29 C
Phnom Penh

មន្ត្រី៖ កម្ពុជា​នឹង​បន្ត​ខ្ចី​បុល​គេ​បន្ថែម​ទៀត​ពីព្រោះ​បំណុល​ដែល​កម្ពុជា​មាន​នៅ​ចំនួន​តិច​នៅឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អះអាង​ថា កម្ពុជា​មិនមែន​ជំពាក់​បំណុល​បរទេស ១​ម៉ឺន​លាន​ដុល្លារ​អាមេរិក​ទេ គឺ​ត្រឹមតែ​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ដូច្នេះ​កម្ពុជា​មិន​ស្ថិត​ក្នុង​បំណុល​វណ្ឌ​ក​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​នោះ​ឡើយ។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ផាន់ ផល្លារ បាន​អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​យុទ្ធសាស្ត្រ ស្ដារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការ​រស់នៅ​ជាមួយ​ជំងឺ Covid-19 តាម​គន្លង​ប្រក្រតី​ភាព​ថ្មី នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២១ ថា បំណុល​របស់​កម្ពុជា​សរុប​មាន​ចំនួន​ជាង ៩​ប៊ី​លាន​ដុល្លារ ហើយ​បំណុល​នេះ កម្ពុជា​នៅ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​សង​ត្រឡប់​ទៅវិញ ព្រោះ​ជា​បំណុល​ស្ថិត​ក្នុង​កម្រិត​ទាប​នៅឡើយ។

លោក​បន្ត​ថា តាម​ការ​វាយតម្លៃ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង​ការ​វាយតម្លៃ​របស់​ធនាគារ​ពិភពលោក ព្រមទាំង​ស្ថាប័ន​អន្តរជាតិ​ផ្សេងៗ​ទៀត ដោយ​ធ្វើការ​ប្រៀបធៀប​បំណុល​របស់​កម្ពុជា​ជាមួយ​បណ្ដា​ប្រទេស​ដទៃ បញ្ជាក់​ថា បំណុល​របស់​កម្ពុជា​មាន​កម្រិត​ទាប​ណាស់ ដូច្នេះ​កម្ពុជា​មិន​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​លទ្ធភាព​សង​បំណុល​ទាំងនោះ​ទៅ​បរទេស​វិញ​នោះ​ទេ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​លើកឡើង​ពី​បំណុល​របស់​កម្ពុជា ដែល​កំពុង​បន្ត​កើន​ឡើង ស្រប​ពេល​ដែល​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​នយោបាយ​របស់​ខ្លួន​ជាប់​គាំង​ស្រាយ​មិន​ចេញ​ដូច​សព្វថ្ងៃ​នេះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ដើម​ខែ​តុលា ឆ្នាំ​២០២០ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រកាស​ពី​ការ​បង្កើន​ការ​ខ្ចី​លុយ​ពី​បរទេស​បន្ថែម​ទៀត​សម្រាប់​ឆ្នាំ​២០២០ រហូត​ដល់​ឆ្នាំ​២០២៤។

កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០២០ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​ព្យាករ​ថា៖

  • នៅ​ក្នុង​ឆ្នាំ​២០២០ កម្ពុជា​បាន​បង្កើន​កម្ចី​ពី​បរទេស​ដល់​ទៅ​ជាង ៨,៦​ពាន់​លាន​ដុល្លារ​អាមេរិក
  • ឆ្នាំ​២០២១ បង្កើន​កម្ចី​ដល់​ជាង ១០​ពាន់​លាន​ដុល្លារ
  • ឆ្នាំ​២០២២ នឹង​បង្កើន​ឱ្យ​បាន​ជាង ១១​ពាន់​លាន​ដុល្លារ
  • ឆ្នាំ​២០២៣ នឹង​បង្កើន​កម្ចី​បន្ថែម​ឱ្យ​បាន​ជាង ១២​ពាន់​លាន​ដុល្លារ
  • ហើយ​នៅ​ឆ្នាំ​២០២៤ គ្រោង​បង្កើន​កម្ចី​ឱ្យ​បាន​ជាង ១៣,៩​ពាន់​លាន​ដុល្លារ​អាមេរិក​ផង​ដែរ។

ជុំវិញ​កម្ចី​បរទេស​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា បំណុល​ដែល​កម្ពុជា​នៅ​ជំពាក់​ដៃគូ​បរទេស​បាន​ឡើង​ដល់​កម្រិត​ជិត ៩​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​គិត​ត្រឹម​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០២០ ប៉ុន្តែ​បំណុល​នេះ​ស្ថិត​ក្នុង​កម្រិត​ទាប​នៅឡើយ។

យ៉ាងណាក៏ដោយ វិទ្យាស្ថាន Kiel Institute ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អាល្លឺម៉ង់ កាលពី​ចុង​ឆ្នាំ​២០១៩ បាន​រក​ឃើញ​ថា កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អត្រា​ជំពាក់​បំណុល​ប្រទេស​ចិន​ច្រើន​បំផុត​លំដាប់​ទី​៦ ក្នុង​ចំណោម​ប្រទេស​៥០ លើ​ពិភពលោក ដែល​ជា​បំណុល​មាន​ហានិភ័យ​ការប្រាក់​ខ្ពស់ និង​កង្វះ​តម្លាភាព។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា គិត​ត្រឹម​ដំណាច់​ឆមាស​ទី​១ ឆ្នាំ​២០២១ នេះ កម្ពុជា​ជំពាក់​បំណុល​បរទេស​សរុប​ចំនួន​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​បំណុល​ចិន មាន​ចំនួន ៤៣,៧៨% ខណៈ​បំណុល​ប្រទេស​ផ្សេងៗ​ច្រើន​បំផុត​ត្រឹម ៨,៩១% ប៉ុណ្ណោះ ដោយឡែក​បំណុល​ពហុភាគី​មាន​ចំនួន​ជាង ៣០% ផង​ដែរ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ជំពាក់​លុយ​ចិន​ប្រមាណ ៥​ពាន់​លាន​ផោន ឬ​ជាង ៦​ពាន់​លាន​ដុល្លារ​អាមេរិក ស្មើ​នឹង ២៩,៥% នៃ​ផលិតផល​ក្នុង​ប្រទេស​សរុប (ដែល​ហៅ​កាត់​ថា GDP) ហើយ​ជា​ភាគរយ​ដែល​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ចំណោម​ប្រទេស​ចំនួន​៣០ ដែល​ជំពាក់​លុយ​ចិន៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស