មន្ត្រីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា កម្ពុជាមិនមែនជំពាក់បំណុលបរទេស ១ម៉ឺនលានដុល្លារអាមេរិកទេ គឺត្រឹមតែជាង ៩ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ដូច្នេះកម្ពុជាមិនស្ថិតក្នុងបំណុលវណ្ឌកដូចបណ្ដាប្រទេសមួយចំនួនលើពិភពលោកនោះឡើយ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ផាន់ ផល្លារ បានអះអាងក្នុងសន្និសីទសារព័ត៌មានស្ដីពីយុទ្ធសាស្ត្រ ស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយជំងឺ Covid-19 តាមគន្លងប្រក្រតីភាពថ្មី នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ថា បំណុលរបស់កម្ពុជាសរុបមានចំនួនជាង ៩ប៊ីលានដុល្លារ ហើយបំណុលនេះ កម្ពុជានៅមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងត្រឡប់ទៅវិញ ព្រោះជាបំណុលស្ថិតក្នុងកម្រិតទាបនៅឡើយ។
លោកបន្តថា តាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងការវាយតម្លៃរបស់ធនាគារពិភពលោក ព្រមទាំងស្ថាប័នអន្តរជាតិផ្សេងៗទៀត ដោយធ្វើការប្រៀបធៀបបំណុលរបស់កម្ពុជាជាមួយបណ្ដាប្រទេសដទៃ បញ្ជាក់ថា បំណុលរបស់កម្ពុជាមានកម្រិតទាបណាស់ ដូច្នេះកម្ពុជាមិនមានបញ្ហាពាក់ព័ន្ធនឹងលទ្ធភាពសងបំណុលទាំងនោះទៅបរទេសវិញនោះទេ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមានការលើកឡើងពីបំណុលរបស់កម្ពុជា ដែលកំពុងបន្តកើនឡើង ស្របពេលដែលវិបត្តិសេដ្ឋកិច្ច និងវិបត្តិនយោបាយរបស់ខ្លួនជាប់គាំងស្រាយមិនចេញដូចសព្វថ្ងៃនេះ។
ជុំវិញបញ្ហានេះ កាលពីដើមខែតុលា ឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសពីការបង្កើនការខ្ចីលុយពីបរទេសបន្ថែមទៀតសម្រាប់ឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៤។
កាលពីអំឡុងខែតុលា ឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានព្យាករថា៖
- នៅក្នុងឆ្នាំ២០២០ កម្ពុជាបានបង្កើនកម្ចីពីបរទេសដល់ទៅជាង ៨,៦ពាន់លានដុល្លារអាមេរិក
- ឆ្នាំ២០២១ បង្កើនកម្ចីដល់ជាង ១០ពាន់លានដុល្លារ
- ឆ្នាំ២០២២ នឹងបង្កើនឱ្យបានជាង ១១ពាន់លានដុល្លារ
- ឆ្នាំ២០២៣ នឹងបង្កើនកម្ចីបន្ថែមឱ្យបានជាង ១២ពាន់លានដុល្លារ
- ហើយនៅឆ្នាំ២០២៤ គ្រោងបង្កើនកម្ចីឱ្យបានជាង ១៣,៩ពាន់លានដុល្លារអាមេរិកផងដែរ។
ជុំវិញកម្ចីបរទេសនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញរបាយការណ៍របស់ខ្លួនថា បំណុលដែលកម្ពុជានៅជំពាក់ដៃគូបរទេសបានឡើងដល់កម្រិតជិត ៩ពាន់លានដុល្លារអាមេរិក ហើយគិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែបំណុលនេះស្ថិតក្នុងកម្រិតទាបនៅឡើយ។
យ៉ាងណាក៏ដោយ វិទ្យាស្ថាន Kiel Institute ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ កាលពីចុងឆ្នាំ២០១៩ បានរកឃើញថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាជំពាក់បំណុលប្រទេសចិនច្រើនបំផុតលំដាប់ទី៦ ក្នុងចំណោមប្រទេស៥០ លើពិភពលោក ដែលជាបំណុលមានហានិភ័យការប្រាក់ខ្ពស់ និងកង្វះតម្លាភាព។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានបង្ហាញរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២១ នេះ កម្ពុជាជំពាក់បំណុលបរទេសសរុបចំនួនជាង ៩ពាន់លានដុល្លារអាមេរិក ក្នុងនោះបំណុលចិន មានចំនួន ៤៣,៧៨% ខណៈបំណុលប្រទេសផ្សេងៗច្រើនបំផុតត្រឹម ៨,៩១% ប៉ុណ្ណោះ ដោយឡែកបំណុលពហុភាគីមានចំនួនជាង ៣០% ផងដែរ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានអះអាងថា រដ្ឋាភិបាលកម្ពុជាបានជំពាក់លុយចិនប្រមាណ ៥ពាន់លានផោន ឬជាង ៦ពាន់លានដុល្លារអាមេរិក ស្មើនឹង ២៩,៥% នៃផលិតផលក្នុងប្រទេសសរុប (ដែលហៅកាត់ថា GDP) ហើយជាភាគរយដែលខ្ពស់ជាងគេបង្អស់ក្នុងចំណោមប្រទេសចំនួន៣០ ដែលជំពាក់លុយចិន៕