41.3 C
Phnom Penh

ប្រវត្តិ​មេ​កុលសម្ព័ន្ធ​ជនជាតិ​ដើម​ព្នង​ជា​មេទ័ព​ខ្លាំង​ដែល​អភិបាល​ខេត្ត​មណ្ឌលគិរី​គ្រោង​សង់​រូបសំណាក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្ត​មណ្ឌលគិរី សាទរ​អភិបាល​ខេត្ត លោក ថង សាវុន ដែល​មាន​គម្រោង​សង់​រូបសំណាក​មេ​កុលសម្ព័ន្ធ​ជនជាតិ​ដើម​ព្នង​ម្នាក់ គឺ​លោក ម្តឹះ ត្រាំងលើង (Mbo Trang Leung) ដែល​ជា​មេទ័ព​ខ្លាំង​ដឹកនាំ​ប្រឆាំង​នឹង​អាណានិគម​បារាំង នៅ​ចន្លោះ​ឆ្នាំ​១៩១១ ដល់​ឆ្នាំ​១៩៥១។

អភិបាល​ខេត្ត​មណ្ឌលគិរី លោក ថង សាវុន បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម Facebook បង្ហាញ​រូបសំណាក​មេ​កុលសម្ព័ន្ធ លោក ម្តឹះ ត្រាំងលើង ជិះ​ដំរី​កាន់​អាវុធ​ធ្វើ​សង្គ្រាម។ រូបសំណាក​នោះ ត្រូវ​បាន​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង ស្នើ​ឲ្យ​មាន​ការ​សាងសង់​ចំ​កណ្តាល​សួនច្បារ​ក្នុង​ក្រុង​សែនមនោរម្យ។

ទីប្រឹក្សា​បណ្ដាញ​ជនជាតិ​ដើម​ភាគតិច​ព្នង លោក គ្រើង តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ក្រុម​របស់​លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​អភិបាល​ខេត្ត​មុនៗ ដើម្បី​សង់​រូបសំណាក​នេះ​ជាង ២០​ឆ្នាំ​មក​ហើយ តែ​គ្មាន​លទ្ធផល​នោះ​ទេ។

លោក​បញ្ជាក់​ថា ជនជាតិ​ដើម​ភាគតិច​ព្នង សប្បាយ​ចិត្ត​នៅ​គ្រា​ដែល​អភិបាល​ខេត្ត​ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី​មាន​គំនិត​សង់​រូបសំណាក​នេះ ព្រោះ​វា​ជា​ការ​បញ្ជាក់​អំពី​អត្តសញ្ញាណ​ប្រវត្តិសាស្ត្រ ភាព​អង់អាច​ក្លាហាន និង​ការ​លះបង់​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព​ពី​អាណានិគម​បារាំង។

លោក​បន្ត​ថា រូបសំណាក​មេ​ទ័ព​ព្រៃ​រូប​នេះ​ផុស​ចំ​កណ្តាល​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ជា​ទឹកដី​ដែល​សម្បូរ​ដោយ​ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ច្រើន​ជាងគេ​ប្រមាណ ៩០%។

រដ្ឋបាល​ខេត្ត​មណ្ឌលគិរី នៅ​មិនទាន់​អាច​បញ្ជាក់​អំពី​ពេលវេលា​ស្ថាបនា​រូបសំណាក​លោក ម្តឹះ ត្រាំងលើង (Mbo Trang Leung) ថ្ងៃ​ណា​នោះ​ទេ ប៉ុន្តែ​មន្ត្រី​សាលាខេត្ត​បង្ហើប​ថា អភិបាល​ខេត្ត​បាន​ស្នើសុំ​សេចក្តី​សម្រេច​ពី​ក្រសួង​មហាផ្ទៃ រួច​ហើយ តែ​នៅ​មិនទាន់​ឆ្លើយតប។

មេ​កុលសម្ព័ន្ធ និង​ជា​មេទ័ព​ខ្លាំង​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង គឺ​លោក ម្តឹះ ត្រាំងលើង មាន​ស្រុក​កំណើត​ក្នុង​ភូមិ​អណ្តូងក្រឡឹង ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី។ លោក​ជា​មេ​ទ័ព​ព្រៃ​ដ៏​ឆ្នើម ដឹកនាំ​ជនជាតិ​ដើម​ព្នង​ជាច្រើន​នាក់​ធ្វើ​ទាហាន​កាន់​អាវុធ​ប្រឆាំង​នឹង​កងទ័ព​បារាំង ដែល​ឈ្លានពាន និង​ធ្វើ​បាប​ពលរដ្ឋ​ស្លូតត្រង់​ក្នុង​ខេត្ត​នេះ​នៅ​ចន្លោះ​ឆ្នាំ​១៩១១ ដល់​ឆ្នាំ​១៩៥១។

ឯកសារ​ស្រាវជ្រាវ​របស់​ជនជាតិ​ដើម​ព្នង បង្ហាញ​ថា លោក ត្រាំងលើង បាន​ងើប​បះបោរ​ប្រឆាំង​នឹង​អាណានិគម​បារាំង ជា​លក្ខណៈ​ការទូត និង​លក្ខណៈ​សង្គ្រាម​ផង ហើយ​លោក​បាន​ដឹកនាំ​ជនជាតិ​ដើម​ភាគតិច​ជាច្រើន​នាក់​ធ្វើជា​ទាហាន​បង្កប់​ក្នុង​ព្រៃ ដើម្បី​វាយឆ្មក់​ប្រឆាំង​នឹង​កងទ័ព​បារាំង។ មេ​កុលសម្ព័ន្ធ​រូប​នេះ​មាន​បំណង​ចង់​លុបបំបាត់​ការ​ជិះជាន់ ការ​សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​យ៉ាង​អយុត្តិធម៌ និង​ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​របស់​ជនជាតិ​ដើម​ភាគតិច។

ឯកសារ​ខ្លះ​សរសេរ​ថា មេទ័ព​ព្នង​រូប​នេះ​បាន​សម្លាប់​មេទ័ព​បារាំង ៣​នាក់ និង​ទាហាន​បារាំង​រាប់​រយ​នាក់​ទៀត ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ពី​អាណានិគម​បារាំង។

តាម​ឯកសារ​ស្រាវជ្រាវ​ដដែល​នេះ បាន​កត់សម្គាល់​ថា មេទ័ព​ព្នង​រូប​នេះ​ចេះ​មន្តវិជ្ជា​កាប់​មិន​មុត​ដុត​មិន​ឆេះ ដែល​ធ្វើ​ឱ្យ​ទាហាន​បារាំង មិន​អាច​យក​ឈ្នះ​លើ​កង​ទាហាន​របស់​លោក​បាន​ឡើយ។ លោក​តែងតែ​ជិះ​ដំរី​ធ្វើ​ចម្បាំង​ដោយ​ប្រើ​អាវុធ​បែប​បុរាណ តាម​របៀប​កុលសម្ព័ន្ធ ដូចជា​កាំបិត ខ្វែវ ស្នា​បាញ់​ព្រួញ លំពែង អន្ទាក់ ដើម្បី​ធ្វើ​សង្គ្រាម​ជាមួយ​បារាំង​នៅ​ចន្លោះ​ឆ្នាំ​១៩១១ ដល់​ឆ្នាំ​១៩៥០។

លោក​មាន​ភរិយា ៧​នាក់ និង​កូន​ជិត ១០​នាក់ ត្រូវ​បាន​ទាហាន​បារាំង សម្លាប់​យ៉ាង​ព្រៃផ្សៃ​ជាមួយ​នឹង​អ្នកភូមិ​ជាច្រើន​នាក់​ទៀត។

ឯកសារ​ដដែល​បញ្ជាក់​ថា នៅ​ចន្លោះ​ឆ្នាំ​១៩១១ ដល់​ឆ្នាំ​១៩៣៥ កងទ័ព​បារាំង បាន​បង្ខំ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ធ្វើ​ផ្លូវ​ដោយ​អត់​អាហារ បើ​ពលរដ្ឋ​ណា​មិនព្រម​ធ្វើ​ការងារ​នេះ​ទេ នឹង​ត្រូវ​ស្លាប់។ រដ្ឋបាល​បារាំង បាន​ហាមប្រាម​មិន​ឱ្យ​ជនជាតិ​ដើម​ព្នង ធ្វើ​ដំណើរ​ឆ្លង​ពី​មួយ​ភូមិ​ទៅ​ភូមិ​មួយ​ទៀត ហើយ​កងទ័ព​បារាំង បាន​ចាប់​យក​ជ្រូក មាន់​ទា និង​គោ​ក្របី​របស់​ជនជាតិ​ដើម ធ្វើជា​អាហារ​បែប​អនាធិបតេយ្យ។

លើស​ពី​នេះ​ទៀត កងទ័ព​បារាំង តែងតែ​ចាប់​រំលោភ​ស្ត្រី ប្រពន្ធ​គេ និង​ស្ត្រី​មេម៉ាយ​នៅ​ក្នុង​ភូមិ​ដោយ​បង្ខំ និង​គំរាមកំហែង។ ទង្វើ​នេះ ធ្វើ​ឱ្យ​មេ​កុលសម្ព័ន្ធ លោក ម្តឹះ ត្រាំងលើង និង​មេទ័ព​អ្នក​ចម្បាំង​ជនជាតិ​ដើម​ភាគតិច​ព្នង​ជាច្រើន​នាក់​ទៀត ខឹងសម្បា​យ៉ាង​ខ្លាំង ហើយ​ប្ដេជ្ញា​ធ្វើ​សង្គ្រាម​ទ័ព​ព្រៃ​ប្រឆាំង​នឹង​យោធា​បារាំង ដោយ​សម្លាប់​មេទ័ព​បារាំង​ម្នាក់​ឈ្មោះ កាទី និង​មេទ័ព​ធំ ២​នាក់​ទៀត។

ឯកសារ​ខ្លះ​ទៀត​បង្ហាញ​ថា មេ​កុលសម្ព័ន្ធ​រូប​នេះ​បាន​យល់ព្រម​ឱ្យ​កងទ័ព​បារាំង សម្លាប់​នៅ​ឆ្នាំ​១៩៥១ ដោយសារ​តែ​លោក​អាណិត​អ្នកភូមិ និង​កូន​ប្រពន្ធ​របស់​ខ្លួន​ត្រូវ​ស្លាប់​ទាំងអស់។ លោក​បាន​ឱ្យ​ទាហាន​បារាំង​ទាញ​ខ្សែ​អំបោះ​ចេញ​ពី​ធ្មេញ​របស់​លោក ហើយ​ក្រោយ​ពេល​ទាញ​ខ្សែ​អំបោះ​នោះ​ចេញ​អស់​ហើយ ទើប​បារាំង​អាច​សម្លាប់​លោក​បាន។

បច្ចុប្បន្ន ផ្នូរ​របស់​លោក ម្តឹះ ត្រាំងលើង កប់​ក្នុង​ដែនដី​កម្ពុជាក្រោម ដែល​សព្វថ្ងៃ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​វៀតណាម។ មេ​កុលសម្ព័ន្ធ​រូប​នេះ ត្រូវ​ប្រជាជន​វៀតណាម សង់​រូបសំណាក​យ៉ាង​ធំ​ដើម្បី​គោរព​បូជា និង​ធ្វើ​បុណ្យ​ជា​រៀងរាល់​ឆ្នាំ។

ឯកសារ​ខ្លះ​ទៀត ឱ្យ​ដឹង​ថា លោក ម្តឹះ ត្រាំងលើង កើត​នៅ​ឆ្នាំ​១៨៧០ ស្លាប់​នៅ​ឆ្នាំ​១៩៥១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស