31 C
Phnom Penh

តុលាការ​ចាប់ផ្តើម​បើក​សវនាការ​សំណុំរឿង​លោក កឹម សុខា នៅ​ដើម​ឆ្នាំ​២០២២ ក្រោយ​ផ្អាក​ប្រមាណ​២​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​នេះ ក្នុង​សំណុំរឿង​បទ​ចោទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស។

សមាសភាព​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៅ​ក្នុង​សវនាការ​នេះ​វិញ​រួម​មាន លោក កូយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ លោក សេង លាង ចៅក្រម​ប្រឹក្សា លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រម​ប្រឹក្សា ហើយ​មាន​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​តំណាង​អយ្យការ​សវនាការ។

លោក ចាន់ ចេន សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា មេធាវី​របស់​លោក កឹម សុខា ចំនួន​បួន​នាក់​នឹង​ចូល​សវនាការ​នា​ពេល​នោះ​ជាមួយ​លោក កឹម សុខា។ មេធាវី​បួន​នាក់​នោះ​រួម​មាន លោក ចាន់ ចេន លោក អាង ឧត្តម លោក ផែង ហេង និង​អ្នកស្រី ម៉េង សុភារី។ លោក ចាន់ ចេន អះអាង​ថា ក្រុម​មេធាវី​របស់​លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ការពារ​កូន​ក្តី​របស់​ពួកគេ​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ខាងមុខ​នេះ។

ក្នុង​ដីកា​កោះហៅ​ចុះ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២១ ដែល​ចេញ​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល បាន​តម្រូវ​ឱ្យ​លោក កឹម សុខា ត្រូវ​ចូលរួម​សវនាការ​ក្នុង​សំណុំរឿង «សន្ទិដ្ឋិភាព​ជាមួយ​បរទេស» នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ ជា​កំហិត។

លោក កឹម សុខា ដែល​រង​ការ​ចោទប្រកាន់​ពី​បទ «ត្រូវរ៉ូវ​ជាមួយ​បរទេស​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល» ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​បើក​ការ​ជំនុំ​ជម្រះ​កាលពី​អំឡុង​ខែ​មករា ឆ្នាំ​២០២០ និង​បាន​បន្ត​នីតិវិធី​រហូត​មក​ដល់​ចុង​ខែ​មីនា ឆ្នាំ​២០២០ ហើយ​សវនាការ​នេះ​ត្រូវ​បាន​តុលាការ​សម្រេច​ផ្អាក​រហូត​មក ក្រោម​ហេតុផល​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ Covid-19។

ក្រោយ​ពី​សវនាការ​បាន​ផ្អាក​នោះ ក្រុម​មេធាវី​របស់​លោក កឹម សុខា បាន​ដាក់​លិខិត​ទៅ​តុលាការ ដើម្បី​ស្នើសុំ​ឱ្យ​បន្ត​នីតិវិធី ប៉ុន្តែ​លិខិត​នោះ​ត្រូវ​បាន​តុលាការ​បដិសេធ​រហូត។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​សរសេរ​នៅ​លើ​ទំព័រ Facebook ដោយ​ចាត់ទុក​សំណុំរឿង​របស់​លោក កឹម សុខា ជា​រឿង​នយោបាយ។

លោក​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ជា​ស្ថាពរ​ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​បញ្ហា​របស់​ជាតិ​រួម​គ្នា និង​បញ្ចប់​បញ្ហា​វិបត្តិ​នានា​នៅ​កម្ពុជា។ លើស​ពី​នេះ លោក​ជំរុញ​ឱ្យ​តុលាការ និង​រដ្ឋាភិបាល ទម្លាក់​ចោល​បទ​ចោទ​ទៅលើ​អ្នក​នយោបាយ​ផ្សេង​ទៀត​ផង​ដែរ។

គិត​មក​ដល់​បច្ចុប្បន្ន​នេះ មាន​រយៈពេល ៤​ឆ្នាំ​មក​ហើយ​ដែល​សេរីភាព​ធ្វើ​នយោបាយ​របស់​លោក កឹម សុខា ត្រូវ​បាន​បាត់បង់​ទាំងស្រុង ចាប់តាំង​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​លោក​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​យក​ទៅ​ដាក់​គុក​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​ប្រទេស​វៀតណាម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស