គល់ និង​គំនរ​ឈើ​មូល​ដែល​សហគមន៍​ព្រៃឡង់​ប្រទះឃើញ

ព័ត៌មានជាតិ

សកម្មជន៖ ក្រុមហ៊ុន​វៀតណាម PNT នៅតែ​បន្ត​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ជា​រៀងរាល់​ថ្ងៃ

By ឌឹ ខេមបូឌា ដេលី

December 22, 2021

ក្រុម​សកម្មជន​បរិស្ថាន និង​បណ្ដាញ​សហគមន៍​ព្រៃឡង់ បាន​ឲ្យ​ដឹង​ថា សកម្មភាព​របស់​កម្មករ​ក្រុមហ៊ុន​វៀតណាម​មួយ​ឈ្មោះ PNT មាន​ទីតាំង​នៅ​ក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ កំពុង​តែ​ធ្វើ​សកម្មភាព​កាប់​ឈើ និង​ដឹកជញ្ជូន​ពី​តំបន់​ព្រៃឡង់​ចូល​ទៅ​ក្រុមហ៊ុន​យ៉ាង​សកម្ម​ជា​រៀងរាល់​ថ្ងៃ។

ប្រជា​សហគមន៍​ដែល​បាន​ចុះ​ល្បាត​តំបន់​ព្រៃឡង់ កាលពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុម​កម្មករ​របស់​ក្រុមហ៊ុន​វៀតណាម PNT ទាំងនោះ ពួកគេ​ធ្វើ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ រួច​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​នេះ​តែម្ដង។

ប្រជា​សហគមន៍​លើកឡើង​ថា ឈើ​មាន​តម្លៃ​ជាច្រើន​ប្រភេទ រួម​មាន គគីរ ឈើទាល ស្រឡៅ កកោះ និង​ពពេល ដែល​មាន​មុខកាត់​ចាប់ពី ៣​តឹក​ដល់ ៦​តឹក ប្រវែង ៣​ម៉ែត្រ​ឡើង​ទៅ​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់ កំពុង​ត្រូវ​បាន​កាប់​ផ្តួល​ដើម្បី​ធ្វើ​អាជីវកម្ម​ខុសច្បាប់។

យុវជន ស្រី ទីន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ឲ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន និង​មន្ត្រី​របស់​ក្រសួង​បរិស្ថាន ហាក់បីដូចជា​កំពុង​តែ​សហការ​គ្នា​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់ ដោយ​មន្ត្រី​ទាំងនោះ​មិន​ត្រឹមតែ​មិន​បាន​ទប់ស្កាត់​ក្រុម​អ្នក​កាប់​ឈើ​ប៉ុណ្ណោះ​ទេ តែ​បែរជា​មក​តាមដាន និង​គំរាមកំហែង​អ្នក​ការពារ​ព្រៃឈើ​ទៅវិញ។

លោក​បន្ថែម​ទៀត​ថា ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​មាន ៩​ទីតាំង​ផ្សេង​គ្នា​ដែល​ក្រុម​កម្មករ​ទាំងនោះ​កំពុង​កាប់​រំលំ​ដើមឈើ រួម​មាន​បុស្សរាំង ជ្រាប់ក្បាលដំរី ស្រែកណ្ដាល អូរអាចម៍ដែក ភូមិ​ចាស់ ភ្នំចោទ ប្រាសាទគោល ព្រៃស្រឡៅ និង​ស្រែតាង៉ុត។ លោក​បន្ថែម​ថា តាម​ការ​កត់សម្គាល់ គឺ​សកម្មភាព​ទាំងនោះ​ពួកគេ​ប្រើប្រាស់​គោយន្ត ២៧​គ្រឿង រួម​ទាំង​រថយន្ត​អារ៉េវ សម្រាប់​ដឹក​ឈើហុប​ធំៗ ៣​គ្រឿង​ថែម​ទៀត ហើយ​ក្រុម​កម្មករ​ទាំងនោះ​ធ្វើ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ។

ក្រុមហ៊ុន ភីអ៊ិនធី (PNT Co., Ltd.) ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ​ជិត ៨​ពាន់​ហិកតារ (៧៩០០​ហិកតារ) នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាលពី​ឆ្នាំ​២០១០ ក្រោម​កិច្ចសន្យា​រយៈពេល ៧០​ឆ្នាំ។ ក្រុមហ៊ុន​នេះ​មាន​ម្ចាស់​ជា​ជនជាតិ​វៀតណាម ឈ្មោះ ផាន់ ហួណាម (Phan Huu Nam)។

ក្នុង​កិច្ចសន្យា ក្រុមហ៊ុន​នេះ​វិនិយោគ​ដំណាំ​ខ្លឹមចន្ទន៍ ចន្ទី និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត ប៉ុន្តែ​ប្រជា​សហគមន៍​អះអាង​ថា ក្រុមហ៊ុន​មិន​បាន​ដាំដុះ​តាម​កិច្ចសន្យា​នោះ​ទេ ផ្ទុយទៅវិញ​គឺ​ពួកគេ​បាន​ផ្ដោត​លើ​ការ​កាប់​ឈើ​តែប៉ុណ្ណោះ។

កាលពី​ចុង​ឆ្នាំ​២០២០ ប្រជា​សហគមន៍​ព្រៃឡង់​ប្រទះ​ឃើញ​ឈើ​មូល​ធំៗ​ជាង ៥០០​ដើម​ត្រូវ​គេ​កាប់​ចេញពី​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ និង​ដឹកជញ្ជូន​ចូល​ក្នុង​ការដ្ឋាន​របស់​ក្រុមហ៊ុន PNT ជាបន្តបន្ទាប់ ដើម្បី​អារ​ច្រៀក​ធ្វើ​អាជីវកម្ម៕