(រូប​ឯកសារ)៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង។

ច្បាប់

តំណាង​អយ្យការ​ថា​បើ​លោក សម រង្ស៊ី និង​មន្ត្រី​ផ្សេង​លា​សញ្ជាតិ​បរទេស អាច​មក​ចូលរួម​សវនាការ​បាន

By ឌឹ ខេមបូឌា ដេលី

December 17, 2021

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​លើកឡើង​ថា លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេង​ទៀត​អាច​ចូល​មក​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​សវនាការ​នៅ​តុលាការ​បាន បើសិនជា​ពួកគេ​លា​សញ្ជាតិ​អាមេរិក និង​បារាំង។

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ នៅ​ថ្ងៃ​ទី​១៦ ធ្នូ នេះ បាន​បន្ត​បើក​សវនាការ​សំណុំរឿង​មេដឹកនាំ និង​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង ២១​នាក់​ដែល​ជាប់​ចោទ​ពី​បទ «ញុះញង់​យោធិន​មិន​ឱ្យ​ស្ដាប់​បទបញ្ជា» «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​រួម​គំនិត​ក្បត់»។ ក្នុង​ចំណោម​អ្នក​ទាំង ២១​នាក់​នៃ​សំណុំរឿង​នេះ គឺ​សកម្មជន​ចំនួន ១៣​នាក់​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស ខណៈ​ថ្នាក់​ដឹកនាំ​សំខាន់ៗ​ចំនួន ៧​នាក់​ទៀត​កំពុង​នៅ​ក្រៅ​ប្រទេស។

លោក រស់ ពិសិដ្ឋ ឱ្យ​ដឹង​ថា សវនាការ​នៅ​ថ្ងៃ​ទី​១៦ ធ្នូ នេះ ត្រូវ​សួរ​ដេញដោល​លោក សម រង្ស៊ី លោកស្រី ជូឡុង សូមូរ៉ា លោក អេង ឆៃអ៊ាង លោក ហូ វ៉ាន់ លោក នុត រំដួល លោកស្រី មូរ សុខហួរ លោក តុ វ៉ាន់ចាន់ ប៉ុន្តែ​អ្នក​ទាំង ៧​នាក់​អវត្តមាន។

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន និង​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង លោក សំ សុគង់ បាន​ប្រាប់​ទៅ​ចៅក្រម​ថា កន្លងមក​កូនក្ដី​របស់​លោក​មាន​ឆន្ទៈ​មក​ចូលរួម​សវនាការ​នៅ​កម្ពុជា ប៉ុន្តែ​មិន​អាច​ចូល​មក​បាន ដោយសារ​សមត្ថកិច្ច​ដាក់​បម្រាម និង​រារាំង។

ឆ្លើយតប​នឹង​លោក សំ សុគង់ នោះ តំណាង​អយ្យការ​លោក សេង ហៀង បាន​លើកឡើង​ថា សមត្ថកិច្ច​មិន​បាន​ហាមឃាត់ និង​រារាំង​លោក សម រង្ស៊ី និង​មន្ត្រី​ផ្សេង​ទៀត​ដូច​ការ​អះអាង​របស់​មេធាវី​ឡើយ។ លោក​បន្ត​ថា មធ្យោបាយ​មួយ​ដែល​លោក សម រង្ស៊ី និង​អ្នក​ផ្សេង​ទៀត​មក​ចូលរួម​សវនាការ​នៅ​កម្ពុជា​បាន​នោះ គឺ​ត្រូវ​លា​ពី​សញ្ជាតិ​បរទេស ពេល​នោះ​សមត្ថកិច្ច​មិន​រារាំង​ឡើយ។

យ៉ាងណាក៏ដោយ ក្រោយពី​សវនាការ​ប្រហែល​កន្លះ​ម៉ោង​ដោយ​មិន​មាន​វត្តមាន​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​ចូលរួម​នោះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ លោក រស់ ពិសិដ្ឋ បាន​ប្រកាស​បិទ​សវនាការ​ដោយ​នឹង​បន្ត​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ៕