28.4 C
Phnom Penh

សហ​មេធាវី​ថា​មាន​ក្រុម​អ្នក​នយោបាយ​បញ្ឆេះ​និង​បញ្ឆោត​យក​ឈ្មោះ​លោក កឹម សុខា ទៅ​ឃោសនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើកឡើង​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ពេលនេះ មាន​ក្រុម​អ្នក​នយោបាយ​បញ្ឆោត និង​ក្រុម​អ្នក​នយោបាយ​បញ្ឆេះ ដែល​កំពុង​តែ​យក​ឈ្មោះ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ទៅ​ឃោសនា​ដើម្បី​បោកប្រាស់​ម្ចាស់​ឆ្នោត។

មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​បក្ស​ប្រឆាំង លោក ចាន់ ចេន បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២០ ធ្នូ នេះ​ថា ក្រុម​អ្នក​នយោបាយ​បញ្ឆោត និង​បញ្ឆេះ​ទាំងនោះ​តែង​វាយប្រហារ ជេរ​ប្រមាថ មួលបង្កាច់ បន្តុះបង្អាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថា​ប្រជាពលរដ្ឋ​លែង​គាំទ្រ​ទៀត​ហើយ សូម្បីតែ​លោក កឹម សុខា ជួប​អង្គទូត​តំណាង​របស់​ប្រទេស​នានា ក៏​ពួកគេ​ថា​ជា​ការងារ​អត់​ប្រយោជន៍​ដែរ។

លោក ចាន់ ចេន រិះគន់​ថា ដោយសារ​ពួកគេ​ចង់​កេង​ចំណេញ​នយោបាយ​ខ្លាំង​ពេក ក្រោយ​ការ​បន្តុះបង្អាប់​លោក កឹម សុខា មិន​បាន​ផល​អ្វី ក៏​នាំគ្នា​កុហក​ពលរដ្ឋ​ខ្មែរ​ថា ពួកគេ​បង្កើត​បក្ស​ដើម្បី​រង់ចាំ​លោក កឹម សុខា ចូលរួម​ដឹកនាំ ពីព្រោះ​ពួកគេ​មិន​បាន​បែក​ចេញពី​លោក កឹម សុខា នោះ​ទេ ហើយ​ពួកគេ​ក៏​ចង់​ជួប​អង្គទូត​នៃ​ប្រទេស​នានា​ដូច​លោក កឹម សុខា ដែរ។

លោក ចាន់ ចេន បញ្ជាក់​ថា ការ​លើកឡើង​របស់​អ្នក​នយោបាយ​ទាំងនោះ ជា​ការ​បង្ហាញ​ថា ពួកគេ​កំពុង​តែ​ទទួលស្គាល់​នូវ​គុណតម្លៃ​របស់​លោក កឹម សុខា ផង​ដែរ។

មេធាវី​ការពារ​ក្តី​រូប​នេះ ចោទ​ជា​សំណួរ​ថា បើ​ពួកគេ​គិត​ថា​លោក កឹម សុខា អស់​ប្រជាប្រិយ​ជា​មេដឹកនាំ​ហើយ​នោះ ហេតុ​អ្វី​ក៏​នៅតែ​យក​ឈ្មោះ​គាត់​ទៅ​ភ្ជាប់​ជាមួយ​ក្រុម​ខ្លួន ដើម្បី​កុហក​ពលរដ្ឋ​បែប​នេះ? ម្យ៉ាង​វិញ​ទៀត បើ​ពួកគេ​រិះគន់​ថា នយោបាយ​ការទូត​របស់​លោក កឹម សុខា ឥតប្រយោជន៍ ហេតុ​អ្វី​ពួកគេ​ចង់​ជួប​តំណាង​អង្គទូត​ទាំងនោះ​ដូច​លោក កឹម សុខា ដែរ?

ការ​រិះគន់​នេះ ធ្វើឡើង​ដើម្បី​ទិតៀន​គណបក្ស​នយោបាយ​មួយ​ចំនួន​ដែល​តែង​កុហក​ភូតភរ​ពលរដ្ឋ ថា​គណបក្ស​របស់​ពួកគេ​មាន​លោក កឹម សុខា នៅ​ពីក្រោយ ឬ​បង្កើត​ឡើង​ដើម្បី​រង់ចាំ​លោក កឹម សុខា មក​ដឹកនាំ ជាដើម។

ប្រធាន​គណបក្ស​កម្ពុជា​និយម លោក យ៉ែម បុញ្ញឫទ្ធិ ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ឈ្មោះ ខ្មែរ​ថាមស៍ (Khmer Times) ថា លោក​ស្វាគមន៍​លោក កឹម សុខា ឲ្យ​ចូលរួម​ជាមួយ​គណបក្ស​របស់​លោក​នៅ​ឆ្នាំ​២០២៣ ខាងមុខ នៅ​ពេល​ដែល​លោក កឹម សុខា អាច​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ឡើងវិញ​ម្តង​ទៀត។

ជុំវិញ​បញ្ហា​ស្រដៀង​គ្នា​នេះ បើ​ទោះជា​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សម្រេច​ចេញ​ទៅ​គាំទ្រ​គណបក្ស​ចាស់​របស់​លោក​វិញ គឺ​បក្ស​ភ្លើង​ទៀន ហើយ​ក៏ដោយ ប៉ុន្តែ​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​នៅតែ​ឃោសនា​ទៅកាន់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ស្មារតី​រួបរួម សម រង្ស៊ី និង កឹម សុខា គឺ​នៅ​ដដែល។

យ៉ាងណាក៏ដោយ កូនស្រី​ច្បង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា ធ្លាប់​បាន​លើកឡើង​ថា ការ​ចោទប្រកាន់​របស់​លោក សម រង្ស៊ី និង​បក្ខពួក​របស់​គាត់​មក​លើ​លោក កឹម សុខា តាំងពី​ឆ្នាំ​២០០៧ រហូត​មក​ដល់​ពេលនេះ គឺ​ក្នុង​បំណង​កាច់​បំបាក់​លោក កឹម សុខា ដោយ​ភាព​ច្រណែន​របស់​លោក សម រង្ស៊ី តែប៉ុណ្ណោះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា លោក កឹម សុខា បាន​ពុះពារ​គ្រប់​ឧបសគ្គ​ជាច្រើន​ដើម្បី​លុបបំបាត់​គំនុំ​ព្យាបាទ​សងសឹក​រវាង​ខ្មែរ​និង​ខ្មែរ រវាង​បុគ្គល​និង​បុគ្គល ដោយ​ការ​ចាប់ផ្តើម​ពី​ខ្លួន​លោក​ផ្ទាល់​ក្នុង​ការ​ធ្វើជា​គំរូ ដើម្បី​សម្របសម្រួល​នយោបាយ​ជាតិ​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​ខ្មែរ​ទាំងមូល​ទៅ​ថ្ងៃ​មុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស