រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា អាមេរិក និងម៉ាឡេស៊ី បានពិភាក្សាគ្នាអំពីចំណាត់ការមួយចំនួនដើម្បីដាក់សម្ពាធលើរបបយោធាភូមា ឱ្យវិលត្រឡប់ទៅរកគន្លងប្រជាធិបតេយ្យវិញ។
បណ្ដាញផ្សាយព័ត៌មាន Channel News Asia បានចុះផ្សាយថា នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីម៉ាឡេស៊ី លោក Saifuddin Abdullah នៅថ្ងៃពុធ ទី១៥ ខែធ្នូ នេះ លោក Blinken បានកត់សម្គាល់ថា វិបត្តិនៅក្នុងប្រទេសភូមាកាន់តែអាក្រក់ទៅៗរយៈពេល ១០ខែមកហើយ ចាប់តាំងពីរដ្ឋាភិបាលប្រជាធិបតេយ្យត្រូវបានផ្ដួលរំលំដោយពួកយោធានៅថ្ងៃទី១ ខែកុម្ភៈ។
ដោយលើកឡើងអំពីវិធានការផ្សេងៗដែលនឹងបន្តធ្វើឡើងដើម្បីដាក់សម្ពាធលើរបបយោធាភូមា ឱ្យផ្លាស់ប្ដូរទិសដៅរបស់ខ្លួន លោកប្រមុខការទូតអាមេរិកបានបញ្ជាក់ថា មានសារសំខាន់ខ្លាំងណាស់ក្នុងការពិនិត្យមើលវិធានការបន្ថែមទៀតទៅលើរបបសឹកនេះ ឱ្យត្រឡប់ទៅគន្លងប្រជាធិបតេយ្យវិញ។
អាស៊ាន ជាពាក្យកាត់មកពីពាក្យថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ សម្រាប់ប្រទេសភូមា ក៏ជាសមាជិកមួយដែរក្នុងចំណោម ១០ប្រទេស។ អាស៊ាន បានសម្រេចដាក់ចុះនូវផែនការប្រាំចំណុចដែលរបបយោធាក៏បានយល់ព្រម និងចុះហត្ថលេខា ហើយផែនការទាំងនេះចាំបាច់ត្រូវអនុវត្ត។
លោក Blinken អះអាងថា សម្រាប់សហរដ្ឋអាមេរិកកំពុងសម្លឹងមើលថា តើរបបយោធាភូមាអនុវត្តបានទេអំពីផែនការប្រាំចំណុចនេះ ដែលមេដឹកនាំយោធាបានប្ដេជ្ញាចិត្តរួចហើយនៅចំពោះមុខមេដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំពិសេសកាលពីខែមេសា កន្លងទៅនេះ។
ជុំវិញប្រទេសភូមានេះ លោក Blinken បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីការដាក់ទណ្ឌកម្មប្រឆាំងនឹងរបបសឹកភូមា និងការធ្វើទុក្ខបុកម្នេញពីសំណាក់ពួកយោធាទៅលើសហគមន៍រ៉ូហ៊ីងយ៉ា ដែលត្រូវបានចោទថា បានទាញទម្លាក់ទៅក្នុងអំពើប្រល័យពូជសាសន៍។ ចំពោះសំណួរនេះ លោក Blinken បានឆ្លើយថា ទណ្ឌកម្មទៅពួកយោធាត្រូវតែមានដូចគ្នា។
កាលពីចុងខែតុលា អាស៊ានបានបើកកិច្ចប្រជុំកំពូលរបស់ខ្លួន តែពុំមានមេដឹកនាំរបបសឹកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ចូលរួមប្រជុំនោះទេ ព្រោះមេរដ្ឋប្រហាររូបនេះត្រូវបានអាស៊ានដាក់ពិន័យដោយផាត់ចោលមិនឱ្យមានវត្តមានក្នុងកិច្ចប្រជុំកំពូលឡើយ។ ការដាក់ពិន័យនេះ ក៏ព្រោះតែពួកយោធាមិនបានអនុវត្តតាមគោលការណ៍ប្រាំចំណុចរបស់អាស៊ាន។
ចំណែករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី វិញ លោក Saifuddin និយាយថា ការប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹងធ្វើឡើងនៅខែក្រោយ នឹងមានសារសំខាន់ខ្លាំងណាស់ ព្រោះអស់លោករដ្ឋមន្ត្រីគួរតែកំណត់នូវចំណុចសំខាន់ៗពិតប្រាកដ ដើម្បីពិនិត្យអំពីវឌ្ឍនភាពដែលពួកយោធាភូមា បានធ្វើអ្វីខ្លះ ហើយគួរឱ្យវិលមកវិញឬទេ។
ទាក់ទិននឹងគោលការណ៍ ៥ចំណុចរបស់អាស៊ាន លោក Saifuddin ពន្យល់ថា ប្រាំចំណុចនេះកើតចេញពីមតិឯកច្ឆន្ទ Consensus ប៉ុន្តែអ្វីមិនច្បាស់លាស់ដែលធ្វើឲ្យពួកយោធាគេចបាន គឺការមិនបានកំណត់ជាក់លាក់ថា ត្រូវអនុវត្តចាប់ពីថ្ងៃណា ឬពេលណា។ ដូចនេះ អាស៊ានត្រូវបង្ខំឱ្យអនុវត្តនូវចំណុចទាំង៥ នេះ។ លោកបានបន្ថែមថា រឿងភូមានេះសូម្បីតែមេយោធាខ្លួនគេ ក៏បានឯកភាពដែរនូវចំណុចទាំង៥ នេះ។
លោកបន្តថា ករណីរបបយោធា ទោះបីមិនបានអនុវត្តគោលការណ៍ Consensus មែន តែការសម្រេចចិត្តត្រូវបានធ្វើឡើងហើយ គឺមិនឱ្យតំណាងរបបយោធាមកចូលរួមប្រជុំទេ ប៉ុន្តែអាស៊ានក៏មិនចង់ឃើញរឿងនេះកើតឡើងដែរ។
ចំពោះគោលការណ៍មិនជ្រៀតជ្រែកវិញ លោកថាអាស៊ានបានប្រកាន់ភ្ជាប់ហើយ តែវិបត្តិប្រទេសភូមានេះ គឺវាហួសរឿងផ្ទៃក្នុងភូមាទៅហើយ ដូចជាករណីជនភៀសខ្លួនដោយសារការវាយប្រយុទ្ធគ្នា និងករណីសហគមន៍រ៉ូហ៊ីងយ៉ា ដែលបានរត់ភៀសខ្លួនទៅនៅប្រទេសបង់ក្លាដេស និងប្រទេសដទៃទៀតក្នុងតំបន់មានចំនួនជិត ២សែននាក់។ វាពុំមែនជារឿងផ្ទៃក្នុងរបស់ប្រទេសភូមាទេ ប៉ុន្តែវាជារឿងតំបន់។
សហគមន៍រ៉ូហ៊ីងយ៉ា ដែលជាជនជាតិភាគតិចមូស្លីម នៅក្នុងរដ្ឋរ៉ាឃិន ទទួលរងការបៀតបៀនដេញសម្លាប់ដោយយោធាភូមាអស់ជាច្រើនទសវត្សរ៍មកហើយ ជាពិសេសពួកយោធាបង្ក្រាបខ្លាំងក្លាចាប់តាំងពីឆ្នាំ២០១៦។
លោក Saifuddin ក៏បាននិយាយផងដែរថា អាស៊ានត្រូវតែមានភាពបត់បែនក្នុងការស្វែងរកដំណោះស្រាយ ជាជាងប្រើតែគោលការណ៍តែមួយ។ ក្រោយពីបញ្ចប់ទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី លោករដ្ឋមន្ត្រីការបរទេសអាមេរិក Blinken ត្រូវទៅកាន់ប្រទេសថៃ ដែលជាថ្ងៃចុងក្រោយនៃការបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក ៣ប្រទេស នៅតាមបណ្តាប្រទេសនៃសមាគមអាស៊ាន។
នៅក្នុងប្រទេសថៃ គេរំពឹងថាប្រមុខការទូតអាមេរិករូបនេះ ក៏នឹងលើកឡើងអំពីវិបត្តិនៅក្នុងប្រទេសភូមា ជាមួយសមភាគីថៃ របស់លោក គឺដូចនៅប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ផងដែរ។ សម្រាប់អាស៊ាននៅឆ្នាំ២០២២ គឺកម្ពុជា ជាប្រធានអាស៊ាន។
នៅថ្ងៃពុធ ទី១៥ ធ្នូ នេះ ក្នុងវេទិកាមួយនៅរាជធានីភ្នំពេញ លោក ហ៊ុន សែន ក៏បានរំឭកឡើងវិញទៀតអំពីផែនការរបស់លោកទៅកាន់ប្រទេសភូមា ដើម្បីជួបឧត្តមសេនីយ៍ មីន អ៊ុងឡាំង។ លោក ហ៊ុន សែន បានថ្លែងដោយចំអកថា បើមិនឱ្យលោកជួបមេដឹកនាំភូមា មីន អ៊ុងឡាំង តើឲ្យលោកទៅជួបតំណាងរដ្ឋាភិបាលស្រមោល ឬតំណាងទ័ពព្រៃ?
ករណីកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដែលនឹងមកដល់នៅខែក្រោយនេះ កំពុងធ្វើឱ្យប្រទេសមួយចំនួនចោទសួរអំពីសមត្ថភាព និងការប្រកាន់ខ្ជាប់នូវភាពសុចរិតទៀងត្រង់ អព្យាក្រឹតភាពរបស់កម្ពុជា ជាពិសេសបញ្ហាវិបត្តិនៅប្រទេសភូមា និងជម្លោះសមុទ្រចិនខាងត្បូងដែលសមាជិកអាស៊ានចំនួន ៥ប្រទេសកំពុងមានជម្លោះជាមួយចិន៕