ព្រៃអភិរក្សនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ដែលជាជំនួយអភិរក្សឧបត្ថម្ភដោយតារាភាពយន្ត Hollywood អ្នកស្រី Angelina Jolie កំពុងប្រឈមវិនាសហិនហោចដោយសារសកម្មភាពកាប់ទន្ទ្រានយកដីធ្វើកសិកម្ម និងកាប់ឈើមានតម្លៃធ្វើអាជីវកម្ម ជាដើម។
ពលរដ្ឋរស់នៅស្រុកសំឡូត ខេត្តបាត់ដំបង ថ្លែងសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងនៅថ្ងៃទី១៧ ខែធ្នូ ថា បច្ចុប្បន្ន សកម្មភាពកាប់ឈើមានតម្លៃ និងចលនាកាប់ព្រៃទន្ទ្រានយកដីធ្វើកសិកម្ម នៅតែកើតមានខ្លាំងក្លាក្នុងតំបន់អភិរក្សនេះ។ លោកថា សកម្មភាពកាប់ឈើទ្រង់ទ្រាយធំនេះកើតមានឡើងខ្លាំងនៅរយៈពេល ២ឆ្នាំចុងក្រោយនេះ ដោយមានការបើកដៃពីមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានខេត្តនេះ។
ប្រភពដដែលបានបញ្ជាក់ទៀតថា លោកសង្កេតឃើញស្ទើរជារៀងរាល់យប់ មានកម្មករកាប់ឈើជាច្រើនក្រុម បានកាប់ឈើធំៗ ដូចជា ធ្នង់ ត្រាច់ ផ្ចឹក និងគគីរ ជាដើម ដោយដឹកជញ្ជូនឆ្លងកាត់ស្ទឹងសំឡូត រួចយកទៅលក់ឱ្យឈ្មួញដែលចាំទទួលទិញនៅមូលដ្ឋាន។ លោកបញ្ជាក់ថា ក្រុមអ្នកកាប់ឈើភាគច្រើនជាពលរដ្ឋនៅមូលដ្ឋាន បានបង្ខំចិត្តកាប់ឈើលក់ ដើម្បីយកប្រាក់សងបំណុលធនាគារ។
អ្នកកាប់ឈើម្នាក់បានប្រាប់សារព័ត៌មាន The Cambodia Daily ថា ពួកលោកបានបង្ខំចិត្តកាប់ឈើលក់ដោយសារគ្មានជម្រើស ព្រោះតម្លៃកសិផលដែលពួកគាត់ដាំដុះបាន គឺធ្លាក់ថ្លៃ ធ្វើឱ្យអ្នកភូមិបាក់ទឹកចិត្ត ហើយងាកមកកាប់ឈើចិញ្ចឹមជីវិតវិញ។ លោកថា ឈើធំៗដែលលោកកាប់មួយចំនួនលក់ឱ្យគេសង់ផ្ទះ និងមួយចំនួនលក់ឱ្យឈ្មួញនៅមូលដ្ឋាន។ លោកបញ្ជាក់ថា ក្រុមអ្នកកាប់ឈើ ត្រូវបង់លុយឱ្យមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ទើបអាចចូលព្រៃដឹកឈើ និងកាប់ឈើបាន។

សារព័ត៌មាន The Cambodia Daily មិនអាចសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា និងអភិបាលខេត្តបាត់ដំបង បាននៅឡើយទេ។
អ្នកភូមិថា ស្ទើររៀងរាល់យប់មានសំឡេងរណាយន្តទ្រហឹងពេញព្រៃ ដោយក្រុមអ្នកកាប់ឈើភាគច្រើនបានដឹកទម្លាក់ឈើចូលស្ទឹងសំឡូត រួចដឹកជញ្ជូនឈើចេញក្រៅដោយក្នុងមួយថ្ងៃៗមានឈើមិនក្រោម ៥០ដើម ត្រូវគេកាប់ផ្តួល។ ពលរដ្ឋថា មន្ត្រីឧទ្យានុរក្សមានការយោគយល់ច្រើនចំពោះពលរដ្ឋដោយមិនសូវអនុវត្តច្បាប់ និងខ្វះការយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចការពារព្រៃឈើ។
ព្រៃអភិរក្សនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ជាជំនួយអភិរក្សឧបត្ថម្ភដោយតារាភាពយន្ត Hollywood របស់អាមេរិក នាង Angelina Jolie មានផ្ទៃដី ៦ម៉ឺនហិកតារ កំពុងប្រឈមការបាត់បង់អស់រាប់ពាន់ហិកតារក្នុងមួយឆ្នាំៗ។ បច្ចុប្បន្ន ទំហំព្រៃឈើនៅតំបន់នោះនៅសល់មិនដល់ ៤ម៉ឺនហិកតារនោះទេ ក៏កំពុងប្រឈមការបាត់បង់ឈើមានតម្លៃធំៗ ដោយជំនួសមកវិញនូវដីកសិកម្មគ្រប់គ្រងកម្មសិទ្ធិឯកជន។
អ្នកភូមិបារម្ភថា បទល្មើសព្រៃឈើទាំងនេះប៉ះពាល់ខ្លាំងដល់ជម្រកសត្វព្រៃ រួមមាន ឈ្លូស ទន្សាយ ស្វា ត្រកួត និងអណ្ដើក ហើយសត្វព្រៃកម្រទាំងនោះនឹងផ្លាស់ទីឆ្លងដែនទៅប្រទេសថៃ ប្រសិនបើបទល្មើសកាប់ឈើមិនត្រូវបានបញ្ឈប់៕