34 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង៖ លោក ហ៊ុន សែន ប្រើ​យុទ្ធសាស្ត្រ​លាប​ធ្យូង​លើ​មុខ​លោក សម រង្ស៊ី និង​លោក កឹម សុខា ឱ្យ​វាយប្រហារ​គ្នា​ឯង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​ដំណើរការ​ឡើងវិញ​បាន​ឬ​អត់ គឺ​អាស្រ័យ​ទៅលើ​ប្រជាពលរដ្ឋ និង​សកម្មជន​នៅ​មូលដ្ឋាន​ទាំងស្រុង ព្រោះ​ថា​នៅ​ពេលនេះ លោក ហ៊ុន សែន បាន​បង្កប់​មនុស្ស​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ និង​លាប​ធ្យូង​លើ​មុខ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ឱ្យ​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក​យ៉ាង​ធ្ងន់ធ្ងរ។

អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​សហគមន៍​អឺរ៉ុប (CNRP-O) លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៥ ធ្នូ ថា នៅ​ពេលនេះ​មន្ត្រី​បក្ស​ប្រឆាំង​វាយប្រហារ​គ្នា​ឯង​ដោយ​ឥត​ត្រាប្រណី និង​យ៉ាង​អាណោចអាធ័ម​ជាទីបំផុត ក្រោម​តំណក់​ទឹកភ្នែក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ស្រេកឃ្លាន​ការ​ផ្លាស់ប្ដូរ និង​ក្រោម​សំឡេង​សើច​ហ៊ោកញ្ជ្រៀវ​ដ៏​ក្អាកក្អាយ​របស់​លោក ហ៊ុន សែន និង​ក្រុម​របស់​គាត់។

អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ លើកឡើង​ថា ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេលនេះ ត្រូវ​បាន​លោក ហ៊ុន សែន ត្រួតត្រា​ផង និង​តាម​កម្ទេច​ផង ក្រោម​រូបភាព​បំផុស​ឲ្យ​អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​នាំគ្នា​ទៅ​បង្កើត​បក្ស​ថ្មីៗ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង​ចំពោះ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពិតប្រាកដ ក្នុង​ការ​ស្ដារ​គណបក្ស​ប្រឆាំង​នេះ​ឡើងវិញ។

លោក ប៉ុន សៅរី បញ្ជាក់​ថា ប្រសិនបើ​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​នៅតែ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រហូត​ដល់​ពេលនេះ ម្ល៉េះ​សម​ពេលនេះ​បក្ស​ប្រឆាំង​អាច​នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​នៅ​មុន​ការ​បោះឆ្នោត​ក្នុង​ពេល​ខាងមុខ​ជាមិនខាន ប៉ុន្តែ​ការ​ចាកចេញ​របស់​ពួកគេ​បាន​បំផ្លាញ​កម្លាំង​រួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផង បំបាក់​ទឹកចិត្ត​ពលរដ្ឋ​ទូទៅ​ដែល​ជា​អ្នកគាំទ្រ​ផង និង​ធ្វើ​ឲ្យ​បែកបាក់​ក្បាលម៉ាស៊ីន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

ការ​អះអាង​របស់​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ គឺ​បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង​ដទៃ​ទៀត​បើក​យុទ្ធនាការ​វាយប្រហារ​គ្នា​ឯង​ទៅវិញ​ទៅមក ដោយ​ទម្លាក់​កំហុស​ដាក់​គ្នា​ពី​ការ​ធ្វើ​ឱ្យ​បែកបាក់​ស្មារតី​រួបរួម​សង្គ្រោះ​ជាតិ​រៀងៗ​ខ្លួន។

កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​អះអាង​ថា សកម្មភាព​នយោបាយ​របស់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី កន្លងមក​មិន​ដែល​ចាត់ទុក​ស្មារតី សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ​នោះ​ទេ ព្រោះ​ថា​សកម្មភាព​ទាំងនេះ​មិន​មាន​ការ​គាំទ្រ​ពី​រូបលោក ហើយ​ក៏​មិន​បាន​គាំទ្រ​នូវ​ជំហរ​របស់​លោក​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ដែរ។

ជុំវិញ​បញ្ហា​នេះ មួយ​ថ្ងៃ​បន្ទាប់ពី​ការ​បដិសេធ​របស់​លោក កឹម សុខា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​បង្ហោះ​រូប​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ត្រូវ​បាន​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី បកស្រាយ​ថា ការ​បង្ហោះ​សារ​នេះ លោក សម រង្ស៊ី ចង់​បង្ហាញ​ថា វាសនា​របស់​លោក កឹម សុខា នឹង​មិន​ខុស​ពី​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នោះ​ឡើយ នៅ​ពេល​ដែល​គ្មាន​លោក សម រង្ស៊ី ជា​ដៃគូ​នយោបាយ​ទៅ​ថ្ងៃ​មុខ។

យ៉ាងណាក៏ដោយ មុន​ការ​ប្រកាស​របស់​លោក កឹម សុខា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ប្រកាស​ជំហរ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ ប៉ុន្តែ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​នៅតែ​អះអាង​ថា ស្មារតី​រួបរួម សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ​ដដែល។

ក្រុម​អ្នក​សង្កេតការណ៍​មើលឃើញ​ថា ការ​ប្រកាស​រក្សា​ស្មារតី​រួបរួម​របស់​លោក សម រង្ស៊ី នេះ គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​កេង​ចំណេញ​នយោបាយ​លើ​លោក កឹម សុខា តែប៉ុណ្ណោះ ព្រោះ​ថា​កន្លងមក អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​តែង​ប្រកាស​បែប​នេះ​ជា​រឿយៗ ប៉ុន្តែ​ក្រោយ​ពី​ប្រកាស​របស់​ខ្លួន លោក សម រង្ស៊ី តែង​អនុវត្ត​ផែនការ​នយោបាយ​ដោយ​រំលោភ​រដ្ឋធម្មនុញ្ញ ដូចជា​ការ​ប្រកាស​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន ការ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​ការ​ប្រកាស​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស ជាដើម។

ប្រភព​ដដែល​អះអាង​ថា ការ​ប្រកាស​ពី​ស្មារតី​រួបរួម ហើយ​ទៅ​ប្រព្រឹត្ត​ទង្វើ​ខុសច្បាប់​បែប​នេះ គឺ​ក្នុង​ចេតនា​ថា បើ​លោក កឹម សុខា មិន​បដិសេធ គឺ​មាន​ន័យ​ស្មើ​នឹង​ចូលរួម​ផែនការ​របស់​គាត់ តែ​បើ​លោក កឹម សុខា បដិសេធ គឺ​មាន​ន័យ​ស្មើ​នឹង​បដិសេធ​ស្មារតី​នៃ​ការ​រួបរួម សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ។ លុះ​ដល់​ចុងក្រោយ មហាជន​នឹង​ថ្កោលទោស​លោក កឹម សុខា ហើយ​លោក សម រង្ស៊ី ក្លាយ​ជា​អ្នក​ប្រមូល​ទ្រព្យ​ធ្វើជា​ពោះម៉ាយ​ស្តុក​ក្នុង​ឆាក​នយោបាយ​របស់​ខ្លួន​បន្ត​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស