា​នេះ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​ផង​ដែរ។

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​ផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១០ ធ្នូ នេះ​ដែរ​ថា សហគមន៍​ដីធ្លី និង​បរិស្ថាន សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​ក្រុម​សង្គម​ស៊ីវិល​ផ្សេង​ទៀត បាន​ជួបជុំ​គ្នា​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​១១​ផ្សេង​គ្នា ចាប់ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២១។

ប្រភព​ដដែល​បាន​លើកឡើង​ថា បើ​ទោះបីជា​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​រឹតត្បិត​ពី​សំណាក់​អាជ្ញាធរ​ក៏ដោយ ប៉ុន្តែ​ពលរដ្ឋ​ប្រមាណ​ជាង ២៤០០​នាក់ បាន​ចូលរួម​ជាមួយ​គ្នា​នៅ​ក្នុង​វេទិកា​សាធារណៈ កិច្ចពិភាក្សា ការ​ដង្ហែ​ក្បួន និង​ពិធី​សាសនា ដើម្បី​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​គោរព​សិទ្ធិមនុស្ស និង​ដោះស្រាយ​ករណី​រំលោភ​យក​ដីធ្លី​របស់​ពួកគាត់ ដែល​បាន​អូស​បន្លាយ​ពេល​ជាច្រើន​ឆ្នាំ។

ក្រុម​អ្នក​ចូលរួម​ក្នុង​ទិវា​សិទ្ធិមនុស្ស​នៅ​ឆ្នាំ​នេះ ក៏​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទាំងអស់​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់​ឃុំ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស