ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា លោក សម រង្សី នឹងក្លាយជាអ្នកតស៊ូរកយុត្តិធម៌ដើម្បីគណបក្សសង្គ្រោះជាតិ ខណៈប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រឹមជាអ្នកនយោបាយត្រីក្រឹម ហើយផែនការចង់ក្លាយជាអ្នកនយោបាយមេម៉ាយស្តុក នឹងក្លាយជារឿងអសារបង់ទាំងអស់។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើគណនី Facebook របស់ខ្លួនកាលពីថ្ងៃទី១៦ ធ្នូ ថា ប្រសិនបើតុលាការកាត់ទោសឲ្យលោក កឹម សុខា គ្មានទោសពីបទចោទថា បានរួមគំនិតក្បត់ជាមួយបរទេស ដូច្នេះលោក កឹម សុខា នឹងមានសេរីភាពពេញលេញឡើងវិញ ចំណែកគណបក្សសង្គ្រោះជាតិ ក៏គ្មានកំហុសដែរ ដូច្នេះបក្សប្រឆាំងមួយនេះត្រូវតែរស់ឡើងវិញដោយស្វ័យប្រវត្តិ។
បណ្ឌិត សេង សារី បញ្ជាក់ថា មានវិធីមួយទៀតសម្រាប់លោក កឹម សុខា គឺតុលាការកាត់ក្តីឲ្យគាត់មានទោស ហើយបញ្ជូនទៅឱ្យជាប់ពន្ធនាគារសាជាថ្មីមួយរយៈ បន្ទាប់មកលោក ហ៊ុន សែន នឹងដាក់សំណើស្នើសុំឲ្យព្រះមហាក្សត្រលើកលែងទោសឱ្យមានសេរីភាពឡើងវិញ។ ចំណែកវិធីចុងក្រោយ តុលាការនឹងកាត់ទោសផ្តល់សេរីភាព និងនីតិសម្បទានយោបាយពេញលេញជូនលោក កឹម សុខា ឡើងវិញ តែរក្សាបទចោទឲ្យនៅដដែល។ លោកបន្ថែមថា តាមវិធីខាងលើដែលលោករៀបរាប់នេះ ជាផ្លូវរស់សម្រាប់គណបក្សសង្គ្រោះជាតិ គឺមានពន្លឺតិចតួចណាស់។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះអះអាងថា ក្រោយពីលោក កឹម សុខា មានសេរីភាពឡើងវិញ អាចនឹងត្រូវចូលរួមសម្ពន្ធភាពជាមួយគណបក្សតូចៗ ហើយប្រសិនបើមានការគាំទ្រខ្លះពីប្រជាពលរដ្ឋ គាត់អាចនឹងក្លាយជាដៃគូបង្កើតរដ្ឋាភិបាលទ្វេភាគីជាមួយគណបក្សកាន់អំណាចទៅថ្ងៃមុខផងដែរ ហើយនៅពេលនោះ គណបក្សភ្លើងទៀន នឹងក្លាយជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ក្រោយពីការបោះឆ្នោតឆ្នាំ២០២៣ ជាមិនខាន។
ការអះអាងនេះ ធ្វើឡើងក្នុងចេតនារិះគន់ពីដំណើរជីវិតនយោបាយរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងរងការរឹតត្បិតសេរីភាពនៅពេលនេះ។
សកម្មជនបក្សប្រឆាំង លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ ធ្នូ នេះថា ល្បិចកលចោរស្រែកឱ្យចាប់ចោររបស់បណ្ឌិត សេង សារី កំពុងជួយបិទបាំងទង្វើផិតក្បត់របស់លោក សម រង្ស៊ី ដែលបានគាំទ្រគណបក្សភ្លើងទៀនក្បត់គណបក្សសង្គ្រោះជាតិ និងពលរដ្ឋដែលគាំទ្របក្សប្រឆាំងកន្លះនគរផងដែរ។ ចំណែកការទស្សន៍ទាយពីដំណើរជីវិតនយោបាយរបស់លោក កឹម សុខា គឺជាកលល្បិចស្វាស៊ីបាយយកទៅលាបមាត់ពពែតែប៉ុណ្ណោះ គឺថាអ្នកក្បត់បក្សប្រឆាំង គឺលោក សម រង្ស៊ី តែពួកគេព្យាយាមទម្លាក់កំហុសលើលោក កឹម សុខា ទៅវិញ។
លោក ហ៊ុន កុសល បានលើកឡើងទៀតថា ចេតនាពិតរបស់បណ្ឌិត សេង សារី គ្រាន់តែប្រើវិធីបន្តុះបង្អាប់លោក កឹម សុខា ដើម្បីជួយបើកផ្លូវឲ្យលោក សម រង្ស៊ី បែកចេញពីស្មារតីសង្គ្រោះជាតិដោយគ្មានការថ្កោលទោសពីអ្នកគាំទ្របក្សនេះតែប៉ុណ្ណោះ ហើយការធ្វើបែបនេះ ក៏ជាការបង្ហាញពីការមើលងាយដល់អ្នកគាំទ្របក្សប្រឆាំង ថាពួកគេគាត់មិនដឹងអីផងដែរ។

សកម្មជនបក្សប្រឆាំងរូបនេះបញ្ជាក់ថា នៅពេលនេះ អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានចាត់ទុកគណបក្សភ្លើងទៀនជាផ្ទះរបស់គាត់ទៅហើយ ដូច្នេះមានន័យថា គណបក្សសង្គ្រោះជាតិ មិនមែនជាផ្ទះរបស់គាត់ទៀតទេ។ ប៉ុន្តែការស្រែកថា គាត់នៅតែរក្សាស្មារតីរួបរួមសង្គ្រោះជាតិ គ្រាន់តែជាពាក្យកុហកអ្នកគាំទ្រដើម្បីកេងចំណេញនយោបាយប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា មេដឹកនាំបក្សប្រឆាំងដែលសម្លាប់ស្មារតីគណបក្សសង្គ្រោះជាតិពិតប្រាកដ គឺជាលោក សម រង្ស៊ី តែម្នាក់ប៉ុណ្ណោះ ហើយភស្តុតាងជាក់ស្តែងដែលមិនអាចប្រកែកបាន គឺគាត់បានគាំទ្រឱ្យមានសមាជគណបក្សភ្លើងទៀន កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។
ប្រភពដដែលរិះគន់ថា ចរិតនយោបាយរបស់អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី មិនដែលរក្សាភាពស្មោះត្រង់ជាមួយដៃគូនយោបាយរបស់ខ្លួននោះឡើយ។ ជាក់ស្តែង លោក សម រង្ស៊ី ធ្លាប់ប្រើល្បិចកលសហការជាមួយលោក ហ៊ុន សែន កម្ចាត់សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ចេញពីឆាកនយោបាយនាពេលកន្លងមក ដោយឡែកប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏គាត់ចាត់ទុកជាកូនអុកនយោបាយរបស់ខ្លួនដែរ មិនមែនដៃគូនយោបាយនោះទេ។
អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងប្រចាំទ្វីបអឺរ៉ុប លោក ប៉ុន សៅរី បានអះអាងកាលពីពេលថ្មីៗនេះថា ពេលនេះ លោក ហ៊ុន សែន បានបង្កប់មនុស្សនៅក្នុងគណបក្សសង្គ្រោះជាតិ និងលាបធ្យូងលើមុខរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ឱ្យវាយប្រហារគ្នាទៅវិញទៅមកយ៉ាងធ្ងន់ធ្ងរ ក្រោមតំណក់ទឹកភ្នែករបស់ប្រជាពលរដ្ឋខ្មែរដែលស្រេកឃ្លានការផ្លាស់ប្ដូរ និងក្រោមសំឡេងសើចហ៊ោកញ្ជ្រៀវដ៏ក្អាកក្អាយរបស់លោក ហ៊ុន សែន និងបក្ខពួករបស់គាត់៕