មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​លោក សម រង្ស៊ី

នយោបាយ

អ្នក​ឃ្លាំមើល៖ លោក កឹម សុខា ជា​អ្នក​នយោបាយ​ត្រី​ក្រឹម ចំណែក​លោក សម រង្ស៊ី ជា​អ្នក​តស៊ូ​រក​យុត្តិធម៌​ដើម្បី​បក្ស

By ឌឹ ខេមបូឌា ដេលី

December 18, 2021

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា លោក សម រង្សី នឹង​ក្លាយ​ជា​អ្នក​តស៊ូ​រក​យុត្តិធម៌​ដើម្បី​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រឹម​ជា​អ្នក​នយោបាយ​ត្រី​ក្រឹម ហើយ​ផែនការ​ចង់​ក្លាយ​ជា​អ្នក​នយោបាយ​មេម៉ាយ​ស្តុក នឹង​ក្លាយ​ជា​រឿង​អសារបង់​ទាំងអស់។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ថា ប្រសិនបើ​តុលាការ​កាត់ទោស​ឲ្យ​លោក កឹម សុខា គ្មាន​ទោស​ពី​បទ​ចោទ​ថា បាន​រួម​គំនិត​ក្បត់​ជាមួយ​បរទេស ដូច្នេះ​លោក កឹម សុខា នឹង​មាន​សេរីភាព​ពេញលេញ​ឡើងវិញ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ក៏​គ្មាន​កំហុស​ដែរ ដូច្នេះ​បក្ស​ប្រឆាំង​មួយ​នេះ​ត្រូវតែ​រស់​ឡើងវិញ​ដោយ​ស្វ័យប្រវត្តិ។

បណ្ឌិត សេង សារី បញ្ជាក់​ថា មាន​វិធី​មួយ​ទៀត​សម្រាប់​លោក កឹម សុខា គឺ​តុលាការ​កាត់ក្តី​ឲ្យ​គាត់​មាន​ទោស ហើយ​បញ្ជូន​ទៅ​ឱ្យ​ជាប់​ពន្ធនាគារ​សាជាថ្មី​មួយ​រយៈ បន្ទាប់​មក​លោក ហ៊ុន សែន នឹង​ដាក់​សំណើ​ស្នើសុំ​ឲ្យ​ព្រះមហាក្សត្រ​លើកលែង​ទោស​ឱ្យ​មាន​សេរីភាព​ឡើងវិញ។ ចំណែក​វិធី​ចុងក្រោយ តុលាការ​នឹង​កាត់ទោស​ផ្តល់​សេរីភាព និង​នីតិសម្បទា​នយោបាយ​ពេញលេញ​ជូន​លោក កឹម សុខា ឡើងវិញ តែ​រក្សា​បទ​ចោទ​ឲ្យ​នៅ​ដដែល។ លោក​បន្ថែម​ថា តាម​វិធី​ខាងលើ​ដែល​លោក​រៀបរាប់​នេះ ជា​ផ្លូវ​រស់​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​ពន្លឺ​តិចតួច​ណាស់។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ​អះអាង​ថា ក្រោយពី​លោក កឹម សុខា មាន​សេរីភាព​ឡើងវិញ អាច​នឹង​ត្រូវ​ចូលរួម​សម្ពន្ធភាព​ជាមួយ​គណបក្ស​តូចៗ ហើយ​ប្រសិនបើ​មាន​ការ​គាំទ្រ​ខ្លះ​ពី​ប្រជាពលរដ្ឋ គាត់​អាច​នឹង​ក្លាយ​ជា​ដៃគូ​បង្កើត​រដ្ឋាភិបាល​ទ្វេភាគី​ជាមួយ​គណបក្ស​កាន់​អំណាច​ទៅ​ថ្ងៃ​មុខ​ផង​ដែរ ហើយ​នៅ​ពេល​នោះ គណបក្ស​ភ្លើង​ទៀន នឹង​ក្លាយ​ជា​គណបក្ស​ប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា ក្រោយពី​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ជាមិនខាន។

ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​ចេតនា​រិះគន់​ពី​ដំណើរ​ជីវិត​នយោបាយ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​នៅ​ពេលនេះ។

សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៧ ធ្នូ នេះ​ថា ល្បិចកល​ចោរ​ស្រែក​ឱ្យ​ចាប់​ចោរ​របស់​បណ្ឌិត សេង សារី កំពុង​ជួយ​បិទបាំង​ទង្វើ​ផិត​ក្បត់​របស់​លោក សម រង្ស៊ី ដែល​បាន​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​ក្បត់​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ដែល​គាំទ្រ​បក្ស​ប្រឆាំង​កន្លះ​នគរ​ផង​ដែរ។ ចំណែក​ការ​ទស្សន៍ទាយ​ពី​ដំណើរ​ជីវិត​នយោបាយ​របស់​លោក កឹម សុខា គឺជា​កលល្បិច​ស្វា​ស៊ី​បាយ​យក​ទៅ​លាប​មាត់​ពពែ​តែប៉ុណ្ណោះ គឺ​ថា​អ្នក​ក្បត់​បក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី តែ​ពួកគេ​ព្យាយាម​ទម្លាក់​កំហុស​លើ​លោក កឹម សុខា ទៅវិញ។

លោក ហ៊ុន កុសល បាន​លើកឡើង​ទៀត​ថា ចេតនា​ពិត​របស់​បណ្ឌិត សេង សារី គ្រាន់តែ​ប្រើ​វិធី​បន្តុះបង្អាប់​លោក កឹម សុខា ដើម្បី​ជួយ​បើក​ផ្លូវ​ឲ្យ​លោក សម រង្ស៊ី បែក​ចេញពី​ស្មារតី​សង្គ្រោះ​ជាតិ​ដោយ​គ្មាន​ការ​ថ្កោលទោស​ពី​អ្នក​គាំទ្រ​បក្ស​នេះ​តែប៉ុណ្ណោះ ហើយ​ការ​ធ្វើ​បែប​នេះ ក៏​ជា​ការ​បង្ហាញ​ពី​ការ​មើលងាយ​ដល់​អ្នក​គាំទ្រ​បក្ស​ប្រឆាំង ថា​ពួកគេ​គាត់​មិន​ដឹង​អី​ផង​ដែរ។

អតីត​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា នៅ​ពេលនេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ចាត់ទុក​គណបក្ស​ភ្លើង​ទៀន​ជា​ផ្ទះ​របស់​គាត់​ទៅ​ហើយ ដូច្នេះ​មាន​ន័យ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​មែន​ជា​ផ្ទះ​របស់​គាត់​ទៀត​ទេ។ ប៉ុន្តែ​ការ​ស្រែក​ថា គាត់​នៅតែ​រក្សា​ស្មារតី​រួបរួម​សង្គ្រោះ​ជាតិ គ្រាន់តែ​ជា​ពាក្យ​កុហក​អ្នក​គាំទ្រ​ដើម្បី​កេង​ចំណេញ​នយោបាយ​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​សម្លាប់​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ​ពិតប្រាកដ គឺជា​លោក សម រង្ស៊ី តែ​ម្នាក់​ប៉ុណ្ណោះ ហើយ​ភស្តុតាង​ជាក់ស្តែង​ដែល​មិន​អាច​ប្រកែក​បាន គឺ​គាត់​បាន​គាំទ្រ​ឱ្យ​មាន​សមាជ​គណបក្ស​ភ្លើង​ទៀន កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ​នេះ។

ប្រភព​ដដែល​រិះគន់​ថា ចរិត​នយោបាយ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី មិន​ដែល​រក្សា​ភាព​ស្មោះត្រង់​ជាមួយ​ដៃគូ​នយោបាយ​របស់​ខ្លួន​នោះ​ឡើយ។ ជាក់ស្តែង លោក សម រង្ស៊ី ធ្លាប់​ប្រើ​ល្បិចកល​សហការ​ជាមួយ​លោក ហ៊ុន សែន កម្ចាត់​សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ចេញពី​ឆាក​នយោបាយ​នា​ពេល​កន្លងមក ដោយឡែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​គាត់​ចាត់ទុក​ជា​កូនអុក​នយោបាយ​របស់​ខ្លួន​ដែរ មិនមែន​ដៃគូ​នយោបាយ​នោះ​ទេ។

អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ប្រចាំ​ទ្វីប​អឺរ៉ុប លោក ប៉ុន សៅរី បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពេលនេះ លោក ហ៊ុន សែន បាន​បង្កប់​មនុស្ស​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ និង​លាប​ធ្យូង​លើ​មុខ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ឱ្យ​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក​យ៉ាង​ធ្ងន់ធ្ងរ ក្រោម​តំណក់​ទឹកភ្នែក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ស្រេកឃ្លាន​ការ​ផ្លាស់ប្ដូរ និង​ក្រោម​សំឡេង​សើច​ហ៊ោកញ្ជ្រៀវ​ដ៏​ក្អាកក្អាយ​របស់​លោក ហ៊ុន សែន និង​បក្ខពួក​របស់​គាត់៕